រដ្ឋមន្ត្រីការពារជាតិប្រទេសនេះបានទទួលស្គាល់ថា កម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានស្ថិតនៅក្រោមការស៊ើបអង្កេតថាមានជាប់ពាក់ព័ន្ធនឹងបណ្ដាញភេរវកម្មរដ្ឋអ៊ីស្លាម។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក ហ៊ីសស៊ាំមូឌីន ហ៊ូសេន បានថ្លែងប្រាប់កាសែត The Star ថាក្នុងចំណោមមនុស្សដែលស្ថិតក្រោមការតាមដានថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមនោះ មានកងកម្លាំងប្រដាប់អាវុធប្រហែល១ភាគរយផងដែរ។
លោកបានថ្លែងបន្តថា កងកម្លាំងយោធានិងកងកម្លាំងស៊ើបការណ៍ ត្រូវបានដាក់ឲ្យតាមដាននិងប្រមូលព័ត៌មានសម្ងាត់ទៅលើមនុស្សទាំងឡាយដែលត្រូវបានសង្ស័យថា ស្ថិតក្រោមឥទ្ធិពលនៃការឃោសនារបស់ពួកឧទ្ទាម។
ប្រមុខការពារជាតិម៉ាឡេស៊ីក៏បានព្រមានផងដែរអំពីការរីករាលដាលយ៉ាងងាយស្រួលនៃឥទ្ធិពលពួកឧទ្ទាមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនេះ។
អាជ្ញាធរម៉ាឡេស៊ីត្រូវបានដាក់ឲ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារដែលអាចកើតមានពីសំណាក់ពួកឧទ្ទាម បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី២៨ខែមិថុនាកន្លងមកទៅលើក្លឹបកម្សាន្តមួយកន្លែងនៅសង្កាត់មួយកន្លែង នៅជាយទីក្រុងគួឡាឡុំពួ។
យោងតាមសារព័ត៌មាន The Star បានឲ្យដឹងថា នោះគឺជាការវាយប្រហារលើកដំបូងនៅម៉ាឡេស៊ីដែលជនសង្ស័យត្រូវបានគេសង្ស័យថាមានទំនាក់់ទំនងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម។ ជនសង្ស័យ២នាក់ក្នុងចំណោម៦នាក់ដែលពាក់ព័ន្ធនឹងការវាយប្រហារនោះ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម៕