សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្ដែងការសោកស្ដាយចំពោះចំណាត់ការបន្ថែមទៀតរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ជុំវិញសំណុំរឿងស្នេហាដ៏ចម្រូងជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។
អ្នកស្រី ម៉េង សុភារី មេធាវីការពារក្ដីលោក កឹម សុខា បានថ្លែងកាលពីសប្ដាហ៍មុនថា តុលាការរាជធានីភ្នំពេញ បានកោះហៅមេដឹកនាំបក្សប្រឆាំងរូបនេះជាថ្មីម្ដងទៀត ឲ្យចូលខ្លួនទៅជម្រះ នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ។
ប៉ុន្តែ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងមកថ្មីៗនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកចំណាត់ការរបស់តុលាការរាជធានីភ្នំពេញ ទៅលើលោក កឹម សុខា គឺជារឿងនយោបាយ។
សមាគមមួយនេះ ក៏បានអំពាវនាវទៅតុលាការ ឲ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើមេដឹកនាំគណបក្សប្រឆាំង ក្នុងនោះមានលោក សម រង្ស៊ី ផងដែរ។
សមាគមថែមទាំងបានអំពាវនាវដល់គណបក្សកាន់អំណាច ឲ្យបញ្ឈប់ការប្រើប្រាស់តុលាការធ្វើជាឧបករណ៍នយោបាយរបស់ខ្លួន ហើយប្រកួតប្រជែងនយោបាយតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។
លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើប៉ុន្មានខែមកហើយ ចាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច កាលពីចុងខែឧសភាកន្លងមក បន្ទាប់ពីលោកបដិសេធចូលបំភ្លឺតាមដីកាកោះចំនួន ២លើក៕