អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសនៅថ្ងៃនេះថា សាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងដង្ហែរក្បួនទៀតនោះឡើយ ដោយលោកថា ទីក្រុងមួយនេះមិនមែនជារបស់គណបក្សប្រឆាំងឡើយ។
លោក ប៉ា សុជាតិវង្ស បានប្រកាសដូច្នេះ អំឡុងពេលលោកបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ នៅថ្ងៃនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ Fresh News។
ប៉ុន្តែ គេមិនបានដឹងថា ហេតុអ្វីបានជាអភិបាលរាជធានីភ្នំពេញ ប្រកាសឡើងដូច្នេះនោះទេ ខណៈដែលសិទ្ធិប្រមូលផ្ដុំដើម្បីសម្ដែងមតិ ត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
គណបក្សសង្គ្រោះជាតិ កាលពីចុងខែឧសភាកន្លងមក និងអ្នកគាំទ្រគណបក្សនេះ បានដង្ហែញ្ញត្តិ ដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ ពីទីស្នាក់ការកណ្ដាលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ទៅកាន់ព្រះបរមរាជវាំង យកទៅថ្វាយព្រះមហាក្សត្រ នរោត្ដម សីហមុនី ដើម្បីស្វែងរកអន្តរាគមន៍ពីទ្រង់ជុំវិញការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត និងការយាយីទៅលើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។
ក្បួនដង្ហែបក្សប្រឆាំងនាពេលនោះ បានប្រឈមទៅនឹងការរារាំងពីសំណាក់កម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ និងក្រុមយុវជនដឹកនាំដោយ លោក ស្រី ចំរើន នៅដងផ្លូវមុខសណ្ឋាគារកាំបូឌីយ៉ាណា៕