ពលរដ្ឋ​ភូមា​រ៉ាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ក្រុម​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ក្រុម​មូស្លីម​រ៉ូហ៊ីងយ៉ា

មនុស្សរប់រយនាក់នៅភូមាបានចេញតវ៉ានៅថ្ងៃនេះ ប្រឆាំងនឹងគណៈកម្មការប្រឹក្សាមួយដឹកនាំដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរវាងក្រុមសហគមន៍ពុទ្ធសាសនិកនិងក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានប៉ះពាល់ដល់កំណែទម្រង់ប្រជាធិបតេយ្យ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានរាយការណ៍ថា ស្ថានភាពក្រុមរ៉ូហ៊ីងយ៉ា បានបង្កឲ្យមានមន្ទិលចំពោះការប្ដេជ្ញាចិត្តរបស់មេដឹកនាំភូមា លោកស្រី អ៊ុងសាន ស៊ូជី ចំពោះសិទ្ធិមនុស្ស និងបង្ហាញនូវបញ្ហានយោបាយដ៏រស៊ើប សម្រាប់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយរបស់លោកស្រី ដែលបានឈ្នះការបោះឆ្នោតដ៏ភ្លូកទឹកភ្លូកដី កាលពីចុងឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មាននេះបានបន្តថា ក្រុមពលរដ្ឋនិងព្រះសង្ឃបានចូលរួមការតវ៉ានោះ ដែលស្ថិតក្រោមការឃ្លាំមើលពីកម្លាំងសន្តិសុខរាប់សិបនាក់ ទោះបីប្រឈមនឹងភ្លៀងធ្លាក់នៅរដ្ឋរ៉ាកឃីន ស្ថិតនៅប៉ែកខាងពាយព្យប្រទេស ដោយពួកគេតវ៉ាថាអ្វីដែលពួកគេបានទទួលនោះគឺអន្តរាគមន៍ដោយលម្អៀងទៅរកជនបរទេសពីសំណាក់គណៈកម្មការនោះដែលមានសមាជិក៩រូប។

ការស្រែកតវ៉ានិងបរិហាទៅលើគណៈកម្មការនោះបានតឹងតែងឡើងនៅពេលយន្តហោះដឹកលោក អាណាន់ ធ្វើដំណើរទៅដល់។ ក្រុមមហាជនបានធ្វើដំណើរតាមក្បួនរថយន្តលោក អាណាន់ ចូលក្នុងទីក្រុង Sittwe ជាទីដែលលោក អាណាន់ នឹងថ្លែងសុន្ទរកថានិងជួបជាមួយសហគមន៍រ៉ូហ៊ីងយ៉ានិងពុទ្ធសាសនិកនៅរដ្ឋរ៉ាក់ឃីន អំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅរដ្ឋមួយនេះ។

មនុស្សជាង១០០នាក់ត្រូវបានគេសម្លាប់ ហើយសង្កាត់មួយចំនួនត្រូវបានគេកម្ទេចនៅពេលក្រុមពុទ្ធសាសនិក ប៉ះទង្គិចជាមួយក្រុមមូស្លីមរ៉ូហ៊ីងយ៉ានៅរដ្ឋមួយនេះកាលពីឆ្នាំ២០១២។

ចំណែកមនុស្សប្រហែល១២ម៉ឺន៥ពាន់នាក់ទៀត នៅតែបន្តភៀសខ្លួនមិនទទួលបានសេវាមូលដ្ឋាននិងមិនទទួលបានសិទ្ធិជាពលរដ្ឋនៅភូមាដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ