គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុញ្ញាតឲ្យភ្នាក់ងារមកពីគណបក្សនយោបាយនានាសរុបជិត៦ពាន់នាក់ចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោតដែលចាប់ផ្តើមកាលពីដើមខែនេះ។
តាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញថា មានភ្នាក់ងារសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតពេញសិទ្ធិចំនួន៥ ៨០៧នាក់ ក្នុងនោះមានជាស្ត្រីសរុប៥១៨នាក់ ដែលមកពីគណបក្សចំនួន៩ ដូចជាគណបក្សប្រជាជន(២ ០៧៦នាក់) គណបក្សសង្គ្រោះជាតិ (២ ៦២០នាក់) គណបក្សហ្វ៊ុនស៊ិនប៉ិច (៣១៧នាក់) គណបក្សខ្មែររួបរួមជាតិ (២៦១នាក់) គណបក្សអំណាចពលរដ្ឋខ្មែរ (៩នាក់) គណបក្ស សម រង្ស៊ី (១នាក់) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (១នាក់) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (៣នាក់) និងសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (១នាក់)។
គួរបញ្ជាក់ថាដំណើរការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១ខែកញ្ញាដល់ចុងខែវិច្ឆិកាឆ្នាំ២០១៦។
គ.ជ.ប រំពឹងថាអ្នកទៅចុះឈ្មោះបោះឆ្នោតអាចមានជាង៩លាន៦សែននាក់(៩,៦៦៤,២១៦)ក្នុងចំណោមពលរដ្ឋជាង១៥លាននាក់៕