បទយកការណ៍៖ ពលរដ្ឋខ្មែរទៅព្យាបាលជំងឺនៅថៃកើនឡើង

ពលរដ្ឋខ្មែរទៅព្យាបាលជំងឺនៅថៃ

ប្រជាពលរដ្ឋប្រុសស្រី ភាគច្រើនមានវ័យកណ្តាលនិងវ័យចាស់ បាននាំគ្នាអង្គុយក្រោមដើមឈើកណ្តាលថ្ងៃត្រង់ ដើម្បីសម្រាកកាយនិងទិញអាហារលក់តាមផ្លូវខ្លះបរិភោគ។ នៅក្រោមកម្ពៅថ្ងៃមិនសូវក្តៅប៉ុន្មានពួកគេនាំគ្នា បរិភោគអាហារនំចំនីបណ្តើរជជែកគ្នាបណ្តើរ។ ការជជែករបស់ពួកគេគឺផ្តោតភាគច្រើនលើបញ្ហាសុខភាពនិងសេវាថែទាំសុខភាព។

អង្គុយជាក្រុមៗដាច់ពីគ្នា និយាយលេងស្ងាត់ៗខ្លះ និងនិយាយសើចលេងលឺៗខ្លះ ដែលយើងអាចស្តាប់បានជាភាសាខ្មែរ។ ប៉ុន្តែកន្លែងដែលពលរដ្ឋខ្មែរកំពុងឈរនិងអង្គុយលេងជជែកគ្នាពីសុខភាពនេះ មិនមែនជាដែនដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលខ្មែរទេគឺជាអតីតដែនដីខ្មែរតែបច្ចុប្បន្នគឺគ្រប់គ្រងដោយរដ្ឋាភិបាលថៃគឺខេត្តសុរិន្ទ។

ពេទ្យ រួមផែកម៉អាណាន់
ពេទ្យ រួមផែកម៉អាណាន់

បុរសសំបុរខ្មៅ មាឌមាំម្នាក់និយាយបណ្តើរ យកដៃចង្អុលបណ្តើរថា គាត់ទើបនាំប្រពន្ធចេញបន្ទប់ពិនិត្យសុខភាពនៅម្ខាងផ្លូវ រួចទើបនាំគ្នាសម្រាកអង្គុយទិញអាហារបរិភោគខ្លះត្រៀមចាំរថយន្តដឹកមកដឹកដីកម្ពុជាវិញ។ មន្ទីរពេទ្យនោះជាពេទ្យឯកជនឈ្មោះពេទ្យ រួមផែកម៉អាណាន់។

បុរសរូបនេះសូមនិយាយដោយឲ្យបញ្ចេញសំឡេង តែមិនឲ្យប្រាប់ឈ្មោះព្រោះគាត់ជាអ្នកបម្រើការងារជាកងកម្លាំងប្រដាប់អាវុធខ្លាចមានការរើសអើងរូបគាត់នៅកន្លែងការងារ។ លោកប្រាប់ថា ប្រពន្ធរបស់លោកមានបញ្ហារោគស្ត្រីព្យាបាលនៅស្រុកខ្មែរជាង១០ឆ្នាំហើយ មិនបានធូរស្រាលទេ ទើបលោកសម្រេចចិត្តនាំប្រពន្ធទៅព្យាបាលនៅក្នុងប្រទេសថៃ។ បុរសរូបនេះនិយាយបណ្តើរញញឹមបណ្តើរ ពេលរំលឹកថាគ្រូពេទ្យថៃប្រាប់ថាអាការៈប្រពន្ធរបស់លោកបានចំគោលដៅ ហើយមិនធ្ងន់ធ្ងរដូចការលើកឡើងរបស់ពេទ្យនៅស្រុកខ្មែរទេ។

ពេទ្យ រួមផែក ជាពេទ្យមួយកន្លែងស្ថិតក្នុងទីរួមខេត្តសុរិន្ទ ដែលមានចម្ងាយផ្លូវប្រមាណ៧០គីឡូម៉ែត្រពីច្រកព្រំ ដែនកម្ពុជាថៃ នៅត្រង់ចំណុចច្រកអូស្មាច់។

បុរសមន្ត្រីកងកម្លាំងប្រដាប់អាវុធនេះបញ្ជាក់ថា នេះជាលើកទី១ហើយដែលលោកនាំប្រពន្ធមកពិនិត្យព្យាបាលជំងឺនៅក្នុងប្រទេសថៃ ហើយលោកក៏មានភ្ញាក់ផ្អើស ពេលឃើញប្រជាពលរដ្ឋខ្មែរមានចំនួនច្រើនដែលធ្វើដំណើរពីកម្ពុជាទៅព្យាបាលនៅក្នុងប្រទេសថៃ។

បើតាមរបាយការណ៍ពីអ្នកនាំអ្នកជំងឺនិងអ្នកជួយបកប្រែភាសាបានឲ្យដឹងថា អ្នកជំងឺជាពលរដ្ឋខ្មែរដែលទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនេះមានចំនួនជាមធ្យមគឺពី៥០០ទៅ៧០០នាក់ក្នុង១ថ្ងៃៗ។

ភាគច្រើនគេតែងនិយាយថា អ្នកដែលទៅព្យាបាលនៅក្រៅប្រទេសគេ ចាត់ទុកថាជាអ្នកដែលមានជីវភាពធូរធា មានលុយកាក់ច្រើន ដើរព្យាបាលពីប្រទេសមួយទៅប្រទេសមួយទៀត។

ប៉ុន្តែសម្រាប់កងកម្លាំងប្រដាប់អាវុធរូបនេះបញ្ជាក់ថា លោកមិនមែនជាអ្នកមានទ្រព្យច្រើនទេ ហើយក៏មិនចង់នាំប្រពន្ធព្យាបាលនៅក្រៅប្រទេសដែរ តែដោយសារអស់ជម្រើស។ លោកបន្តថា៖ “អត់លុយអត់កាក់ទេ ខ្ចីគេខ្លះ អីខ្លះចឹងទៅ ខ្ញុំជាមន្ត្រីរាជការដឹងស្រាប់ហើយ ប្រាក់បៀវត្សខ្ញុំប៉ុណ្ណឹង ព្យាបាលជំងឺប្រពន្ធផង កូនរៀនផង“។

នៅបរិវេណខាងមុខមន្ត្រីពេទ្យ រួមផែក គឺមានរថយន្តដឹកអ្នកជំងឺចូលព្យាបាលជាបន្តបន្ទាប់ គឺពី៥ទៅ១០នាទីមានរថយន្តពីរឬ១គ្រឿងបរចូល។ ក្នុងចំណោមរថយន្តទាំងនោះ ក៏មានរថយន្តដែលពាក់ស្លាកលេខខ្មែរ បើកពីទឹកដីកម្ពុជា ដឹកអ្នកជំងឺជាហូរហែចូលដែរ។

យោធាយាមតាមព្រំដែនកម្ពុជាថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរបើករថយន្តចូលក្នុងទឹកដីរបស់ខ្លួនដោយគ្រាន់តែសួរនាំពីគោលបំណងនៃការចូលនិងឲ្យបំពេញឯកសារមួយចំនួន។

ពេលដើរចូលក្នុងមន្ទីរពេទ្យតែពីរបីជំហាននឹងឃើញអ្នកជំងឺជាច្រើនអង្គុយរងចាំពិនិត្យនិងពិគ្រោះយោបល់គ្រូពេទ្យ។ ទាំងអ្នកដែលអង្គុយចាំពិគ្រោះយោបល់ អ្នកអង្គុយចាំពេទ្យជំនាញតាមការណាត់ និងអ្នកអង្គុយចាំទទួលលទ្ធផលនៃជំងឺគឺភាគច្រើនជាជនជាតិខ្មែរ គឺកន្លែងខ្លះមានអ្នកធ្វើដំណើរពីកម្ពុជារហូតដល់៨០%។

កន្លែងណែនាំ
កន្លែងណែនាំផ្សេងៗមានការសរសេរអក្សរខ្មែរនិងអក្សរថៃដាក់ទន្ទឹមគ្នា

សម្រាប់ប្រជាពលរដ្ឋដែលទៅព្យាបាលនៅទីនោះប្រហែលជាមិនសូវពិបាកទេ ព្រោះគ្រូពេទ្យភាគច្រើនចេះនិយាយភាសាខ្មែរ ហើយចំពោះកន្លែងណែនាំផ្សេងៗមានការសរសេរអក្សរខ្មែរនិងអក្សរថៃដាក់ទន្ទឹមគ្នា។

ពេលចូលក្នុងមន្ទីរពេទ្យនេះ ឮសំឡេងអ្នកនិយាយខ្មែរច្រើនជាងភាសាថៃ គ្រូពេទ្យក៏និយាយភាសាខ្មែរខ្លះ អ្នកលក់អាហារនៅក្នុងនោះក៏និយាយជាភាសាខ្មែរ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ងាយស្រួលក្នុងការទំនាក់ទំនង ហើយមានអារម្មណ៍ថា កន្លែងនោះនៅតែជាដែនដីខ្មែរ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលខ្មែរ។

អ្នកជំងឺមួយរូបទៀតជាមន្ត្រីរាជការដែរគឺ អ្នកស្រី គួន សុគណ្ណា រស់នៅខេត្តសៀមរាបថ្លែងថា គាត់បានទៅព្យាបាលជំងឺជាប្រចាំនៅក្នុងប្រទេសថៃនេះជាង៣ឆ្នាំហើយគឺ ជំងឺក្រិនថ្លើម។ អ្នកថ្លែងថា មុនទៅព្យាបាលនៅប្រទេសថៃគឺគាត់បានស្វែងរកកន្លែងព្យាបាលជាច្រើននៅក្នុងប្រទេសកម្ពុជា។ ស្ត្រីវ័យជាង៥០ឆ្នាំមានសុខភាពហាក់មិនសូវមាំមួនរូបនេះ កត់សម្គាល់ឥរិយាបថគ្រូពេទ្យទាំងឯកជននិងពេទ្យរដ្ឋនៅក្នុងប្រទេសថៃ ហាក់មាន លក្ខណៈប្លែកជាងគ្រូពេទ្យនៅកម្ពុជា។ អ្នកស្រីបន្តថា៖ «ក្រមសីលធម៌គេប្រកាន់បាន សំដីសំដៅគេមិនគំហក កំហែងគំរកគំរើយអីចឹង»។

អ្នកស្រី គួន សុគណ្ណា កត់សម្គាល់ទៀតថា មួយរយៈកាលចុងក្រោយនេះ សេវាពេទ្យ រួមផែក នេះហាក់តំឡើងថ្លៃបន្តិច តែអ្នកជំងឺទៅទទួលសេវានៅទីនោះ កាន់តែច្រើនឡើង៖ «អ្នកជំងឺខ្មែរយើងកើតជំងឺចឹងច្រើន ដល់ទៅៗចឹងច្រើនទៅ ថ្លៃសេវាហ្នឹងដូចកើនឡើង»។

ជុំវិញមូលហេតុនៃការធ្វើដំណើរឆ្លងប្រទេស ដើម្បីស្វែងរកសេវាថែទាំសុខភាពនេះ អ្នកជំងឺភាគច្រើនលើកឡើងថាទាក់ទងនឹងគុណភាពនិងឥរិយាបថរបស់ពេទ្យ។ កញ្ញា ចាប កវី មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ គាត់បានជូនម្តាយទៅពិនិត្យសុខភាពជាប្រចាំនៅក្នុងប្រទេសថៃ។ កញ្ញាថាគាត់ធ្លាប់មានបទពិសោធន៍ជូនឪពុកទៅព្យាបាលជំងឺនៅពេទ្យ កាល់ម៉ែត្រ ក្នុងរាជធានីភ្នំពេញ មិនសូវមានការយកចិត្តទុកដាក់ទេ។ កញ្ញាបន្តថា៖ «ខ្ញុំអត់ចង់និយាយពេទ្យ យើងអាក្រក់ទេ តែអ្នកខ្លះ ខ្ញុំឃើញពេទ្យ កាល់ម៉ែត្រ លក់របស់ទ្រព្យហើយ យកទៅព្យាបាល នៅតែអត់ព្យាបាលឲ្យ។ ខ្ញុំជួបជាក់ស្តែង ជូនប៉ាខ្ញុំទៅ២យប់អត់មានពេទ្យមកជួបទេ ២យប់ណាស់! អត់មានពេទ្យមកជួបទេ ដាក់តែសេរ៉ូមចោល។ ចង់និយាយថា តាំងពីថ្ងៃចូលពេទ្យ២ថ្ងៃអត់មានអ្នកមកជួបគ្រាន់តែដាក់សេរ៉ូម។ អត់បានមកពិនិត្យយើង មើលអាការៈយើងយ៉ាងម៉េចទេ គ្រាន់តែដាក់សេរ៉ូមចោល នេះជាដំណាក់កាលចូលពេទ្យដំបូង អត់បានពិនិត្យអីផងហ្នឹង»។

ពលរដ្ឋមួយរូបនៅខេត្ដសៀមរាប លោក ផាន សុភាព ឲ្យដឹងថាការដែលលោកជ្រើសរើសយកមន្ទីរពេទ្យនៅប្រទេសថៃ ដើម្បីពិនិត្យសុខភាពនេះ លោកថាសេវាមន្ទីរពេទ្យ រួមផេក នោះប្រជុំដោយក្រុមគ្រួពេទ្យល្អៗនិងថ្នាំពេទ្យមានគុណភាពល្អនិងទំនុកចិត្ដខ្ពស់។ លោកបន្ដថា លោកបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យខេត្ដសុរិន្ទប្រទេសថៃនោះជាង៣ឆ្នំមកហើយ ហើយក្នុងមួយឆ្នាំចំនួន៣ដង។ លោកបន្ដថា៖ “ដូចខ្ញុំវាលើសជាតិខ្លាញ់នៅក្នុងខ្លួនខ្ញុំ ដូចខ្ញុំឆែកមើលទាំងអស់គេឲ្យថ្នាំមកម្ដងកន្លះខែ ហើយបីខែ គេឲ្យទៅម្ដងទៀត បើយើងចង់ទៅបីខែម្ដងក៏បាន ៦ខែក៏បាន ជាទូទៅខ្ញុំទៅបីខែម្ដង ឆែកមើលសុខភាព មើលជាតិខ្លាញ់ មើលជាតិស្ក មើលថ្លើមបេះដូងក្រពះពោះវៀន ម៉ាតួខ្លួនយើងទាំងអស់ ជាទូទៅខ្ញុំទៅ២៣០០បាតទាំងថ្នាំ“។

ប្រហាក់ប្រហែលគ្នានេះដែរ អ្នកជំងឺមួយរូបទៀតនៅខេត្ដសៀមរាប លោក ធីម ណារិន មានប្រសាសន៍ថា បើទោះបីពួកគាត់ធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យ រួមផេក ខេត្ដសុរិន្ទនោះមានចម្ងាយឆ្ងាយក៏ពិតមែន ក៏ប៉ុន្ដែបើព្រៀបធៀបនឹងការចំណាយព្យាបាលនៅមន្ទីរពេទ្យស្រុកខ្មែរនោះ មិនខុសគ្នានោះទេ រាប់ទាំងការចំណាយទាំងការធ្វើដំណើរផង។ ខ្មែរសុរិន្ទកើតក្នុងខេត្តសុរិន្ទ លោក ធី រ៉ាភីត ដែលតែងតែងតែជួយជូនពលរដ្ឋខ្មែរពីកម្ពុជាទៅព្យាបាលនៅក្នុងទឹកដីថៃបានថ្លែងថា រយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ គឺចំនួនពលរដ្ឋខ្មែរទៅព្យាបាលក្នុងប្រទេសថៃកើនឡើងជាលំដាប់ ដែលទាំងនោះមានទាំងមន្ត្រីរាជការ អ្នកមានប្រាក់ច្រើន និងអ្នកក្រីក្រផងដែរ។

នៅក្នុងពិធីបិទទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី២០ និងថែទាំវេជ្ជសាស្ត្រលើកទី៧ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញឲ្យពេទ្យរដ្ឋនិងពេទ្យឯកជនប្រឹងប្រែងពង្រឹងសមត្ថភាពក្នុងការព្យាបាលឲ្យប្រជាពលរដ្ឋ។ ក្នុងពិធីនោះ លោកក៏បានបញ្ជាក់ដែរថា ពលរដ្ឋខ្មែរទៅរកសេវាព្យាបាលជំងឺនៅក្រៅប្រទេសមានតែ១%ប៉ុណ្ណោះ។

បើទោះជាអ្នកជំងឺដែលទៅព្យាបាលនៅថៃទាំងនោះមិនពេញចិត្តឥរិយាបថនិងសមត្ថភាពរបស់គ្រូពេទ្យនៅកម្ពុជាមួយចំនួនក៏ដោយ ប៉ុន្តែពួកសុទ្ធតែមានបំណងដូចគ្នាថា ចង់ឲ្យមានការធ្វើកំណែទម្រង់សេវាថែទាំសុខភាពនៅកម្ពុជាឲ្យបានល្អប្រសើរឡើង ហើយពួកគេថា ពេលនោះពួកគេមិនចេញទៅព្យាបាលនៅក្រៅប្រទេសទៀតទេ៖ «យើងក៏អត់ចង់ចេញទៅព្យាបាលខាងក្រៅដែរ កាលណាយើងចេញទៅ យើងជួយសេដ្ឋកិច្ចគេទាំងថ្លៃពេទ្យថ្លៃធ្វើដំណើរថ្លៃអ្វីទាំងអស់ យើងបង់ឲ្យគេ ធ្វើឲ្យយើងបាត់បង់ប្រាក់ចំណូល ប៉ុន្តែដោយសារយើងអត់មានជំនឿចិត្តលើសេវាកម្មរបស់យើង ទើបយើងទៅរកសេវាកម្មខាងក្រៅវិញ។ អត់ចង់មកចេះទេ ខាតពេលវេលាយើងឆ្ងាយ យើងកុំចាំបាច់មកធ្វើអីយកលុយមកចាយអីស្រុកគេ ឆាយស្រុកយើងវិញទៅ។ បើតាមតែយើងបានជួបគ្នានៅពេទ្យហ្នឹង គឺថាអត់មានអ្នកណាចង់ចាកចេញពីស្រុកទេ គឺចង់ព្យាបាលនៅតែស្រុកយើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ