ឯកអគ្គរាជទូត​កម្ពុជានៅ UN ឆ្លើយ​តប​នឹងការ​រិះគន់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា

សកម្មជន​ដែលទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិមនុស្ស​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​(រូបថត៖ញឹម សុខន​)

ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាបានផ្ញើលិខិតមួយទៅកាន់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដោយបានច្រានចោលការលើកឡើងរបស់គណៈប្រតិភូមួយចំនួន ដែលរិះគន់ស្ថានភាពនយោបាយនៅកម្ពុជាថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោក នៃ សំអុល អ្នកតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិនិងអង្គការពាណិជ្ជកម្មពិភពលោក លើកឡើងថាអង្គការនិងគណបក្សនយោបាយនៅកម្ពុជា កំពុងធ្វើសកម្មភាពដើម្បីតែកេងចំណេញនយោបាយខ្លួន ដោយបានញុះញង់និងបង្កឲ្យស្ថានភាពបច្ចុប្បន្នកាន់តែល្អក់កករឡើង ពិសេសធ្វើឲ្យមានអស្ថិរភាពក្នុងប្រទេសកម្ពុជាទៀតផង។ នេះដោយយោងតាមលិខិតរបស់លោកចុះថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញ។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថា៖ “អង្គភាពឬក្រុមអ្នកនយោបាយមិនគួរលាក់ខ្លួនក្រោមរបាំងសិទ្ធិមនុស្ស សម្រាប់ដើម្បីបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងភាពសុខដុមរមនារបស់សង្គមជាតិ សម្រាប់បម្រើផលប្រយោជន៍នយោបាយទុច្ចរិតរបស់ខ្លួននោះទេ។ រាល់ទង្វើដែលបង្កឲ្យមានភាពអនាធិបតេយ្យនិងផ្ទុយពីច្បាប់ ការញុះញង់ឲ្យមានការស្អប់ខ្ពើមគ្នា មិនគួរត្រូវបានលើកលែងឲ្យឡើយ ទោះបីអ្នកប្រព្រឹត្តនោះជានរណាក៏ដោយ”។

កាលពីថ្ងៃទី១៤ខែកញ្ញា ប្រទេសចំនួន៣៦មានសហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហា្ញញជំហររួមគ្នាថាស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ប្រទេសទាំងនោះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាខិតខំជាអតិបរមាបង្កើតឲ្យមានបរិយាកាសនយោបាយមួយ ដោយថាឲ្យគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរីដោយគ្មានការភ័យខ្លាច។

ជាងនេះទៅទៀតប្រទេសទាំង៣៦នោះបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជំរុញដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិ។

លោក នៃ សំអុល បានស្នើសុំឲ្យមានការចរចាគ្នាដោយចំហនិងការគោរពគ្នាទៅវិញទៅមក។ លោកថាកម្ពុជាទទួលយកគ្រប់ការផ្ដល់ជំនួយនិងយោបល់ទាំងឡាយ ប៉ុន្តែកម្ពុជាមិនស្វាគមន៍ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ