លោកអ្នកស្ដាប់ជាទីមេត្រី! ចំណែកព័ត៌មានអន្តរជាតិនៅពេលនេះ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំរុស្ស៊ី និងតួកគី កំពុងតែព្យាយាមផ្សះផ្សារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដែលខូចខាតដោយសារតែក្រុងអង់ការ៉ា បានបាញ់ទម្លាក់យន្តហោះរុស្ស៊ីមួយគ្រឿងកាលពីឆ្នាំមុន។
AFP បានបន្តថា មេដឹកនាំប្រទេសទាំងពីរបានប្រឹងប្រែងស្ដារឡើងវិញនូវទំនាក់ទំនងប្រទេសទាំងពីរ ខណៈដែលពួកគេបានជួបគ្នានៅក្រៅជំនួបមេដឹកនាំប្រទេសមានសេដ្ឋកិច្ចធំទាំង ២០ ឬ G20 នៅទីក្រុងហង់ចូវ ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃម្សិលមិញ។
AFP បានដកស្រង់សម្ដីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលបានថ្លែងក្រោយជំនួបទ្វេភាគីនោះថា មានរឿងជាច្រើនទៀតដែលត្រូវធ្វើដើម្បីភ្ជាប់ឡើងវិញទាំងស្រុងនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
លោក ពូទីន បន្តថា តួកគីកំពុងឆ្លងកាត់រយៈពេលលំបាក ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នៅចំពោះមុខឧក្រិដ្ឋកម្មភេរវកម្មធ្ងន់ធ្ងរ។
បើតាម AFP តួកគី និងរុស្ស៊ី បានសម្របសម្រួលទំនាក់ទំនងឡើងវិញកាលពីខែមិថុនា បន្ទាប់ពីប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គេន បានបញ្ជូនលិខិតសម្ដែងការសោកស្ដាយចំពោះការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី នៅព្រំដែនស៊ីរី កាលពីខែវិច្ឆិកាឆ្នាំមុន ដែលបណ្ដាលឲ្យអន្តរាយដល់ទំនាក់ទំនងទ្វេភាគី៕