មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិអះអាងថា នឹងពិចារណាចូលប្រជុំសភាពេញអង្គឡើងវិញនៅខែក្រោយនេះដោយថាដើម្បីបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយនិងឈានទៅកោះហៅរដ្ឋមន្ត្រីមួយចំនួនមកសាកសួរពីអព្យាក្រឹត្យភាពក្នុងនោះមានក្រសួងការពារជាតិផងដែរ។
មួយរយៈនេះគណបក្សប្រឆាំងបានប្រកាសធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គ ក្រោយពីរដ្ឋសភាប្រកាសបើកផ្លូវឲ្យតុលាការចាត់ការលើតំណាងរាស្ត្ររបស់ខ្លួន រួមទាំងប្រធានស្តីទីលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា ដោយថាជាការរំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០។
ចំណាត់ការជាបន្តបន្ទាប់ទៅលើតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិនេះ ធ្វើឲ្យបក្សប្រឆាំងគំរាមធ្វើបាតុកម្ម នៅទូទាំងប្រទេស ដោយអះអាងថាដើម្បីរើខ្លួនចេញពីការយកតុលាការធ្វើជាឧបករណ៍នយោបាយនិងថាជំរុញឲ្យស្ថានការនយោបាយឲ្យវិលមករកស្ថានភាពដើមវិញ ធានាដល់ភាពត្រឹមត្រូវនៃដំណើការបោះឆ្នោត ឆ្នាំ២០១៧និង២០១៨ខាងមុខ។
ប៉ុន្តែលោក ហ៊ុន សែន បានប្រកាសក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីថ្ងៃទី១៩ម្សិលមិញថា បក្សកាន់អំណាចនឹងទប់ស្កាត់មិនឲ្យមានការចរចាណាមួយកើតឡើងតាមរយៈការគំរាមធ្វើមហាបាតុកម្មនោះទេ ដែលលោកថាច្រកដែលអាចនិយាយគ្នាបានគឺយន្តការសភា។
លោកថា៖ «ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយគ្នាឲ្យស្រួល បាតុកម្ម ចរចា អ្ហឺស បើអញចរចាឆ្កែសុទ្ធ ប្រាប់ឲ្យហើយទៅ អាណាដែលមកគំរាមគេអញ្ចឹង។ កន្លែងតែមួយគត់ដើម្បីនិយាយគ្នាគឺសភា នៅសភាអ្នកឯងដើរចោលសភា ហើយមានពេលណាទៅជួបគ្នា កន្លែងមានមិនទៅធ្វើទេ ដើរចោល ជួនកាលអាសភាហ្នឹង វាមានប្រយោជន៍របស់វា គេមិនណាត់ជួបគ្នាមុនទេ ជួនកាលគេដើរទៅចាប់ដៃ ចាប់ដៃហើយនិយាយពីរបីម៉ាត់និយាយរឿងនេះរឿងនោះអីអញ្ចឹងទៅ វារាលដាល់ដល់រឿងនោះអីអញ្ចឹងទៅ វាអាចបង្កើតការយោគយល់គ្នាខ្លះ។ ដល់ឥឡូវមកប្រកាស បើមិនចរចាធ្វើបាតុកម្ម ទេ! អញ្ជើញប្រាប់ឲ្យច្បាស់ៗឲ្យហើយ បរទេសកុំលូកលាន់»។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានក្រោយពីចូលរួមជួបសួរសុខទុក្ខសកម្មជនរបស់ខ្លួននៅពន្ធនាគារព្រៃសនាព្រឹកថ្ងៃទី២០ខែកញ្ញានេះថា តាមកាបង្ហើបរបស់នាយករដ្ឋមន្ត្រីនិងតាមចម្លើយដ៏វិជ្ជមានរបស់សភា តាមរយៈលិខិតរបស់អ្នកតំណាងរាស្ត្រដាក់ជូនកន្លងទៅ ដែលថាស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ចំនួន៣ទាក់ទិននឹងតុលាការនោះ លោកថាតំណាងរាស្ត្របក្សប្រឆាំងនឹងពិចារណាចូលប្រជុំសភាពេញអង្គវិញ ដែលថាដើម្បីបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយ។
លោក សុន ឆ័យ បន្តថាពេលចូលប្រជុំសភាឡើងវិញ លោកថាតំណាងរាស្ត្របក្សប្រឆាំងនឹងសរសេរលិខិតទៅរដ្ឋាភិបាលកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម ក្រសួងសុខាភិបាល និងក្រសួងការពារពារជាតិមកសាកសួរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនោះបន្តថា ការកោះហៅនោះដើម្បីឲ្យមន្ត្រីទាំងនោះបញ្ជាក់ពីការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករ សេវាព្យាបាលផ្នែកសុខភាព ភាពអយុត្តិធម៌សង្គម និងពីឯករាជ្យភាពរបស់កងកម្លាំងប្រដាប់អាវុធ ដែលលោកថាតែងតែគំរាមបង្ក្រាបជាញឹកញាប់ដល់បាតុកម្មអហិង្សាដែលធានាដោយរដ្ឋធម្មនុញ្ញ។
លោកថា៖ «យើងមិនអាចបណ្តោយឲ្យកងទ័ពជាតិបញ្ចេញមតិលំអៀងទៅលើគណបក្សនយោបាយរបៀបនេះទេ។ គ្មានប្រទេសណាគេយកទ័ពមកធ្វើរបៀបនេះទេ អាហ្នឹងមានតែរបបយោធានិយម ដូច្នេះសុំឲ្យកងទ័ពយល់ពីភារកិច្ចរបស់គាត់ ជាកងទ័ពយល់ពីភារកិច្ចរបស់គាត់ កុំឲ្យច្របូកច្របល់គ្នា ត្រង់គាត់ធ្វើម៉េចខ្ញុំមិនដឹងទេ។ ប៉ុន្តែការប្រកាសជាសាធារណៈនេះ ធ្វើឲ្យគេដៀលត្មះប្រទេសយើង វាធ្ងន់ធ្ងរណាស់ត្រូវតែកែទម្រង់ ព្រោះយោធាកងទ័ព ត្រូវតែមានវិន័យ ត្រូវជាកងទ័ពការពារបូរណភាពទឹកដី ជាកងទ័ពដែលផ្តល់សេចក្តីសុខឲ្យពលរដ្ឋទាំងអស់ដោយមិនរើសមុខ»។
VODមិនអាចរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាននៅថ្ងៃអង្គារនេះ ប៉ុន្តែក្រោយពីបក្សប្រឆាំងប្រកាសធ្វើមហាបាតុម្ម លោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកបានបញ្ជាទៅកងកម្លាំងគ្រប់ប្រភេទរួចហើយ ដើម្បីតៀបទប់ស្កាត់ឲ្យខាងតែបានទៅលើគម្រោងធ្វើបាតុកម្មរបស់បក្សប្រឆាំងក្នុងរូបភាពណាក៏ដោយ។
បើតាមលោក សុន ឆ័យ រដ្ឋាភិបាលមានកាតព្វកិច្ចការពារអ្នកធ្វើកូដកម្មឬបាតុកម្មដោយអហិង្សា លោកថាការបញ្ជាទាំងឡាយណាឲ្យទៅបង្ក្រាបអ្នកបញ្ចេញមតិដោយសន្តិវិធី លោកថាបានធ្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកព្រមានដែរថាបាតុកម្មនឹងផ្ទុះឡើងតាមការគ្រោងទុកនៅពេលខាងមុខដ៏រាបណាតុលាការនៅតែត្រូវបានគេប្រើប្រាស់សម្រាប់ជាឧបករណ៍នយោបាយនោះ។
ជម្លោះនយោបាយនេះ សង្គមស៊ីវិលនិងអ្នកវិភាគធ្លាប់ជំរុញច្រើនដងឲ្យគណបក្សទំាងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិវិលទៅរកតុចរចា ស្វែងរកដំណោះស្រាយនយោបាយដោយតម្កល់ប្រយោជន៍ជាតិជាធំ ធានាយុត្តិធម៌សង្គមនិងបន្តដោះស្រាយបញ្ជាជាតិធំៗដែលនៅសេសសល់ ដូចជាបញ្ហាព្រំដែន អន្តោប្រវេសន៍ខុសច្បាប់ ភាពអត់ការងារធ្វើ ចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស និងរកទីផ្សារឲ្យកសិករជាដើម។