ចិន និងរុស្ស៊ី នឹងចាប់ផ្ដើមសមយុទ្ធកងទ័ពជើងទឹករបស់ពួកគេរយៈពេល ៨ថ្ងៃ នៅសមុទ្រចិនខាងត្បូង ហួសពីឆ្នេរសមុទ្រខេត្តក្វាងទុង ចាប់ពីថ្ងៃស្អែកនេះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ Reuters ដែលបានដកស្រង់សម្ដីកងទ័ពជើងទឹកចិន។
Reuters ផ្សាយថា សមយុទ្ធនេះ បានកើតឡើងចំពេលដែលមានភាពតានតឹងខ្លាំង ជុំវិញដែនទឹកមានជម្លោះនោះ ក្រោយតុលាការមជ្ឈត្តកម្មនៅទីក្រុងឡាអេ បានសម្រេចកាលពីខែកក្កដាកន្លងមកថា ចិនពុំមានសិទ្ធិជាប្រវត្តិសាស្ត្រចំពោះសមុទ្រចិនខាងត្បូងនោះឡើយ ហើយរិះគន់ចំពោះបំផ្លាញបរិស្ថានរបស់ចិន នៅទីនោះ។ ប៉ុន្តែ ចិនបានច្រានចោលសាលក្រមនោះ និងបដិសេធចូលរួមក្នុងករណីនេះ។
កងទ័ពជើងទឹកចិន និយាយក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា សមយុទ្ធ “សមុទ្ររួមឆ្នាំ ២០១៦” នឹងបង្ហាញនូវនាវាលើទឹក នាវាមុជទឹក យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងកងទ័ពជើងទឹក។
ប្រទេសទាំងពីរ នឹងហ្វឹកហាត់ការការពារ ការជួយសង្គ្រោះ និងប្រតិបត្តិការប្រឆាំងនាវាមុជទឹក ព្រមទាំងការដណ្ដើមកាន់កាប់កោះ និងសកម្មភាពដទៃទៀត៕