សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ប្រមាណ២០នាក់នៅព្រឹកថ្ងៃពុធនេះបានប្រមូលផ្តុំគ្នាដាក់ញត្តិទៅកាន់ធនាគារពិភពលោក ដើម្បីឲ្យស្ថាប័នម្ចាស់ជំនួយមួយនេះ បន្តជម្រុញទៅរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងតំណាងរបស់ពួកគេគឺអ្នកស្រី ទេព វន្នី។
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានកម្លាំងសន្តិសុខរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែសីហា កន្លងមក អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។
អ្នកស្រី បូវ សោភា ត្រូវបានដោះលែង ខណៈតុលាការបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី ដោយចោទប្រកាន់បន្ថែមពីបទប្រមាថអ្នករាជការសាធារណៈ នៅក្នុងករណីដាច់ដោយឡែកមួយទៀតដែលបានកើតឡើងក្នុងឆ្នាំ២០១៣។
តំណាងពលរដ្ឋបឹងកក់ម្នាក់អ្នកស្រី បូវ សោភា ឲ្យដឹងថា ពេលពលរដ្ឋតវ៉ាសមត្ថកិច្ចបែរជាប្រើហិង្សានិងចាប់ពលរដ្ឋដាក់ពន្ធនាគារទៅវិញ ដែលបញ្ហានេះអ្នកស្រីថាធនាគារពិភពលោកត្រូវទទួលខុសត្រូវ។
អ្នកស្រីបន្ថែមថា៖ “ករណីចាប់អ្នកស្រី ទេព វន្នី គេ [សមត្ថកិច្ច] យកករណីដីធ្លីតាំងពីឆ្នាំ២០១១ ២០១៣ ដើម្បីលើកយកមកសវនាកាដាក់បន្ទុកលើគាត់ អញ្ចឹងរឿងនៅតំបន់បឹងកក់មិនទាន់ចប់សព្ធគ្រប់ទេ អញ្ចឹងពួកខ្ញុំសូមសំណោមពរឲ្យធនាគារពិភពលោក គាត់ជាអ្នកទទួលខុសត្រូវបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ដែលកំពុងតែមានបញ្ហាទាំងអស់នេះ”។
បន្ទាប់ពីពលរដ្ឋប្រមូលផ្តុំជិត២ម៉ោង មន្ត្រីធនាគារពិភពលោក លោក ប៊ូ សារឿន បានចេញមកទទួលញត្តិពីពលរដ្ឋ ប៉ុន្តែមិនបានសន្យាអ្វីនោះទេ។
បន្ទាប់ពីដាក់ញត្តិនៅធនាគារពិភពលោកសកម្មជនដីធ្លីទាំងនោះ បានបន្តទៅដាក់នៅសហគមន៍អ៊ឺរ៉ុបទៀត ដោយសុំឲ្យឯកអគ្គរដ្ឋទូតអន្តរាគមនទៅរដ្ឋាភិបាលឲ្យដោះលែងតំណាងរបស់ពួកគេផងដែរ។
អ្នកស្រីបន្ថែមថា៖ “បើសហគមន៍អ៊ឺរ៉ុបគាត់ទំលាក់លុយមកទៀត មិនទំលាក់ឲ្យរដ្ឋាភិបាលមានកំលាំងធ្វើហិង្សាមកលើប្រជាពលរដ្ឋចាប់ម្ចាស់ដីដាក់គុក ប្តឹងប្រជាពលរដ្ឋទៀតហើយ អញ្ចឹងសុំសហគមន៍អ៊ឺរ៉ុបគួរតែនិយាយឡើងវិញពីជំនួយគាត់”។
គួរបញ្ចាក់ថាការប្រមូលផ្តុំដាក់ញត្តិរបស់ប្រជាពលរដ្ឋនៅថ្ងៃពុធនេះក៏មានកំលាំងសន្តិសុខខណ្ឌនិងកំលាំងសមត្ថកិច្ចប្រមាណ៣០នាក់ ឃ្លាំមើលនិងបានរុញច្រានពលរដ្ឋតិចតួចដែរ ប៉ុន្តែមិនបានបង្កជាអំពើហិង្សានោះទេ៕












