ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសម្ដែងការសោកស្ដាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលុបចោលជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លើយតបទៅនឹងការព្រមានពីមេដឹកនាំហ្វីលីពីនទៅលើប្រធានាធិបតីអាមេរិក។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
លោក អូបាម៉ា គ្រោងជួបជាមួយលោក Duterte នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឡាវ ដើម្បីជជែកអំពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនៅហ្វីលីពីន នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រទេសនេះ។ ប៉ុន្តែប៉ុន្មានម៉ោងមុនលោក អូបាម៉ា ទៅដល់ទីក្រុងវៀងចន្ទន៍ លោក Duterte បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើលោក អូបាម៉ា ជជែករឿងការសម្លាប់មនុស្សនេះ លោកនឹងជេរលោក អូបាម៉ា នៅក្នុងកិច្ចប្រជុំនោះ។ លោក Duterte បានហៅលោក អូបាម៉ា ថា “កូនស្រីខូច”។
បន្ទាប់ពីជំនួបទ្វេភាគីត្រូវបានលុបចោល លោក Duterte បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃនេះថា លោកក៏សោកស្ដាយដែរចំពោះការវាយប្រហាររឿងផ្ទាល់ខ្លួនទៅលើប្រធានាធីបតីអាមេរិក។
វិវាទកាទូតនេះបានបង្ហាញនូវភាពតានតឹងនៃគោលនយោបាយអាមេរិកនៅអាស៊ីនៅចំពោះមុខមហិច្ឆតាដណ្ដើមទឹកដីរបស់ចិន។ ហ្វីលីពីននិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តនឹងគ្នាចាប់តាំងពីដើមទសវត្សរ៍១៩៥០មកម៉្លេះ។
ដំណើររបស់លោក អូបាម៉ា ទៅកាន់ប្រទេសឡាវ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីងតោន ដើម្បីឈរជើងកាន់តែរឹងមាំថែមទៀតនៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជាភូមានិងវៀតណាម ជាទីដែលការផ្លាស់ប្ដូរនយោបាយឬការផ្លាស់ប្ដូរផ្នែកយុទ្ធសាស្ត្របានផ្ដល់ឱកាសល្អ៕












