ក្រុមហ៊ុន Apple បានសម្ពោធជាផ្លូវការនៅទូរសព្ទជំនាន់ថ្មី២គឺ iPhone 7 និង iPhone 7 Plus។ លក្ខណៈរូបរាងខាងក្រៅនិងសំបករបស់វា មានភាពប្រហាក់ប្រហែលគ្នាទៅនឹងទូរសព្ទ iPhone 6 និង iPhone 6s ផងដែរ ដោយស្រោបអាលុយមីញ៉ូម។
ប៉ុន្តែអ្វីដែលថ្មីនោះ គឺភាពធន់នឹងទឹក (Water Resistance) ដែលអាចការពារនៅពេលចូលទឹកបាន។ បន្ថែមពីនេះ នៅមានការបំពាក់ប្រព័ន្ធកាមេរ៉ា២នៅខាងក្រោយ (Dual Camera) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចពង្រីកឬពង្រួម (Zoom) បានដោយមិនមានការបាត់បង់គុណភាពនៃរូបភាព។
ជាមួយគ្នានេះដែរ វាក៏បានបំពាក់នូវបច្ចេកវិជ្ជាថ្មីស្រទ្បាង ដោយរចនាសម្ព័ន្ធរបស់ iPhone 7 និង iPhone 7 Plus មិនមានរន្ធដោតកាសស្ដាប់នោះឡើយ ប៉ុន្តែអ្នកប្រើប្រាស់អាចប្រើកាសស្ដាប់ (EarPods) បាន ដោយគ្រាន់តែភ្ជាប់ឧបករណ៍ជាមួយនឹងឌុយដោតហៅថា Lightning Connector ជាមួយទូរសព្ទ។ ក្រុមហ៊ុន Apple ក៏បានធ្វើការរចនាថ្មីនូវកាសស្ដាប់តាមប្រព័ន្ធឥតខ្សែដែលត្រូវបានឲ្យឈ្មោះថា AirPods។ លក្ខណៈពិសេសមួយទៀតរបស់ AirPods គឺវាអាចដំណើរការបានរយៈពេល៥ម៉ោង ហើយភ្ជាប់មកជាមួយនៅស្រោមសាក់ថ្មដែលអាចប្រើបាន២៥ម៉ោងបន្ថែមទៀត។ ផលិតផល AirPods នឹងត្រូវបានដាក់លក់នៅចុងខែតុលា ក្នុងតំលៃ១៦៩ដុល្លារ។
ជាងនេះទៅទៀត ក្រុមហ៊ុន Apple ក៏បានរចនាប៊ូតុង Home ថ្មី ដែលមានរំញ័រក្នុងការប្រើប្រាស់ផ្សេងៗ។
iPhone 7 និង iPhone 7 Plus បានបំពាក់នូវប្រព័ន្ធដំណើរការ A10 Fusion ដែលមានល្បៀនដំណើរការលឿនជាងប្រព័ន្ធដំណើរការមុនៗ ៤០ភាគរយ។ ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ផងដែរថា ថ្មរបស់ទូរសព្ទ iPhone 7 និង iPhone 7 Plus អាចប្រើបានយូរជាងទូរសព្ទជំនាន់មុន។
អ្នកដែលចង់ប្រើទូរសព្ទថ្មីនេះ អាចធ្វើការបញ្ជាទិញបានចាប់ពីថ្ងៃទី៩ខែកញ្ញាទៅក្នុងតំលៃ៦៤៩ដុល្លារសម្រាប់ទូរសព្ទ iPhone 7 32GB និង ៨៤៩ដុល្លារចំពោះ iPhone 7 256GB។ ចំណែកឯ iPhone 7 Plus 32GB មានតំលៃ៧៦៩ដុល្លារ ហើយ iPhone 7 Plus 256GB មានតំលៃ៩៦៩ដុល្លារ៕