ក្រុមមេជាងនិងកម្មករសំណង់របស់ក្រុមហ៊ុនឯកជនសង់ខុនដូមួយនៅរាជធានីភ្នំពេញបានអះអាងថា ថៅកែមិនព្រមបើកលុយឲ្យមិនតិចជាង១ម៉ឺនដុល្លារនោះទេ ខណៈពួកគេធ្វើការងារចប់ប្រហែល៤ខែមកហើយ។
មេជាងបូកស៊ីម៉ង់លោក ខ្វាត លាន បានប្រាប់VODនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនខុនដូឈ្មោះ លន់ ដា មហានគរ មិនបានបើកលុយឲ្យលោកជាង៣ពាន់ដុល្លារ និងមេជាងផ្នែកទឹក ដែក និងជាងបិទការ៉ូមួយចំនួនទៀតនៅឡើយ។ លោកស្នើឲ្យក្រុមហ៊ុននេះបើកលុយឲ្យកូនជាងប្រហែល៤០នាក់ សម្រាប់យកទៅផ្គត់ផ្គង់គ្រួសារនិងធ្វើបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ លោកបន្តថា៖ “ឲ្យក្រុមហ៊ុនជួយផ្តល់ប្រាក់ឲ្យខ្ញុំបានទៅធ្វើបុណ្យ ធ្វើទាន ហើយខ្ញុំទៅផ្ទះអត់បាន កាលណាទៅអត់បាន គេទារលុយ ទៅម៉េច បើយើងអត់មានលុយឲ្យគេផង អ្នកកម្មករដែលយើងហៅគេធ្វើត ហើយបើយើងអត់បានទេ ខ្ញុំវាអត់បានទៅផ្ទះទៅសម្បែងទេ“។
មេជាងនិងកម្មករមួយចំនួនបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ខណៈក្រុមហ៊ុនមិនព្រមបើកលុយឲ្យជិត៤ខែមកនេះ។
មេជាងផ្នែកបិទការ៉ូ លោក អេង ឈី បានឲ្យVODដឹងដែរថា ថៅកែក្រុមហ៊ុនមិនទាន់បើកលុយឲ្យលោកជាង១ពាន់ដុល្លារ។ លោកថាដើមចមដែលក្រុមហ៊ុនមិនព្រមបើកលុយឲ្យនោះ ធ្វើឲ្យគាត់សម្រេចចិត្តយកសម្ភារៈទៅបញ្ចំា ដើម្បីយកប្រាក់ផ្គត់ផ្គង់គ្រួសារ។ លោកបន្តថា៖ “គ្រួសារវិញគេតេមករាល់ថ្ងៃ ហើយខ្ញុំមានម៉ូតូ មានម៉ូទ័រ មានទូរសព្ទយកទៅបញ្ចំានៅឃ្លាំរំសេវ ឥឡូវស្អីក៏គ្មានជិះ ទៅណាក៏ទៅមិនរួច ហើយគ្នានៅផ្ទះមិនទៅរកអីនៅឯស្រែមិនដឹងរកអី ស្រូវ អង្ករធ្វើមិនកើតទៀត រាំចង់ងាប់ចង់រស់អស់“។
ប្រធានក្រុមហ៊ុនមហានគរ លោក លន់ ដា មានប្រសាសន៍ថា ក្រុមហ៊ុនបានបើកលុយតាមដំណាក់កាលឲ្យមេការសំណង់ដែលធ្វើការងារចប់រួចហើយ។ ប៉ុន្តែលោកថា ចំពោះអ្នកដែលមិនទាន់ធ្វើការងារចប់និងធ្វើខុសបច្ចេកទេស លោកនឹងចុះទៅជួបជជែកគ្នារកដំណោះស្រាយតាមក្រោយ៖ “អ្នកខ្លះវាចង់ក្រឡុកយើង គឺតែមានបញ្ហា វារកលេសនិយាយមិនឈ្នះវាទេរាល់ថ្ងៃ ធ្វើការក្រុមហ៊ុនយ៉ាប់ ស្រួលមិនស្រួលគឺបញ្ហាសម្រាប់ជាងតែម្តង មានបញ្ហាតិចតួចយើងនិយាយមិនឈ្នះវាទេ វាអាងឡើងវាតេ អាងឡើងអាងបក្ខពួក ហើយយើងម្នាក់ឯងងាប់ដោយសារវារាល់ដង ខ្ញុំហ្នឹងហើយគាត់មកនិយាយទូទាត់គ្នា ការងារណាដែលគាត់ធ្វើអត់ទាន់ហើយ ការងារណាដែលគាត់ធ្វើខុសបច្ចេកទេស ឲ្យគាត់ធ្វើជូនម្ចាស់ផ្ទះគេឲ្យហើយៗ ពេលតេទៅគាត់ ខ្ញុំមិនដែលប្រើពាក្យថាមិនឲ្យលុយ មិនឲ្យអីទេ“។
នៅពេលសួរថា តើលុយដែលបើកឲ្យមេការសំណង់នោះមានចំនួនប៉ុន្មាន ហើយបើកឲ្យបុគ្គលឈ្មោះអ្វី លោកឆ្លើយយ៉ាងខ្លីថាមិនចំានោះទេ ដោយសារមេជាងម៉ៅការនោះមានច្រើនតៗគ្នាពីរទៅបីដំណាក់ឯណោះ៕