មេដឹកនាំហ្វីលីពីន លោក Rodrigo Duterte បានទាមទារឲ្យអាមេរិកដកទីប្រឹក្សាកងទ័ពរបស់ពួកគេចេញពីភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែភាគីអាមេរិកបាននិយាយថា មិនទាន់ទទួលបានសំណើជាផ្លូវការពីហ្វីលីពីននៅឡើយទេ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២រហូតដល់ឆ្នាំ២០០៦ ទីប្រឹក្សាយោធាអាមេរិកត្រូវបានដាក់ពង្រាយនៅតំបន់មិនដាណាវ ដើម្បីជួយបង្វឹកកងទ័ពហ្វីលីពីនប្រយុទ្ធប្រឆាំងពួកបះបោរមូស្លីមជ្រុលនិយម ប៉ុន្តែចំនួននោះបានធ្លាក់ចុះរហូតនៅប៉ុន្មានឆ្នាំថ្មីៗនេះ។
មួយសប្ដាហ៍ក្រោយពីហៅប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថា «កូនស្រីខូច» នោះ មេដឹកនាំមាត់មិនសំចៃរូបនេះបាននិយាយកាលពីថ្ងៃម្សិលមិញថា កងទ័ពពិសេសអាមេរិកនៅក្នុងតំបន់នោះត្រូវតែចាកចេញ។
ប៉ុន្តែ AFP បានដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានការពារសម្ដីលោក Duterte ដោយនិយាយថា ហ្វីលីពីនចង់ជួយសង្គ្រោះជីវិតទាហានអាមេរិកទាំងនោះដែលអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារការវាយប្រហារពីពួកបះបោរ។
ចំណែកឯក្រសួងការពារជាតិនិងក្រសួងការបរទេសអាមេរិកវិញបាននិយាយថា ពួកគេមិនទាន់ទទួលបានការទាក់ទងផ្លូវការពីក្រុងម៉ានីលអំពីការទាមទារឲ្យដកទីប្រឹក្សាកងទ័ពនោះនៅឡើយទេ៕