មន្ត្រីជំនាញខាងភូមិសាស្ត្រដាក់ការសង្ស័យថា កូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរបស់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ ដោយសារមានការរញ្ជួយដីខុសធម្មតានៅតំបន់ក្បែរៗនោះ។
ក្រុមអ្នកភូមិសាស្ត្ររបស់អាមេរិក សហភាពអឺរ៉ុប និងចិន បានរាយការណ៍ថាមានរញ្ជួយដីនៅម៉ោង០០និង ៣០នាទីរំលងអធ្រាត្រចូលថ្ងៃសុក្រនេះ។ ក្រុមភូមិសាស្ត្រអាមេរិកនិងអឺរ៉ុបបានបញ្ជាក់ថា បានរកឃើញដូចគ្នាថា ការរញ្ជួយដីនោះកម្លាំង៥,៣ រិច្ឆទ័រ។ នេះបើតាមសារព័ត៌មាន Channel News Asia។
រដ្ឋាភិបាលនិងមន្ត្រីភូមិសាស្ត្ររបស់កូរ៉េខាងត្បូងដាក់ការសង្ស័យថា ការញ័រនេះគឺជាការសាកល្បងអាវុធនុយក្លេអ៊ែលើកទី៥របស់កូរ៉េខាងជើង។ ចំណែកកូរ៉េខាងត្បូងក៏បានកោះប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខជាតិ។
មន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថាពួកគេរកឃើញរលកនៃការរញ្ជួយដីដែលកើតចេញពីមនុស្សជាធ្វើ។
មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ចិនក៏បានរាយការណ៍ដែរថា ការញ័រនោះគឺសង្ស័យថាជាការបំផ្ទុះគ្រាប់។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ចិនបានចាប់ផ្តើមដាក់កម្មវិធីនិងឧបករណ៍តាមដានសកម្មភាពនៅព្រំដែនជាមួយកូរ៉េខាងជើងនៅភាគឦសាននៃប្រទេសចិន។ នេះបើតាមទូរទស្សន៍រដ្ឋចិន។
លោក Jeffrey Lewis ស្រាវជ្រាវនៅវិទ្យាស្ថាននៅរដ្ឋកាលីហ្វ័រញ៉ាថាការញ័រនេះមានកម្រិតខ្ពស់ ដែលលោកសង្ស័យថាជាការសាកល្បងអាវុធនុយក្លេអ៊ែក្នុងកម្លាំងខ្លាំងមួយដែលបង្កឡើងដោយកូរ៉េខាងជើង៕