សង្គមស៊ីវិល៖ សកម្មភាពលើកស្ទួយសិទ្ធិមនុស្សនៅតែបារម្ភទោះសហគមន៍អន្តរជាតិជំរុញរដ្ឋាភិបាល

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថាសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា នៅតែស្ថិតក្នុងការភ័យខ្លាច បើទោះបីប្រទេសជាង៣០នៅលើពិភពលោកជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយបក្សប្រឆាំងក៏ដោយ។

កាលពីថ្ងៃទី១៤ខែកញ្ញា ប្រទេសចំនួន៣៦មានសហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហា្ញញជំហររួមគ្នាថា ស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ប្រទេសទាំងនោះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាខិតខំជាអតិបរមាបង្កើតឲ្យមានបរិយាកាសនយោបាយមួយ ដោយថាឲ្យគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល អាចធ្វើសកម្មភាពបានដោយសេរី ដោយគ្មានការភ័យខ្លាច។

ជាងនេះទៅទៀត ប្រទេសទាំង៣៦នោះបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជំរុញដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិ។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាសេចក្តីប្រកាសរួមរបស់សហគមន៍អន្តរជាតិនេះ លោកថាជាសារមួយជំរុញឲ្យរដ្ឋាភិបាលពិចារណាឡើងវិញពីការធ្វើឲ្យប្រសើរនៃការគោរពសិទ្ធិមនុស្សនិងសិទ្ធិធ្វើនយោបាយនៅកម្ពុជា។

ប៉ុន្តែលោក អំ សំអាត ថាបើគណបក្សធំៗពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនវិលទៅរកតុចរចាស្វែងរកដំណោះស្រាយនយោបាយបានទេ លោកថាសេរីភាពបញ្ចេញមតិនៅតែត្រូវគេរឹតបន្តឹង ហើយការធ្វើសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនៅតែស្ថិតក្នុងការព្រួយបារម្ភ។

លោកបន្តថា៖ «បើយើងមើលស្ថានភាពនៅកម្ពុជា កម្តៅនយោបាយនៅបន្តតានតឹងខ្លាំងឡើង។ ហើយយើងនៅតែព្រួយបារម្ភពីស្ថានការនយោបាយនេះនៅពេលខាងមុខទៀត បើគណបក្សនយោបាយទាំងពីរមិនមានច្រកណាមួយដើម្បីចរចា ដើម្បីបញ្ចុះកម្តៅនយោបាយទេ វាអាចនឹងមានបាតុភាពផ្សេងៗនឹងអាចកើតឡើងជាបន្តបន្ទាប់នោះបាទ»។

នាយិការអង្គការសីលាការ ដែលជាអង្គការធ្វើការលើកស្ទួយសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ លោកស្រី ធីតា ឃិះ លើកឡើងប្រហាក់ប្រហែលថា ការបង្ហាញជំហររបស់ប្រទេសទាំង៣៦នោះ ជាការលើកទឹកចិត្តមួយផ្នែកដល់មន្ត្រីដែលធ្វើការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជានិងជាសារមួយបង្ហាញទៅរដ្ឋាភិបាលថាបញ្ហាសិទ្ធិមនុស្សនិងស្ថានការណ៍នយោបាយនៅកម្ពុជា ពេលនេះត្រូវបានពិភពលោកដឹងឮនិងកំពុងយកចិត្តទុកដាក់។

ប៉ុន្តែលោកស្រី ធីតា ឃិះ អះអាងថាសកម្មភាពលើកស្ទួយសិទ្ធិមនុស្សរបស់អង្គការសង្គមស៊ីវិល ការសម្តែងមតិនានារបស់ប្រជាពលរដ្ឋនៅតែជាក្តីបារម្ភ បើរដ្ឋាភិបាលមិនបង្ហាញជំហរទទួលយកការអំពាវនាវរបស់សហគមន៍អន្តរជាតិនេះទៅពិចារណាហើយឆ្លើយតបដោយភាពវិជ្ជមាននោះ។

លោកស្រីថា៖ «យើងមានសកម្មជនសិទ្ធិមនុស្សរបស់យើងជាប់ពន្ធនាគារ៥នាក់ ហើយយើងមានការចល័តទ័ព នៅក្នុងទីក្រុងអី អញ្ចឹងធ្វើឲ្យយើងមានការព្រួយបារម្ភ ហើយការដែលយើងមានការព្រួយបារម្ភទៀតនោះ គឺការបញ្ចេញមតិនិងការប្រមូលផ្តុំ។ [ប៉ុន្តែ] យើងសប្បាយរីករាយ ដោយសារឃើញគេ [ប្រទេសទាំង៣៦]ចេញ មានន័យថាពួកបានដឹងជាសាក្សីនូវអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជាអញ្ចឹងមែន»។

អ្នកនាំពាក្យគណបក្សប្រជាជនដែលកំពុងគ្រប់គ្រងអំណាច លោក សុខ ឥសាន លើកឡើងថាក្តីបារម្ភរបស់បណ្តាលប្រទេសទាំង៣៦នេះ លោកថាហាក់មិនបានផ្សារភ្ជាប់ទៅនឹងស្ថានការពិតនៅកម្ពុជាទេ ហើយថារដ្ឋាភិបាលពិបាកទទួលយកនូវការលើកឡើងនេះ។

លោកបន្តថា៖ «បច្ចុប្បន្ននេះមិនមែនជម្លោះរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេ តែធាតុពិតជាការប្រឈមមុខគ្នារវាងអ្នកនយោបាយនៅក្នុងជួរគណបក្សសង្គ្រោះជាតិជាមួយនឹងផ្លូវច្បាប់តែប៉ុណ្ណោះ កុំឲ្យគាត់[ប្រទេសទាំង៣៦]យល់ច្រឡំ។ ឥឡូវបើឲ្យចរចាគា្ន ដើម្បីដោះលែងអ្នកទោសដែលប្រព្រឹត្តិល្មើសច្បាប់ តើឲ្យយកនីតិរដ្ឋទៅដាក់នៅកន្លែងណា? ហើយយកវប្បធម៌និទណ្ឌភាពមកអនុវត្តឬយ៉ាងណា? ដែលវាផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងខ្លឹមសារនៃរដ្ឋធម្មនុញ្ញនៃព្រះរាជជាណាចក្រកម្ពុជា»។

កាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០១៦ តុលាការបានសម្រេចឲ្យឃុំខ្លួនមន្រ្តីអាដហុក៤រូបមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា ចោទពីបទសមគំនិតនិងសូកប៉ាន់សាក្សី ទាក់ទិននឹងសំនុំរឿងមួយដែលអ្នកវិភាគថាជាការរៀបចំទុករបស់រដ្ឋាភិបាល ដើម្បីទាញទម្លាក់ប្រជាប្រិយភាពបក្សប្រឆាំង។

មន្ត្រីសមាគមអាដហុក លោក ឡាត់ គី លើកឡើងថាសេចក្តីប្រកាសរួមរបស់បណ្តាប្រទេសទាំង៣៦នោះថា ជាសារមួយដ៏មានតម្លៃ បានចូលរួមចំណែកក្នុងការជំរុញឲ្យរដ្ឋាភិបាលគោរពសសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែលោកថា ភាពជោគជ័យនៃការជំរុញនេះ ស្ថិតនៅលើឆន្ទៈរបស់រដ្ឋាភិបាល។

លោកថា៖ «ខ្ញុំយល់ថាជាទស្សនៈកែលម្អទេ ដូច្នេះគួរទទួលយកដើម្បីធ្វើយ៉ាងម៉េចកែលម្អបញ្ហាហ្នឹងឲ្យបានល្អ ទាំងអស់គ្នាបាទ»។

ទោះជាយ៉ាងណាប្រទេសទាំង៣៦នោះមិនបានបង្ហាញថានឹងមានចំណាត់ការបែបណាទៅលើរដ្ឋាភិបាលកម្ពុជាទេ បើរដ្ឋាភិបាលកម្ពុជាមិនទទួលយកការព្រួយបារម្ភរបស់ខ្លួននោះ ដោយគ្រាន់តែបញ្ជាក់ថា ពួកគេត្រៀមជាស្រេចក្នុងការជួយប្រទេសនិងប្រជាជនកម្ពុជា ក្នុងការដោះស្រាយកង្វល់ទាំងនេះតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។

ប៉ុន្តែអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថាកាលពីមុនប្រទេសទាំងនោះគេបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភនេះដាច់ដោយឡែកពីគ្នា ប៉ុន្តែលោកថាពេលនេះប្រទេសទាំងនោះបានចេញសារការទូតរួមគ្នាចំនួន៣៦ប្រទេស ដែលលោកថានេះជាសារព្រមានដល់រដ្ឋាភិបាលកម្ពុជាជាលើកទី២។

បើតាមលោក មាស នី ការចល័តកងទ័ពក្នុងរាជធានីកន្លងទៅ លោកថាក៏ជាសញ្ញាភ័យខ្លាចរបស់រដ្ឋាភិបាលទៅលើកម្លាំងមហាជនដែរ។ តែលោកវិភាគថាសម្ពាធពីសហគមន៍អន្តរជាតិនឹងធ្ងន់ធ្ងរជាងនេះ បើមេដឹកនាំកម្ពុជា នូវតែធ្វើមិនដឹងមិនឮពីការជំរុញឲ្យគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយពីសហគមន៍អន្តរជាតិនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ