មេដឹកនាំចិនបានប្រាប់មេដឹកនាំកូរ៉េខាងត្បូងថា ចិនប្រឆាំងចំពោះសហរដ្ឋអាមេរិកដាក់ប្រព័ន្ធការពារមីស៊ីលនិង នុយក្លេអ៊ែនៅក្នុងទឹកដីកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីហូបានចុះផ្សាយថា នៅថ្ងៃចន្ទនេះ ចិនបានបង្ហាញសារខឹងសម្បារជាថ្មីទៀត ចំពោះកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដែលបំពាក់ឧបករណ៍ការពារមីស៊ីលនិងការពារអាវុធនុយក្លេអ៊ែនៅក្នុងទឹកដីកូរ៉េខាងត្បូងកាលពីខែកក្កដា។
លោក ស៊ី ជីនពីង បានថ្លែងប្រាប់លោកស្រី ប៉ាក ឃឿនហេ នៅក្នុងទីក្រុង Hangzhou ភាគខាងត្បូងនៃប្រទេសចិននៅថ្ងៃចន្ទនេះថា អាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើនេះគឺមិនមែនជាយុទ្ធសាស្ត្រដើម្បីពង្រឹងស្ថិរភាព និងសន្តិសុខក្នុងតំបន់ទេ គឺផ្ទុយទៅវិញ វាជាការបង្កជម្លោះនៅក្នុងតំបន់។
លោកស្រី ប៉ាក ឃឿនហេ លោក ស៊ីជីនពីង និងមេដឹកនាំផ្សេងៗទៀតមកពីក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 បានជួបប្រជុំគ្នានៅទីក្រុង Hangzhou។
ចិនបានបង្ហាញការព្រួយបារម្ភថា ប្រព័ន្ធរ៉ាដាដែលបំពាក់ជាមួយប្រព័ន្ធការពារមីស៊ីលនិងអាវុធនុយក្លេអ៊ែនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចតាមដានសកម្មភាពយោធារបស់ខ្លួនគេបាន។
កូរ៉េខាងជើងបានតវ៉ាយ៉ាងខ្លាំងប្រឆាំងការរៀបចំប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូង។ ការតវ៉ាប្រឆាំងនេះ កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែបច្ចេកទេសសម្ភារៈយោធាផ្សេងៗ ត្រៀមតតាំងជាមួយកូរ៉េខាងត្បូងនិងអាមេរិក។ កាលពីខែមករាឆ្នាំ២០១៦ កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួន ហើយអង្កការសហប្រជាជាតិបានដាក់ទណ្ឌកម្មបន្ថែមនៅខែមីនា នាំឲ្យកើតមានភាពតានតឹងកាន់តែខ្លាំង៕