តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះបានបើកសវនាការសំណុំរឿងលោក អ៊ុំ សំអាន មន្រ្តីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមេធាវីការពារក្តីបានប្តឹងជំទាស់នឹងការឃុំខ្លួនតំណាងរាស្ត្ររូបនេះ។
លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកបានរិះគន់រដ្ឋាភិបាលកម្ពុជាថាប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងនេះ តែលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលយប់នៅក្រុងសៀមរាប ទាំងមិនបានដកអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ ក្រោយពីលោកចូលមកកម្ពុជាវិញកាលពីខែមេសា៕