បទយកការណ៍៖ ផល​វិបាកនៃការផ្តល់ប័ណ្ណបើកបរសម្រាប់ជនពិការ​

ជនពិការអះអាងថាពួកគេជាជនដែលងាយរងគ្រោះពីការប្រមាថ មើលងាយ និងរើសអើងពីសំណាក់មនុស្សមួយក្រុមតូច។ ការរើសអើងនេះ ធ្វើឲ្យជនពិការនៅតែមានការព្រួយបារម្ភពីសុវត្ថិភាពនិងអៀនខ្មាស់ នៅពេលពួកគេស្វែងរកសេវាផ្សេងៗពីស្ថាប័នឯកជននិងស្ថាប័នរដ្ឋ បើទោះជាមានច្បាប់ជាតិនិងច្បាប់អន្តរជាតិបានចែងការពារសិទ្ធិពួកគេយ៉ាងណាក៏ដោយ។

ករណីជាក់ស្តែងជនពិការមួយក្រុមនៅរាជធានីភ្នំពេញបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេត្រូវបានបុគ្គលិកសាលាបង្រៀនបើកបររថយន្តឯកជនមួយចំនួននៅរាជធានីភ្នំពេញ មិនព្រមទទួលពាក្យស្នើសុំចុះឈ្មោះរៀនបើកបរដូចប្រជាពលរដ្ឋធម្មតានោះទេ ដោយពួកគេយល់ថានេះជាការរើសអើង។

មាត្រា២៤ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកម្ពស់សិទ្ធិជនពិការមានខ្លឹមសារថា ជនពិការមានសិទ្ធិទទួលប័ណ្ណបើកបរយានយន្ត។ មាត្រាដដែលបន្តថា សមត្ថភាពបើកបរយានយន្តនៃជនពិការ ព្រមទំាងប្រភេទយានយន្តសម្រាប់ជនពិការ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យសាធារណការនិងដឹកជញ្ជូន និងរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសុខាភិបាល។

កញ្ញា ហេង វត្តី វ័យជាង៣០ឆ្នាំ ពិការជើងទំាងសងខាង ពោលគឺស្វិតសាច់ដុំជើងទំាងពីរ ឬគេអាចនិយាយបានម្យ៉ាងទៀតថា (ពិការ ពោយោ) តែកញ្ញាថា អាចប្រើកម្លាំងបើករថយន្តបាន។ កញ្ញា ហេង វត្តី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា កញ្ញាធ្លាប់ទៅសុំរៀនបើកបរនៅសាលាឯកជន (សុំលាក់ឈ្មោះសាលា) ដែរ ប៉ុន្តែកញ្ញាថា បុគ្គលិកសាលាឯកជននោះ មិនព្រមទទួលពាក្យនិងចុះឈ្មោះបង្រៀនទេ ដោយថាមិនមានរថយន្តសម្រាប់បង្រៀនជនពិការ។ កញ្ញាបាននិយាយថា៖ “ពីមុនធ្លាប់ទៅសុំចុះឈ្មោះនៅសាលាបង្រៀនឯកជននៅក្នុងទីក្រុងភ្នំពេញយើងកន្លែងមួយ ប៉ុន្តែទៅដល់កន្លែងសាលាបង្រៀន បុគ្គលិកដែលធ្វើការនៅទីនោះគាត់បានប្រាប់មកខ្ញុំវិញថា នៅសាលាបង្រៀនរបស់ពួកគាត់ គឺអត់មានរថយន្តសម្រាប់បង្រៀនជនពិការ ពេលគេឆ្លើយប្រាប់អញ្ចឹង មានអារម្មណ៍គិតថា ប្រៀបដូចជាគេនៅមានការរើសអើងចំពោះខ្លួនខ្ញុំដែលជាជនពិការ“។

ជនពិការមួយក្រុមបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ផលវិបាកនៃការសុំរៀនបើកបរនេះហើយ ដែលជាដើមចមធ្វើឲ្យពួកគេមិនអាចសុំប្រឡងយកប័ណ្ណបើកបរបានដូចប្រជាពលរដ្ឋធម្មតា។ ពួកគេថា ជនពិការខ្លះ បានសម្រេចចិត្តទៅរៀនបើកបរម៉ូតូ រថយន្ត ជាមួយបងប្អូន សាច់ញាតិ និងមិត្តភ័ក្តិជាដើម។

ពិការដៃឆ្វេង លោក គី សុផាន់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា លោកធ្លាប់ទៅសុំរៀនបើកបរពីសាលាបង្រៀនបើកបរឯកជនចំនួនពីរកន្លែងដែរ ប៉ុន្តែលោកថាសាលាបង្រៀនទំាងនោះមិនព្រមបង្រៀនទេ ករណីនេះធ្វើឲ្យរូបលោកសម្រេចចិត្តឲ្យសាច់ញាតិជួយបង្រៀន ខណៈបច្ចុប្បន្នលោកថាបើករថយន្ត ដោយពុំមានប័ណ្ណបើកបរនោះទេ៖ “ខ្ញុំរៀនពីពូរបស់ខ្ញុំ គាត់បង្រៀន ហើយគាត់ចេញបើកបរស្ទាត់ដែរ ហើយខ្ញុំមើលច្បាប់ចរាចរណ៍មួយចំនួន ផ្លាកសញ្ញា ការបើកបររបស់ខ្ញុំលើផ្លូវមានសុវត្ថិភាពល្អដែរណ ល្គឹកណាគេមកប៉ះទេ ព្រោះខ្ញុំបើកបរខ្ញុំដឹងថាសរាចរណ៍បែបម៉េច យើងត្រូវធ្វើទៅតាមក្បួនខ្នាតចរាចរណ៍ ប៉ុន្តែបារម្មណ៍ត្រង់ថាក្នុងករណីដែលមានគេប៉ះខ្ញុំ ប៉ះឡាន ពេលដែលប៉ូលីសគាត់ឆែកឆេ គឺវាអាចមានបញ្ហាសំរាប់ខ្ញុំដែរ ព្រោះយើងអត់មានប័ណ្ណបើកបរវាអាចជាកំហុសឆ្គងមួយដែរ“។

នៅពេលសួរថា ហេតុអ្វីបានជាលោកមិនដាក់ពាក្យសុំប្រឡងយកប័ណ្ណបើកបររថយន្តនៅមន្ទីរសាធារណការ និងដឹកជញ្ជូន? លោកថា មិនហ៊ានទៅនោះទេ ដោយសារគាត់មិនបានឆ្លងកាត់រៀនទ្រឹស្តីនៅសាលានិងខ្លាចមិនមានរថយន្តសម្រាប់ឲ្យជនពិការប្រឡង។

មាត្រា២៥ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកម្ពស់សិទ្ធិជនពិការមានខ្លឹមសារថា ក្រសួងទទួលបន្ទុកវិស័យសាធារណការនិងដឹកជញ្ជូនត្រូវចេញប័ណ្ណសម្គាល់យានយន្តនិងប័ណ្ណបើកបរពិសេសដល់ជនពិការ។

ក្រុមជនពិការថា ពួកគេចង់មានប័ណ្ណបើកបរម៉ូតូនិងរថយន្តដូចមនុស្សធម្មតាដែរ ដោយពួកគេថាមិនចង់ពឹងពាក់បងប្អូន សាច់ញាតិ និងមិត្តភ័ក្តិឲ្យជួយជូនទៅធ្វើការងារនិងជូនទៅណាមកណាទេ ព្រោះខ្លាចចិត្តនិងរំខានពួកគេផងដែរ។

វ័យជាង២៦ឆ្នាំ អង្គុយលើរទេះរុញ លោក មាន វិបុលរតនៈ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់មានបំណងសន្សំលុយទិញរថយន្ត ដើម្បីងាយស្រួលធ្វើដំណើរទៅធ្វើការងារនិងការពារសុវត្ថិភាព។ ប៉ុន្តែលោកថានៅពេលឮព័ត៌មានភាគច្រើនពីបងប្អូនជនពិការដូចគ្នាថាពិបាកស្នើសុំរៀនបើកបរ ករណីនេះធ្វើឲ្យរូបលោកខកចិត្ត ដោយថាមិនមានសិទ្ធិស្មើគ្នាដូចនឹងមនុស្សធម្មតា។

ទោះជាបែបនេះក្តី លោក មាន វិបុលរតនៈ ស្នើទៅរដ្ឋាភិបាលឬសាលាបង្រៀនបើកបរឯកជនទំាងអស់សហការគ្នាបង្កើតឲ្យមានគណៈកម្មការត្រួតពិនិត្យនិងវាយម្លៃលើពិការភាពប្រភេទណា ដែលមានសិទ្ធិសុំរៀនបើកបរនិងផ្តល់ប័ណ្ណបើកបរឲ្យបានដូចអ្នកមិនពិការភាពដែរ៖ “ខ្ញុំក៏សំណូមពរដល់រាជរដ្ឋាភិបាលគួរមានកន្លែងមួយ សំរាប់បង្រៀនបើកបរ ក៏ដូចជាមានកន្លែងមួយសំរាប់ផ្តល់សេវាកម្មនៃការបើកបរដល់បងប្អូនជនពិការ ពេលគាត់ទៅប្រឡង ហើយគាត់អាចមានសិទ្ធិក្នុងការទទួលបានប័ណ្ណបើកបរស្របច្បាប់ដូចគេ ដូចឯង ដើម្បីលើកទឹកចិត្តក៏ដូចជាលុបបំបាត់ការរើសអើងចំពោះជនពិការផងដែរ“។

មាត្រា២១ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកម្ពស់សិទ្ធិជនពិការឲ្យដឹងទៀតថា លក្ខណៈវិនិច្ឆ័យប្រភេទនិងកម្រិតនៃពិការភាពត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យសង្គមកិច្ចនិងរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសុខាភិបាល។ រីឯកម្រិតនៃពិការភាពរបស់យោធិ ត្រូវមានការចូលរួមពីក្រសួងទទួលបន្ទុកវិស័យការពារជាតិ។

អង្គុយលើរទះរុញ ពិការជើងទំាងសងខាង អ្នកនាង សេង រ៉ានី និយាយថា បើរដ្ឋាភិបាលមិនជំរុញទៅស្ថាប័នពាក់ព័ន្ធឲ្យសហការជាមួយសាលាបង្រៀនឯកជន ដើម្បីរៀបចំរថយន្តសម្រាប់បង្រៀនជនពិការទេ គាត់ថានឹងធ្វើឲ្យជនពិការជួបបញ្ហាប្រឈម ជាពិសេសសុវត្ថិភាពធ្វើដំណើរ នឹងអាចឈានដល់ការផាកពិន័យចំពោះជនពិការដែលបើករថយន្តមិនមានប័ណ្ណបើកបរ៖ “ខ្ញុំចង់ឲ្យរដ្ឋាភិបាលធ្វើឲ្យមានប័ណ្ណបើកបរសំរាប់ជនពិការ ធម្មតាប៉ូលីសគេកាន់តែច្បាប់ទេ ដូចថាច្បាប់ពិន័យគេធ្វើច្បាប់មកឲ្យដូចៗគ្នាទំាងអស់មិនដឹងថាយើងពិការឬយើងអត់ពិការទេ គេធ្វើតាមច្បាប់ ពិន័យផាកលុយកាក់ទៅ ខ្ញុំឮតែគេនិយាយតៗគ្នាថាច្បាប់(ច្បាប់ថ្មីផាកពិន័យ)ធ្ងន់ជាងច្បាប់ចាស់“។

បុគ្គលិកនៅក្រុមហ៊ុនសាលាបង្រៀនបើកបរ២៣តុលានៅសាខាក្បែរផ្សារស្ទឹងមានជ័យ កញ្ញា ពិន សុគន្ធ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់មិនដែលឃើញជនពិការមកស្នើសុំរៀនបើកបរនោះទេ។ កញ្ញាថា បើសិនជាជនពិការចង់សុំរៀនបើកបរ សាលានឹងទទួលយក។ ប៉ុន្តែកញ្ញាថា ចំពោះការប្រឡងយកប័ណ្ណបើកបរវិញ សាលាមិនដឹងថាក្រសួងព្រមឲ្យប្រឡងឬយ៉ាងណានោះទេ៖ពេលប្រឡងសាលាគេបញ្ជូនទៅក្រសួង ព្រោះមុននឹងប្រឡង គេពិនិត្យកាយសម្បទា គេខ្លាចយើងជើងសិប្បនិមិ្មត គេត្រូវពិនិត្យកាយសម្បទា បើខាងក្រសួងគេយកបាន អាហ្នឹងបានហើយ បើខាងក្រសួងគេយកអត់បាន ខាងសាលាអត់ដឹងធ្វើម៉េចដែរ“។

ចំណែកបុក្គលិកនៅសាលាបង្រៀនបើករបរដៃធំ II នៅម្តុំគិរីរម្យ រាជធានីភ្នំពេញ លោក សោម វាន់ដា ទទួលស្គាល់ថា កន្លងមកពិតជាមានជនពិការច្រើនមកសុំរៀនបើកបរមែន តែលោកថាសាលាមិនទទួលនោះទេ ដោយថាចំាការអនុញាតពីរដ្ឋាភិបាលជាមុនសិន៖ “ទាល់តែរាជរដ្ឋាភិបាលគាត់បង្កើតគណៈកម្មាធិការកណ្តាលបានយើងមានសិទ្ធិធ្វើឡានសំរាប់បង្រៀនគាត់ ត្រៀមឯកសារសំរាប់យកទៅមន្ទីរសាធារណការឬក្រសួងសាធារណការតាមខេត្ត/រាជធានី ដើម្បីឲ្យគាត់ប្រឡង“។

លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាមានប្រសាសន៍ថា កន្លងមកអង្គការរបស់លោកធ្លាប់ស្នើទៅក្រុមប្រឹក្សាសកម្មភាពជនពិការនិងក្រសួងសង្គមកិច្ចជាច្រើនដងឲ្យគិតគូបង្កើតគណៈកម្មាធិការអន្តរក្រសួងវាយតម្លៃជនពិការប្រភេទណាដែលអាចទទួលបានប័ណ្ណបើករបរបានដូចជនមិនពិការដែរ តែមិនទាន់មានការឆ្លើយតបនៅឡើយ។ លោកបន្តថា៖ “អ្វីដែលយើងបានដឹង ការជួបគ្នាកន្លងមកនេះ គឺគណៈកម្មាធិការមកពីក្រសួងសុខាភិបាល មកពីក្រសួងសង្គមកិច្ច គណៈកម្មាធិការមកពីក្រសួងដឹកជញ្ជូន ប៉ុន្តែយើងក៏សំណូមពរឲ្យមានអ្នកជំនាញដែលធ្វើការលើវិស័យពិការភាព ដូចជាអង្គការជនពិការកម្ពុជានិងអង្គការ HI អង្គការជនពិការអន្តរជាតិលោកបានចូលរួមដែរ ដើម្បីផ្តល់ជាបច្ចេកទេសនិងយោបល់មួយចំនួនថា តើកំណត់ប្រភេទពិការបែបម៉េច ដើម្បីផ្តល់ប័ណ្ណបើកបរ ដើម្បីឲ្យពួកគាត់អាចមានឱកាសស្មើគ្នាក្នុងការទទួលការងារនិងចូលរួមបំរើសង្គមដូចអ្នកមិនពិការដែរ“។

ឆ្លើយតបនឹងករណីនេះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក សែម សុខា មានប្រសាសន៍ថា ក្រសួងកំពុងសហការជាមួយក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច និងក្រសួងមួយចំនួនទៀត ដើម្បីប្រមូលឯកសារសម្រាប់រៀបចំសិក្ខាសាលាជាមួយស្ថាប័នពាក់ព័ន្ធ រួមជាមួយអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិជនពិការនោះផងដែរ ដើម្បីងាយស្រួលវាយតម្លៃលើជនពិការប្រភេទណា ដែលអាចមានសិទ្ធិរៀននិងប្រឡងយកប័ណ្ណបើកបរបាន៖ “យើងត្រូវសិក្សាច្រើនណាស់ ទីមួយសិក្សាពីច្បាប់ជាតិយើង ទីពីរច្បាប់អន្តរជាតិដែលទាក់ទងនឹងបទដ្ឋានផ្សេងៗជាស្តង់ដារ យើងយកពីជប៉ុន យកពីអាមេរិក យកពី WHO ហើយយើងដាក់ចុះឲ្យការពិភាក្សា គឺយើងបានធ្វើសិក្ខាសាលារួមគ្នាមួយ ដើម្បីយើងយកប្រមូលធាតុចូល ដើម្បីយើងដាក់នៅក្នុងប្រកាសនិងអនុក្រឹត្យរបស់យើង“។

ទោះជាយ៉ាងណា លោក សែម សុខា មិនបានកំណត់ពេលវេលាណាមួយច្បាស់លាស់ក្នុងការជួបប្រជុំធ្វើសិក្ខាសាលានោះនៅឡើយ ដោយថាមុនចេញសេចក្តីប្រកាសអន្តរក្រសួងមួយៗត្រូវកំណត់ចន្លោះពី៦ខែទៅ៩ខែ។

តាមរបាយការណ៍របស់អង្គការជនពិការកម្ពុជាបង្ហាញថា បច្ចុប្បន្នមានជនពិការប្រមាណជា១៥ភាគរយនៃប្រជាជនសរុបជាង១៤លាននាក់។ តួលេខនេះច្រើនជាងរដ្ឋាភិបាលដែលអះអាងថាកម្ពុជាមានជនពិការត្រឹមតែ២,១ភាគរយតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ