សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​​ថា ជន​មិន​ស្គាល់​មុខ​ប្រើ​ហិង្សា​លើ​រថយន្ត​លោក

លោក ស៊ន ដារ៉ា និងរថយន្តរបស់លោកដែលត្រូវជនមិនស្គាល់អត្តសញ្ញាណវាយបែកកញ្ចក់​(រូបភាពពីហ្វេសប៊ុកលោក ស៊ន ដារ៉ា)

សកម្មជនបក្សប្រឆាំងមួយរូប អះអាងថា រថយន្តរបស់លោកត្រូវបានជនមិនស្គាល់មុខវាយបំបែកកញ្ចក់ នៅជិតរង្វង់មូលក្បាលថ្នល់ អំឡុងពេលលោកធ្វើដំណើរពីផ្ទះ ទៅកាន់ទីស្នាក់ការកណ្ដាលគណបក្សប្រឆាំង នៅព្រឹកថ្ងៃនេះ។

សកម្មជនគណបក្សសង្គ្រោះជាតិ និងជាអ្នកស្រាវជ្រាវសង្គម លោក ស៊ន ដារ៉ា បានប្រាប់ វីអូឌី(VOD) ថា សំឡេងផ្ទុះមួយបានលាន់លឺយ៉ាងខ្លាំងនៅខាងក្រោយរថយន្តរបស់លោក ហើយបន្ទាប់មកលោកបានឃើញបុរស ២នាក់ជិះម៉ូតូរត់គេចយ៉ាងរហ័ស។ លោកបន្ថែមថា កញ្ចក់រថយន្តរបស់លោក បានបែកខ្ចាយ បន្ទាប់ពីរងការវាយបំបែកពីវត្ថុរឹង។

វីដេអូដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញកញ្ចក់ផ្នែកខាងស្ដាំនៃរថយន្ត Highlander មួយគ្រឿង បានខូចខាតទាំងស្រុង ដោយបន្សល់ទុកនូវបំណែកកញ្ចក់នៅលើកៅអី ខាងក្នុងរថយន្ត។

ទោះជាយ៉ាងណា លោក ដារ៉ា មិនបានធ្វើសេចក្ដីសន្និដ្ឋានថា ជាការគំរាមកំហែងនោះឡើយ ហើយលោកក៏គ្មានគម្រោងប្ដឹងករណីនេះទៅសមត្ថកិច្ចដែរ ដោយលោកថា លោកគ្មានជំនឿទៅលើអាជ្ញាធរកម្ពុជានោះឡើយ។

លោក ដារ៉ា ប្រាប់ថា៖ “ខ្ញុំមិនធ្វើសេចក្ដីសន្និដ្ឋានថា ជាការគំរាមកំហែងនោះទេ ប៉ុន្តែ ទុកឲ្យបងប្អូនលោកពិចារណា ហើយសន្និដ្ឋានចុះ។ ខ្ញុំធ្វើពហិកាមិនប្ដឹងទេ ពីព្រោះខ្ញុំមិនមានជំនឿទៅលើសមត្ថកិច្ចនោះឡើយ”។

ទោះបីលោក ដារ៉ា មិនបានធ្វើសេចក្ដីសន្និដ្ឋានយ៉ាងណា ប៉ុន្តែ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ថា សកម្មជនរូបនេះរងការគំរាមកំហែង។

លោក ដារ៉ា បញ្ជាក់ថា លោកបានទទួលរងការគំរាមកំហែង និងការជេរប្រមាថជាច្រើនលើករួចមកហើយ នៅលើបណ្ដាញព័ត៌មានសង្គម ប៉ុន្តែ លោកថា លោកនៅតែរក្សាជំហរមិនប្ដឹងករណីទាំងនោះ ទៅសមត្ថកិច្ចនោះឡើយ។

លោកថា លោកពុំរងរបួសអ្វីនោះទេ ប៉ុន្តែ លោកព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ហើយលោកនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។

VOD បានព្យាយាមស្នើសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនគរបាលជាតិ ដោយទូរស័ព្ទចូល ប៉ុន្តែ ពុំមានអ្នកទទួលនោះឡើយ។

ទោះជាយ៉ាងណា ករណីនេះ បានកើតឡើងប៉ុន្មានថ្ងៃក្រោយពីមានការបំផ្ទុះគ្រាប់បែកនៅកណ្ដាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៦ ខែកញ្ញា និងកើតឡើងមួយថ្ងៃក្រោយពីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារ ៥ខែ ក្រោមការចោទប្រកាន់ថាបានបដិសេធចូលខ្លួនបំភ្លឺជុំវិញសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ