អ្នកសង្កេតការណ៍ការចុះឈ្មោះបោះឆ្នោតម្នាក់ នៅខេត្ដសៀមរាប ឲ្យដឹងថា លោកគ្រោងដាក់ពាក្យប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឲ្យលុបឈ្មោះស្ត្រីម្នាក់ ពីបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់នគរធំ ក្រុងសៀមរាប ដោយអះអាងថា ស្ត្រីរូបនោះជាជនបរទេស។
កាលពីថ្ងៃទី០៣ ខែកញ្ញានេះ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់នគរធំ លោក យ៉ម យ៉ាត់ បានកោះហៅ លោក សៀក ចំណាប់ អ្នកសង្កេតការណ៍ការចុះឈ្មោះបោះឆ្នោតតំណាងគណបក្សសង្គ្រោះជាតិនៅសង្កាត់នគរធំ ឲ្យចូលបំភ្លឺ បន្ទាប់ពីលោកបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ស្ដ្រីម្នាក់ឈ្មោះ ឈុន ភាព ជាជនជាតិវៀតណាម ប៉ុន្ដែ មានសិទ្ធិចុះឈ្មោះបោះឆ្នោត។
លោក សៀក ចំណាប់ ប្រាប់វីអូឌី(VOD) នៅព្រឹកថ្ងៃអាទិត្យនេះថា អ្នកស្រី ឈុន ភាព រស់នៅភូមិស្រះស្រង់ខាងជើង ក្នុងសង្កាត់នគរធំ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចេញដោយអាជ្ញាធរមូលដ្ឋាន ប៉ុន្តែ គាត់និយាយភាសាខ្មែរមិនច្បាស់នោះឡើយ ដែលនាំឲ្យសន្និដ្ឋានថា ស្ត្រីរូបនោះជាជនជាតិវៀតណាម ហើយត្រូវបានគេអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោត។
លោកបន្ដថា លោកនឹងដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំបោះឆ្នោតថ្នាក់ខេត្ត ដើម្បីឲ្យបង្ហាញព្រះរាជ្យក្រឹត្យពីព្រះមហាក្សត្រ ដែលអនុញ្ញាតឲ្យជនបរទេសកាន់អត្ដសញ្ញាណប័ណ្ណខ្មែរ និងឲ្យលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅពេលខាងមុខ បើសិនរកឃើញខុសប្រក្រតី។
លោកថ្លែងថា៖ “ប្រជាពលរដ្ឋនៅទីនោះផ្ទាល់ និងអ្នកសង្កេតការណ៍ដែលជាអ្នកភូមិហ្នឹងតាំងពីដើម ប្រាប់ថា យួនមកបោះឆ្នោតហើយមកមើលផង ហើយទី២ មុខមាត់ សម្ដីគាត់ខំនិយាយនិយាយមិនច្បាស់ទេ ទោះបីខំពត់យ៉ាងណាក៍នៅមិនច្បាស់”។
ស្នងការរងនគរបាលខេត្ដសៀមរាបលោក ភឹង ចិន្ដាឬទ្ធិ ថ្លែងថា លោកមិនអាចបញ្ជាក់ពីជនបរទេសនោះបានទេ ប៉ុន្ដែលោកថា អត្ដសញ្ញាណប័ណ្ណដែលចេញឲ្យប្រើប្រាស់អាចសម្គាល់ថា ជាជនជាតិខ្មែរ ហើយលោកជំរុញឲ្យពលរដ្ឋខ្មែរដាក់ពាក្យបណ្ដឹងជំទាស់។
លោកបន្ដថា៖ “អាហ្នឹង ខ្ញុំអត់ដឹងទេ គេអ្នកថា ខ្ញុំអត់ដឹង គេអាងឯកសារអី គេមើលលើអី ដែលគេថា វៀតណាម ខ្ញុំសួរ ខ្ញុំចង់បានអាហ្នឹង គេប្ដឹងទៅ ដែលគេថា វៀតណាមដែលខ្ញុំចេញកាតឲ្យខុសនោះ”។
ច្បាប់ស្ដីពីសញ្ជាតិ មាត្រា២០ និងមាត្រា២១ ចែងថា ជនបទេសដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ និងជនដែលសម្រួលឲ្យជនបរទេសមានអត្តសញ្ញាណប័ណ្ណខ្មែរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ១០ឆ្នាំ បើសិនជនបរទេសណាដាក់ឯកសារ គ្មានឡាយព្រះហស្ថលេខាទទួលស្គាល់ពីព្រះមហាក្សត្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់ឲ្យដឹងថា គ.ជ.ប អាចលុបឈ្មោះជនបរទេសមិនឲ្យបោះឆ្នោតបាន បើពិនិត្យឃើញថា អ្នកទាំងនោះមិនបានចូលសញ្ជាតិខ្មែរត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ បើទោះបីបរទេសទាំងនោះ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយក៏ដោយ។
មន្ត្រី គ.ជ.ប អះអាងថា ជនបរទេសមិនចេះនិយាយខ្មែរសោះ ក៏អាចទៅចុះឈ្មោះបោះឆ្នោតបានដែរ ឲ្យតែពួកគេមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ការអះអាង របស់មន្ត្រី គ.ជ.ប បែបនេះ ជំរុញឲ្យគណបក្សមិនកាន់អំណាចមួយចំនួន ដូចជាគណបក្សសង្ក្រោះជាតិ និងគណបក្សអំណាចខ្មែរ បានប្រកាសធ្វើយុទ្ធនាការទប់ស្កាត់ជនជាតិវៀតណាមខុសច្បាប់រស់នៅកម្ពុជា មិនឲ្យទៅចុះឈ្មោះបោះឆ្នោត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនជាតិវៀតណាមជាង ៧ម៉ឺន ៦ពាន់នាក់ (៧៦ ៣៩៨) បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី។ ប៉ុន្តែ សង្គមស៊ីវិល និងបក្សប្រឆាំង ធ្លាប់អះអាងថា ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់នៅកម្ពុជា អាចមានដល់ទៅជាង ១លាននាក់៕









