អ្នកស្រី May ថា សេដ្ឋកិច្ច​អង់គ្លេស​នឹង​រង​គ្រោះ​ក្រោយ​ការ​បោះ​ឆ្នោត​ចាក​ចេញ​ពី EU

នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នក​ស្រី Theresa May (រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី Theresa May បានថ្លែងនៅថ្ងៃនេះថា សេដ្ឋកិច្ចចក្រភពអង់គ្លេស នឹងរងគ្រោះ ដែលជាលទ្ធផលនៃការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ទោះបីជាតួលេខសេដ្ឋកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ផលប៉ះពាល់នៅមិនទាន់ធ្ងន់ធ្ងរដូចការព្យាករទុកក៏ដោយ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន  Reuters ពីទីក្រុងហង់ចូវ ភាគខាងត្បូងប្រទេសចិន ជាទីដែលមេដឹកនាំបណ្ដាប្រទេសមានសេដ្ឋកិច្ចធំៗចំនួន ២០ ឬហៅកាត់ថា G20 កំពុងជួបប្រជុំគ្នា។

Reuters បានបន្តថា ការសម្រេចចិត្តរបស់អង់គ្លេសកាលពីខែមិថុនា ចាកចេញពីសហគមន៍មានសមាជិក ២៨ប្រទេសមួយនេះ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុតក់ស្លុតដាំក្បាលចុះ ខណៈចក្រភពអង់គ្លេសស្ថិតក្នុងដំណើរការរៀបចំផ្ដាច់ខ្លួនពីដៃគូពាណិជ្ជកម្មដ៏ធំបំផុតនេះ និងបានតួនាទីសេដ្ឋកិច្ចសកលថ្មីផ្លាស់ប្ដូរ។

តម្លៃរូបិយប័ណ្ណអង់គ្លេស បានងើបឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍កន្លងមក បន្ទាប់ពីការស្ទង់មតិតទៅលើក្រុមហ៊ុននានា បានផ្ដល់សញ្ញាដ៏សំខាន់ៗថា សេដ្ឋកិច្ចចក្រភពអង់គ្លេស នឹងមានដំណើរការកាន់តែល្អប្រសើរជាងមនុស្សជាច្រើនព្រួយបារម្ភកាលពីដំបូង។

ប៉ុន្តែ អ្នកស្រី May បានព្យាករថា ការបោះឆ្នោតសម្រេចចាកចេញនេះ នឹងធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ច ហើយថា រដ្ឋាភិបាលនឹងបន្តតាមដានតួលេខសេដ្ឋកិច្ច នៅប៉ុន្មានខែខាងមុខ មុននឹងរៀបចំការឆ្លើយតបរបស់ខ្លួន សម្រាប់ការពារសេដ្ឋកិច្ចនៅប៉ុន្មានខែក្រោយក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ