អាជ្ញាធររារាំងយុទ្ធនាការអាវខ្មៅ ខណៈសកម្មជន៦នាក់មិនទាន់ដោះលែង

ប្រជាពលរដ្ឋនៅក្នុងយុទ្ធនាការសម្តែងមតិនិងទាមទារយុត្តិធម៌ឲ្យអ្នកស្រីទេពវន្នីអ្នក ការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប​ (រូបភាពពីហ្វេសប៊ុក​លោក ចាន់ ពុទ្ធិស័ក្តិ)

អាជ្ញាធររាជធានីភ្នំពេញបានរារាំងជាថ្មីទៀតមិនឲ្យសកម្មជនដីធ្លីធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារដោះលែងអ្នកជាប់ឃុំនិងរកយុត្តិធម៌ជូន លោក កែម ឡី។

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ អ្នកស្រី សរ ស៊ន និងសកម្មជនផ្សេងទៀតនៅសហគមន៍បុរីកីឡាបានបន្តយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្រ្តីការពារសិទ្ធិមនុស្សអាដហុកនិងដោះលែងអ្នកស្រី ទេព វន្នី ព្រមទាំងទាមទារឲ្យរដ្ឋាភិបាលរកឃាតករសម្លាប់លោកបណ្ឌិត កែម ឡី ប៉ុន្តែត្រូវបានសន្តិសុខខណ្ឌ៧មករាដណ្តើមយករូបថតដែលសកម្មជនលើកបង្ហាញនោះទៅហែកចោល។

សកម្មជនដីធ្លីទាំងនោះ បានស្រែកថាក្រុមសន្តិសុខបានចូលធ្វើបាបពួកគេដល់ក្នុងផ្ទះ។ ពួកគេបន្តថា សកម្មភាពនេះមិនបានជួយអ្វីដល់ប្រជាប្រិយភាព លោក ហ៊ុន សែន នោះទេ ដោយអាជ្ញាធរមិនមានសមត្ថភាពដោះស្រាយជម្លោះដីធ្លីឲ្យពួកគេ។

កាលពីថ្ងៃអាទិត្យម្សិលមិញ សមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនសកម្មជនដីធ្លី៦នាក់និងអ្នកលក់ប៉េងប៉ោង៤នាក់ ខណៈពេលពួកគេប្រមូលផ្ដុំគ្នាតវ៉ាមុខពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ពួកគេកំពុងជាប់ឃុំ។

តំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ លោក ចាន់ ពុទ្ធិស័ក្តិ ប្រាប់វីអូឌីនៅព្រឹកថ្ងៃចន្ទនេះថាសមត្ថកិច្ចបានដោះលេងអ្នកលក់ប៉េងប៉ោង៤នាក់វិញហើយកាលពីម៉ោង៣រសៀលម្សិលម៉ិញ ប៉ុន្តែសកម្មជនដីធ្លី៦នាក់ទៀតសមត្ថកិច្ចមិនទាន់ដោះលែងនៅឡើយទេ។

សកម្មជនដីធ្លីទាំង៦នាក់នោះមាន លោកយាយ ង៉ែត ឃុន សកម្មជនដីធ្លីនៅបឹងកក់និងស្រ្តី៥នាក់ទៀតមកសហគមន៍ថ្មគោលគឺអ្នកស្រី ភួង សុភា មាស ស្រីពៅ  ខៀវ សារី សុខ រស្មី និង ជាវ ស្រីនិច។

លោក ចាន់ ពុទ្ធិស័ក្តិ ឲ្យដឹងថានៅថ្ងៃចន្ទនេះមានសកម្មជនដីធ្លីមួយចំនួនកំពុងតវ៉ានៅមុខអធិការខណ្ឌដង្កោ ដើម្បីទាមទារឲ្យដោះលេងអ្នកទាំងនោះ។

កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ប្រជាសហគមន៍ប្រមាណជា១០០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខពន្ធនាគារព្រៃសដោយមានអ្នកខ្លះកាន់បដារូបថតនិងផ្កាឈូក ដើម្បីទាមទារឲ្យដោះលេងតំណាសហគមន៍បឹងកក់ម្នាក់គឺអ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានកម្លាំងសន្តិសុខរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ខែសីហាកន្លងមក អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងលោក នី ចរិយា។

សកម្មជនដីធ្លីទាំងពីររូបនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យជាប់ពន្ធនាគារ៦ថ្ងៃកាលពីចុងខែសីហា ក្រោមការចោទប្រកាន់ពីបទជេរប្រមាថអ្នករាជការសាធារណៈ។

អ្នកស្រី បូវ សោភា ត្រូវបានដោះលែងក្រោយជាប់ឃុំបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ ប៉ុន្តែអ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទប្រកាន់បន្ថែម ថាបានប្រមាថអ្នករាជការសាធារណៈនៅក្នុងករណីដាច់ដោយឡែកមួយទៀត៕ រាយការណ៍បន្ថែមដោយ ឃុត សុគន្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ