តៃវ៉ាន់​បង្ហាញ​ក្ដី​បារម្ភ​ ក្រោយ​កម្ពុជា​បញ្ជូន​ពលរដ្ឋ​ខ្លួន​ទៅ​ចិន​ដី​គោក

ក្រសួងការបរទេសកោះតៃវ៉ាន់បានបង្ហាញក្ដីបារម្ភជុំវិញការសម្រេចចិត្តរបស់កម្ពុជា បញ្ជូនជនជាតិតៃវ៉ាន់១៣នាក់ទៅចិនដីគោក ដោយមិនបញ្ជូនទៅកាត់ទោសនៅកោះតៃវ៉ាន់នោះឡើយ។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មានតៃវ៉ាន The China Post នៅថ្ងៃនេះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាកាលពីថ្ងៃម្សិលមិញបានបញ្ជូនជនជាតិចិន៦៣នាក់ ដែលសង្ស័យថាបានចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណិតនោះទៅប្រទេសចិនវិញ។

ប៉ុន្តែកាសែតតៃវ៉ាន់បានផ្សាយថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកកាទូតអស់រយៈពេល៣សប្ដាហ៍ដើម្បីឲ្យបញ្ជូនជនសង្ស័យទាំងនោះទៅកោះតៃវ៉ាន់វិញក៏ដោយ ក៏ពលរដ្ឋតៃវ៉ាន់ទាំង១៣នាក់នោះត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនតាមជើងហោះហើរ China Southern Airlines ទៅកាន់ទីក្រុងណានជីងទាំងអស់។

ជនសង្ស័យទាំងនោះត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃតី៣០ខែសីហាកន្លងមក ដោយសង្ស័យថាពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណិត ដោយក្នុងនោះមានអ្នកកាន់លិខិតឆ្លងដែនតៃវ៉ាន់១៣នាក់ផងដែរ។

កោះតៃវ៉ាន់មិនមានការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែកាសែត The China Post បានផ្សាយថា មន្ត្រីតំណាងកោះតៃវ៉ាន់ប្រចាំនៅទីក្រុងហូជីមិញបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីស្នើឲ្យកម្ពុជាបញ្ជូនអ្នកកាន់លិខិតឆ្លងដែនតៃវ៉ាន់ទាំង១៣នាក់នោះទៅកោះតៃវ៉ាន់។

កាសែតដដែលនេះបានផ្សាយបន្តថា ក្រុងប៉េកាំងបានអះអាងថាដោយសារតែជនរងគ្រោះនៃការឆបោកជាជនជាតិចិន ជនសង្ស័យទាំងអស់គួរតែបញ្ជូនទៅកាត់ទោសនៅចិនដីគោក។

កាសែតតៃវ៉ាន់នេះបានផ្សាយទៀតថា ដោយសារមានសម្ពាធពីក្រុងប៉េកាំង មន្ត្រីតំណាងតៃវ៉ាន់មិនត្រូវបានគេអនុញ្ញាតឲ្យជួបជាមួយជនសង្ស័យទាំង១៣នាក់នោះឡើយ។

យោងតាមកាសែតដដែលនេះ សកម្មជនសិទ្ធិមនុស្សនិងរដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ករណីនេះឆ្លុះបញ្ចាំងឲ្យឃើញឥទ្ធិពលចិនទៅលើប្រទេសកម្ពុជានិងប្រទេសដទៃទៀតតាមរយៈជំនួយនិងការវិនិយោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ