អាជ្ញាធរដោះលែងសកម្មជនដីធ្លី៦នាក់នៅល្ងាចនេះ

ប្រជាពលរដ្ឋនៅក្នុងយុទ្ធនាការសម្តែងមតិនិងទាមទារយុត្តិធម៌ឲ្យអ្នកស្រីទេពវន្នីអ្នក ការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប​ (រូបភាពពីហ្វេសប៊ុក​លោក ចាន់ ពុទ្ធិស័ក្តិ)

អាជ្ញាធរខណ្ឌអះអាងថា សកម្មជនដីធ្លី៦នាក់ដែលត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ ខណៈពេលពួកគេប្រមូលផ្ដុំគ្នាតវ៉ាមុខពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ពួកគេកំពុងជាប់ឃុំនៅទីនោះ ត្រូវដោះលែងវិញនៅល្ងាចនេះ។

អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះថា សមត្ថកិច្ចបានឃុំខ្លួនសកម្មជនដីធ្លី៦នាក់នោះមួយយប់នៅអធិការនគរបាលខណ្ឌដង្កោដើម្បីសួរនាំ។ តែទោះយ៉ាងណាលោកថា សមត្ថកិច្ចដោះលេងសកម្មជនដីធ្លី៦នាក់នោះវិញនៅម៉ោង៤កន្លះល្ងាចនេះ ។

លោកបញ្ជាក់ថាការឃាត់ខ្លួនអ្នកទាំងនោះដោយសារពួកគេធ្វើបាតុកម្មខុសច្បាប់។

សកម្មជនដីធ្លី កញ្ញា សុង ស្រីលាភ ដែលតវ៉ានៅមុខអធិការនគរបាលខណ្ឌដង្កោប្រាប់វីអូឌីថា សកម្មជនទាំង៦នាក់បានធ្វើកិច្ចសន្យាឈប់ចេញតវ៉ាទៀត ទើបសមត្ថកិច្ចព្រមដោះលែង។ កញ្ញាថា ការដែលសមត្ថកិច្ចចាប់សកម្មជនដីធ្លីជាការរំលោភសិទ្ធិពលរដ្ឋក្នុងការតវ៉ានិងការប្រមូលផ្តុំសំដែងមតិ។

សកម្មជនដីធ្លីទាំង៦នាក់នោះមាន លោកយាយ ង៉ែត ឃុន សកម្មជនដីធ្លីនៅបឹងកក់និងស្រ្តី៥នាក់ទៀតមកសហគមន៍ថ្មគោលគឺអ្នកស្រី ភួង សុភា, មាស ស្រីពៅ, ខៀវ សារី, សុខ រស្មី, និង ជាវ ស្រីនិច។

កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ប្រជាសហគមន៍ប្រមាណជា១០០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខពន្ធនាគារព្រៃសដោយមានអ្នកខ្លះកាន់បដារូបថតនិងផ្កាឈូក ដើម្បីទាមទារឲ្យដោះលេងតំណាសហគមន៍បឹងកក់ម្នាក់គឺអ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានកម្លាំងសន្តិសុខរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ខែសីហាកន្លងមក អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងលោក នី ចរិយា។

សកម្មជនដីធ្លីទាំងពីររូបនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យជាប់ពន្ធនាគារ៦ថ្ងៃកាលពីចុងខែសីហា ក្រោមការចោទប្រកាន់ពីបទជេរប្រមាថអ្នករាជការសាធារណៈ។

អ្នកស្រី បូវ សោភា ត្រូវបានដោះលែងក្រោយជាប់ឃុំបណ្ដោះអាសន្នរយៈពេល៦ថ្ងៃ ប៉ុន្តែអ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទប្រកាន់បន្ថែម ថាបានប្រមាថអ្នករាជការសាធារណៈនៅក្នុងករណីដាច់ដោយឡែកមួយទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ