រដ្ឋមន្ត្រីការបរទេសឥណ្ឌាកាលពីថ្ងៃម្សិលមិញថ្លែងនៅឯសន្និបាតអង្គការសហប្រជាជាតិ ដោយបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថាជាប្រទេសបង្កភេរវកម្មនិងព្រមានថា ឥណ្ឌានឹងមិនបោះបង់ចោលការគ្រប់គ្រងទៅលើដែនដីមានជម្លោះកាស្មៀរនោះឡើយ។ នេះដោយផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានបន្តថា ភាពតានតឹងរវាងគូសត្រូវជិតខាងទាំងពីរនេះ បានផ្ទុះឡើងជាថ្មីទៀតជុំវិញការវាយប្រហារនាពេលថ្មីៗនេះទៅលើមូលដ្ឋានកងទ័ពឥណ្ឌានៅតំបន់កាស្មៀរ ដែលរដ្ឋាភិបាលក្រុងញូវដេលីបានបន្ទោសទៅលើពួកឧទ្ទាមមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា អ្នកស្រី ស៊ូស្មា ស្វារ៉ាជ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា៖ “ប៉ាគីស្ថាននៅតែបដិសេធទង្វើរបស់ខ្លួន។ ប៉ាគីស្ថាននៅតែជឿថា ការវាយប្រហារបែបនោះនឹងអាចឲ្យគេទទួលបានទឹកដីដែលប៉ាគីស្ថានប៉ងយូរមកហើយនោះ”។
អ្នកស្រីបន្តថា៖ “យោបល់ដ៏រឹងមាំរបស់ខ្ញុំចំពោះប៉ាគីស្ថាន គឺថាបោះបង់សុបិននេះចោលទៅ។ ខ្ញុំសូមបញ្ជាក់កុំឲ្យមានមន្ទិលសង្ស័យថាតំបន់ចាម្មុនិងកាស្មៀរ គឺជាផ្នែកមួយនៃឥណ្ឌានិងនៅតែជាទឹកដីឥណ្ឌារហូត”។
តំបន់កាស្មៀរត្រូវបានបំបែកចេញពីឥណ្ឌានិងប៉ាគីស្ថានចាប់តាំងពីការបញ្ចប់ទៅនៃរបបគ្រប់គ្រងអង់គ្លេសនៅឆ្នាំ១៩៤៧។ ប៉ុន្តែប្រទេសទាំងពីរបានប្រទាញប្រទងគ្នាដណ្ដើមយកដែនដីតំបន់ជួរភ្នំហិមាល័យមួយនេះធ្វើជាដែនដីរបស់ខ្លួន ហើយតែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក៕












