នៅឯប្រទេសហ្វីលីពីន មានសេចក្ដីរាយការណ៍ថា មានគ្រោះរញ្ជួយដ៏ខ្លាំងក្លាមួយ កើតឡើងនៅព្រឹកថ្ងៃសៅរ៍នេះ ដោយបានវាយប្រហារទៅលើកោះមិនដាណាវ ស្ថិតនៅភាគខាងត្បូងប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា រញ្ជួយដីកម្លាំង ៦.៥រ៉ិចទ័រ បានវាយប្រហារទៅលើភាគខាងកើតទីក្រុង Davao នៅលើកោះមិនដាណាវ ដោយបានបង្ខំឲ្យមនុស្សម្នារត់ចេញពីអគារនានា នៅទីក្រុងមួយនេះ។ ប៉ុន្តែ គេមិនទាន់ដឹងពីមហន្តរាយកើតចេញពីគ្រោះរញ្ជួយដីនេះនៅឡើយទេ។
មជ្ឈមណ្ឌលព្រមានព្យុះស៊ូណាមិ បានប្រកាសថា រញ្ជួយដីនេះ បានកើតឡើងនៅជម្រៅ ៦៩គីឡូម៉ែត្រ នៅបាតសមុទ្រ ប៉ុន្តែ គេព្យាករថា នឹងមិនបង្កជារលកស៊ូណាមិនោះឡើយ។
កម្លាំងរញ្ជួយត្រឹម ៦.៣រ៉ិចទ័រ ត្រូវបានគេចាត់ទុកជាការរញ្ជួយដីដ៏ខ្លាំងទៅហើយ ប៉ុន្តែ មន្ត្រីធរណីហ្វីលីពីន បាននិយាយថា មហន្តរាយនៃរញ្ជួយដីលើកនេះ មានកម្រិតស្រាលជាង ដោយសារវាកើតឡើងចម្ងាយឆ្ងាយ និងមានជម្រៅជ្រៅនៅក្នុងស្រទាប់ផែនដី៕