កម្មកររោងចក្រកាត់ដេរប្រមាណ១០០នាក់របស់ក្រុមហ៊ុន ខូស៊ីកហ្គាមិន ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្សតិ៍នេះបានបន្តប្រមូលផ្តុំគ្នាតវ៉ាមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។
ក្រុមកម្មករឲ្យដឹងថាថៅកែរោងចក្របានបិទទ្វារោងចក្រដោយមិនបានជូនដំណឹងនិងប្រាប់ពីមូលហេតុដល់កម្មករនោះទេ។ ហើយកម្មករបានកូដកម្មក្នុងរោងចក្រតាំងពីថ្ងៃទី១កញ្ញានិងចេញតវ៉ាមុខរោងចក្រកាលពីថ្ងៃពុធម្សិលម៉ិញរហូតថ្ងៃព្រហស្សតិ៍នេះមិនទាន់បានដំណោះស្រាយទេ។
កម្មករផ្នែកដេរអ្នកស្រី ហន សេងហ៊ន ប្រាប់អ្នកសារព័ត៌មានថា ករណីរោងចក្របិទទ្វានេះថៅកែមិនបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាំងពីខែសីហា២០១៦ម្លេះ។
អ្នកស្រីបន្ថែមថាកម្មករទាមទារឲ្យក្រុមហ៊ុនត្រូវទូរទាត់សំណងជូនពួកគេឲ្យស្របតាមច្បាប់ស្តីពីការងារដែលគិតជាសរុប អ្នកស្រីថាក្រុមហ៊ុនជំពាក់កម្មករម្នាក់ប្រហែលជាង៥០ដុល្លារ។
អ្នកស្រីបន្ថែមថា៖ “ខ្ញុំទាមទារមានលុយឆាំ លុយ៥% លុយប្រាក់ខែ ខែ៨(សរុបទាំងលុយថែមម៉ោងជិត២០០ដុល្លារ) លុយប្រាក់ខែ ខែ៩ ចុងក្រោយលុយអតីតភាពការងារ បើសរុបទាំងប្រហែលជា៥ទៅ៦រយដុល្លារ”។
កម្មករម្នាក់ទៀតអ្នកស្រី គូន ណារី រៀបរាប់ថាពេលក្រុមហ៊ុនបិទទា្វមិនបើកប្រាក់ឈ្នួលជូននេះ បានធ្វើឲ្យអ្នកស្រីជួបការលំបាកជាច្រើនដូចជា គ្មានលុយបង់ថ្លៃទឹកភ្លើង ទិញម្ហូបប្រចាំថ្ងៃ ថ្លៃកូនរៀន ជាពិសេសនៅរដូវបុណ្យភ្ជុំនេះ អ្នកស្រីគ្មានលុយសម្រាប់ចាយវាយនោះទេ។
អ្នកស្រីបន្ថែមថា៖ “ពួកយើងជំពាក់លុយគេ[ម្ចាស់ផ្ទះ]២ខែហើយ ឲ្យតែដល់ថ្ងៃទី១០គឺម្ចាស់ផ្ទះគេទារលុយថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង គឺយើងគ្មានលុយឲ្យគេទេ មិនត្រឹមតែប៉ុណ្ណោះ ពួកខ្ញុំខ្ចីលុយចាយសិនក៏គេមិនឲ្យដែរ ព្រោះគេខ្លាចយើងគ្មានលុយសងគេ ព្រះគេដឹងថារោងចក្រយើងបិទ”។
មន្រ្តីរដ្ឋបាលរោងចក្រ ខូស៊ីកហ្គាមិន លោក លូ កុកឆាយ មានប្រសាសន៍ថាថៅកែពិតជារត់ចោលកម្មករពិតមែនដោយមិនបានទូរទាត់សំណងអ្វីជូនកម្មករនោះទេ ប៉ុន្តែលោកថាម្ចាស់អាគាររោងចក្របានធានាសង់ប្រាក់មួយចំនួនជូនកម្មករគឺប្រាក់ខែគោលនិងប្រាក់ថែមម៉ោងក្នុងខែសីហា។
ករណីម្ចាស់អាគារចេញមុខសង់ប្រាក់មួយចំនួនជូនកម្មករនេះ មន្រ្តីរដ្ឋបាលរូបនោះបញ្ជាក់ថាដោយសារម្ចាស់អាគារប្រញាប់ជួលអាគារនោះទៅឲ្យថៅកែថ្មីទៀត។
លោកបន្ថែមថា៖ “គាត់[ម្ចាស់អាគារ]លើកហេតុផលថាប្រញាប់ជួលទៅឲ្យថៅកែថ្មីៗផ្សេងទៀត ដើម្បីបន្តការងាររបស់គាត់ គាត់ថាប្រសិនបើគាត់មិនជួលបន្តទៀតទេ គាត់ក៏ខាតដែរ”។
ឆ្លើយតបភ្លាមៗជាមួយមន្រ្តីរដ្ឋបាលនេះ ក្រុមកម្មករអះអាងថាពួកគេមិនទទួលយកនោះទេ ដោយទាមទារឲ្យទូរទាត់សំណងតាមច្បាប់ការងារ បើមិនដូច្នេះទេពួកគេនឹងបន្តតវ៉ាដល់ក្រសួងការងារនិងផ្ទះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
អនុប្រធានសហព័ន្ធសហជីពសាមគ្គីការងារលោក ឡោ សុភ័ក្រ ដែលដឹកនាំកម្មករតវ៉ានៅព្រឹកនេះមានប្រសាសន៍ថា លោកហាក់មានចម្ងល់ចំពោះម្ចាស់អាគារដែលចេញមុខសង់លុយជូនកម្មករជំនួសថៅកែរនេះ។ តែយ៉ាងណាលោកថា បើម្ចាស់អាគារចង់សង់ ត្រូវសង់ឲ្យស្របតាមច្បាប់ការងារ ដែរមិនអាចសង់តែប្រាក់ខែគោល និងប្រាក់ថែមម៉ោងនោះទេ។
លោកថាតាមច្បាប់ការងារពេលរោងចក្របិទទ្វា ថៅកែត្រូវទូរទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករដូចប្រាក់អតីតភាពកាងារនិងប្រាក់បំណាច់ឆ្នាំជាដើម។
លោកបន្ថែមថា៖ “ពេលរោងចក្របិទទ្វា អញ្ចឹងក្រុមហ៊ុនត្រូវទូទាត់ប្រាក់ខែចុងក្រោយឲ្យកម្មករ ទី២គឺប្រសិនបើរោងចក្រមានកិច្ចសន្យា ក្រុមហ៊ុនត្រូវតែទូរទាត់ប្រាក់កិច្ចសន្យាជូនពួកគាត់ទាំងអស់មានលុយ៥% និងបំណាច់ឆ្នាំទៀត”។
គួរបញ្ជាក់ថារោងចក្រ ខូស៊ីកហ្គាមិន មានកម្មករសរុប៤១៨នាក់ ដោយកម្មករខ្លះអះអាងថា ខ្លួនបានធ្វើនៅរោងចក្រនេះពី២ទៅ៣ឆ្នាំហើយ៕