សកម្មជនដីធ្លី៤នាក់នៅតំបន់បឹងកក់ត្រូវបានតុលាការដាក់ទោសដាក់ពន្ធនាគារម្នាក់ៗចំនួន៦ខែ ក្រោយពីពួកគេចេញមុខតវ៉ារឿងដីធ្លីនិងធ្វើយុទ្ធនាការអាវខ្មៅទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្សនិងរកយុត្តិធម៌ជូនលោក កែម ឡី។
សកម្មជនដីធ្លីទំាង៤នាក់នោះរូមមាន អ្នកស្រី ទេព វន្នី, អ្នកស្រី ហេង មុំ, អ្នកស្រី គង់ ចន្ថា, និងអ្នកស្រី បូវ ឆវី។ ប៉ុន្តែតុលាការមិនបានឃុំខ្លួនស្រ្តី៣នាក់នោះទេដោយបើកសិទ្ធិឲ្យប្តឹងជំទាស់ ដោយឡែកអ្នកស្រី ទេព វន្នី តុលាការនៅបន្តឃុំខ្លួនដដែល។
ចៅក្រមជំនុំជម្រះ លោក លី សុខលេង ប្រកាសថា អ្នកទាំង៤នាក់ត្រូវចោទប្រកាន់ពីបទប្រមាថរាជការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ តាមមាត្រា៥០២និងមាត្រា៥០៤នៃក្រមព្រហ្មទណ្ឌ ដែលថាពួកគេប្រព្រឹត្តនៅមុខសាលារាជធានីភ្នំពេញកាលពីឆ្នាំ២០១១។
ខណៈដែលតុលាការសវនាការ ក៏មានសកម្មជនមួយចំនួនទៀតតវ៉ានៅក្រៅរបងតុលាការ ដោយស្នើសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់លើតំណាងពួកគេ ដោយថាពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
សកម្មជនដែលតវ៉ា អ្នកស្រី បូវ សោភា លើកឡើងថាការកាត់ទោសនេះគឺដើម្បីដាក់គំនាបមិនឲ្យពួកគាត់បន្តការតវ៉ា ជាពិសេសមិនឲ្យធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។
អ្នកស្រីមានប្រសាសន៍ថា៖ “ការចាប់អ្នកស្រី ទេព វន្នី ក៏ជារូបនាងខ្ញុំដាក់ពន្ធនាគារនៅសប្ដាហ៍ទី១៥ បញ្ហាគឺរឿងថ្ងៃចន្ទពណ៌ខ្មៅ។ ចឹងអាគេហៅថា គេចង់បំបែកសំឡេងប្រជាពលរដ្ឋ តែទីបំផុតអ្វីដែលគាត់ធ្វើពេលនេះ ខ្ញុំជឿជាក់ថាមិនមែនជាយុត្តិសាស្រ្តឈ្នះៗទេ គឺយុត្តិសាស្ត្រចាញ់ៗ ព្យាយាមបំបាក់ស្មារតីកាន់តែខ្លាំង គេកាន់តែនឹងមើលឃើញទង្វើដ៏ថោកទាបបំផុតដែលចាប់សកម្មជនដីធ្លីដាក់ពន្ធនាគារនិងត្រដែតឡើងថា ខ្លួនឯងមិនមែនជាមនុស្សបះដូងស្ម័គ្រត្រង់ បម្រើប្រជាពលរដ្ឋពិតប្រាកដទេ។ គឺព្យាយាមធ្វើបាបប្រជាពលរដ្ឋគ្រប់រូបភាពទាំងអស់ នេះគឺជាទង្វើអយុត្តិធម៌បំផុត“។
យ៉ាងណាក៏ដោយ អ្នកស្រី ប៉ូវ សោភា អះអាងថាបើទោះជារដ្ឋាភិបាលយកប្រព័ន្ធតុលាការដាក់គំនាបគាត់ ពួកគេនៅតែបន្តតវ៉ាជាពិសេសនៅតែបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាល់តែមានការដោះលែងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទាមទារយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត ដែលតាមដានករណី មានប្រសាសន៍ថា ការសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លី៤នាក់នេះ លោកថាជាការគំរាមកំហែងនិងការដាក់គំនាបទៅលើពលរដ្ឋដទៃទៀត ដើម្បីទប់ស្កាត់កុំពួកគេឲ្យចូលរួមតវ៉ានិងទាមទារផ្សេងៗទៀត។ លោកមានប្រសាសន៍ថា៖ “យើងគួរតែបញ្ចប់ការប្រើប្រាស់គំនាបឬក៏យើងប្រព័ន្ធតុលាការ ដើម្បីធ្វើការចោទប្រកាន់ទុកឲ្យតុលាការទៅជាតុលាការមួយដែលផ្ដល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលទីទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅ ហើយស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទៅអាហ្នឹងខ្ញុំគិតថា វាជាការល្អ។ អ្វីដែលជាការត្រឹមត្រូវខ្ញុំគិតថារដ្ឋាភិបាលគួរតែងាកមកទៅរកការដោះស្រាយដោយសន្តិវិធីពាក់ព័ន្ធបញ្ហាដីធ្លីនេះកុំឲ្យមានបញ្ហានៃការក្រោកឡើងនៃការតវ៉ាបន្តទៀតនាំឲ្យកើតទៅជាបញ្ហាផ្សេងៗហើយលាបពណ៌គ្នាមិនចេះចប់ទេ“។
សកម្មជនដីធ្លីឲ្យដឹងថាតុលាការចោទថា ពួកគេប្រមាថរាជការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់។ តែពួកគេថាបទល្មើសនេះត្រូវបានតុលាការចោទប្រកាន់ដោយប្តូរទីតំាងប្រព្រឹត្តបទល្មើសពីក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី កាលពីឆ្នំា២០១៣ទៅប្រព្រឹត្តនៅមុខសាលារាជធានីភ្នំពេញកាលពីឆ្នាំ២០១១វិញ ខណៈពួកគេស្នើសុំលោកនាយករដ្ឋមន្ត្រីបញ្ចេញកំាមេរ៉ាផ្ទះលោក ហ៊ុន សែន ដើម្បីបញ្ជាក់ការពិត៕
ដោយកញ្ញា ខាន់ លក្ខិណា និងលោក អឹុង ប៊ុនថន