បទយកការណ៍៖ ពុទ្ធបរិស័ទខ្មែរកើនឡើង​ទៅកាន់បិណ្ឌវត្តជាប់​ព្រំដែន​វៀតណាម

វត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម (ដោយ ពៅ មេត្តា)

សំឡេងព្រះសង្ឃសូត្រធម៌ឮកងរំពងចេញក្រៅរបងវត្ត ក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌ នៅក្នុងវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ដូចវត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជាដែរ។ ចំណែកពុទ្ធបរិស័ទប្រុសស្រីរាប់រយនាក់ក្នុងសម្លៀកបំពាក់តាមប្រពៃណី មមាញឹកក្នុងការធ្វើម្ហូបអាហារសម្រាប់ប្រគេនព្រះសង្ឃនិងរៀបចំពិធីផ្សេងៗទៀតតាមព្រះពុទ្ធសាសនា។

ពុទ្ធបរិស័ទនៅលើសាលាឆាន់និងអ្នកដើរក្នុងបរិវេណវត្តនិយាយភាសាខ្មែរ ប៉ុន្តែអ្នកលក់អាហារនំចំណីផ្សេងៗនៅទីនោះនិយាយភាសាវៀតណាម។ អ្នកលក់ខ្លះមិនចេះភាសាខ្មែរទេ គឺពេលពលរដ្ឋខ្មែរទៅរកទិញឥវ៉ាន់គាត់ហៅអ្នកផ្សេងដែលចេះពីរភាសានេះ ឲ្យជួយបកប្រែ ពេលខ្លះនិយាយស្តាប់គ្នាមិនបានក៏សើចដាក់គ្នាទៅ។

មិនមែនជារឿងចម្លែកទេ ដែលអ្នកលក់អាហារនៅក្នុងវត្តនេះមិនចេះនិយាយភាសាខ្មែរ ព្រោះអ្នករស់នៅជុំវិញវត្តនេះសុទ្ធតែជាជនជាតិវៀតណាម ហើយការនិយាយភាសាទំនាក់ទំនងគ្នាប្រចាំថ្ងៃរបស់ពួកគាត់ក៏ប្រើជាភាសាវៀតណាមដែរ។

ពុទ្ធបរិស័ទទៅធ្វើបុណ្យនៅវត្តប៉ាក់ណាម (ដោយ ពៅ មេត្តា)
ពុទ្ធបរិស័ទទៅធ្វើបុណ្យនៅវត្តប៉ាក់ណាម (ដោយ ពៅ មេត្តា)

វត្តប៉ាក់ណាមមានចម្ងាយជាង៨០គីទ្បូម៉ែត្រពីរាជធានីភ្នំពេញគឺនៅលើទឹកដីកម្ពុជា ក្បែរព្រំដែនវៀតណាម។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅទីនោះប្រកបរបរកសិកម្ម នេសាទ និងជួញដូរខ្លះនោះ ភាគច្រើនជាជនជាតិវៀតណាម។ បើធ្វើដំណើរបត់ពីផ្លូវជាតិចុះតាមផ្លូវលំទៅកាន់វត្តនេះ នឹងឃើញផ្លាកយីហោតាមផ្ទះសរសេរជាអក្សរវៀតណាម ហើយទូរទស្សន៍និងវិទ្យុក៏អ្នកទាំងនោះបើកប៉ុស្តិ៍វៀតណាមដែរ។ ទិដ្ឋភាពទាំងនេះ ធ្វើឲ្យអ្នកធ្វើដំណើរខ្លះទៅវត្តប៉ាក់ណាមមានអារម្មណ៍ហាក់ដូចជាធ្វើដំណើរចូលជ្រៅក្នុងទឹកដីវៀតណាម។

បើនិយាយពីទំនៀមទម្លាប់ប្រពៃណី ពលរដ្ឋវៀតណាមមិនមានការធ្វើពិធីបុណ្យកាន់បិណ្ឌដូចខ្មែរទេ។ អ្នកកាន់បិណ្ឌនៅវត្តនេះជាពលរដ្ឋមកពីតំបន់ឆ្ងាយៗ ហើយកាលពីមុន វេណមួយចំនួនមានអ្នកធ្វើតិចតួចឬមិនមានអ្នកធ្វើ។

វត្តនេះស្ថិតក្នុងភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល កសាងឡើងដោយសម្តេច នរោត្តម សីហនុ។ បច្ចុប្បន្នមានព្រះសង្ឃចំនួន៦អង្គ។

គណៈកម្មការវត្តប៉ាក់ណាម លោក កេត ផល ថ្លែងថារហូតដល់ថ្ងៃបិណ្ឌទី១១ គឺមានអ្នកធ្វើជាហូរហែគឺមានវេណខ្លះច្រើន ហើយខ្លះទៀតមនុស្សតិច។ ប៉ុន្តែលោកថា បើប្រៀបធៀបជាមួយឆ្នាំមុនៗគឺមានចំនួនកើនឡើង៖ “បើសិនសំលឹងមើលថ្ងៃនេះ មកតាំងពីស្អាង ហើយក្អមសំណ ក៏មានមកច្រើនវេណដែរ គឺគាត់ទៅមកៗហ្នឹង។ នៅថ្ងៃនេះក៏មានអ្នកភ្នំពេញអញ្ជើញចុះមកដែរ មានសម្ភារមួយចំនួនមកប្រគេនលោកហ្នឹង មានមេក្រូ កង្ហារអីហ្នឹង“។

កញ្ញា លុយ ដានី អ្នកធ្វើការងារនៅរាជធានីភ្នំពេញ ហើយឆ្លៀតពេលសម្រាកពីការងារទៅដាក់បិណ្ឌដល់វត្តប៉ាក់ណាម។ កញ្ញារៀបរាប់ថា បានជាគាត់សុខចិត្តធ្វើដំណើរចម្ងាយផ្លូវជាង៨០គីឡូម៉ែត្រទៅវត្តដាច់ស្រយាលនេះ ដើម្បីឧទ្ទិសកុសលដល់សាច់ញាតិនិងគោលបំណងមួយទៀត ចង់រក្សាទឹកនៅទីនោះមិនឲ្យបាត់បង់។

ក្រោយពេលរាប់បាតនិងបានដើរមើលបរិវេណវត្តនេះ ដានី បញ្ជាក់ថានេះជាដំណើរលើកទី២ហើយ ដែលគាត់បានមកកាន់វត្តប៉ាក់ណាម ហើយកញ្ញាថានឹងមកកាន់វត្តនេះនៅពេលក្រោយទៀត ដោយចង់ឃើញការអភិវឌ្ឍឲ្យបានប្រសើរជាងបច្ចុប្បន្ន៖ «ទីតាំងនេះខ្ញុំគិតថា បើសិនជាអាជ្ញាធរយកមកអភិវឌ្ឍធ្វើជាតំបន់ទេសចរណ៍ពិតជាល្អមែនទែន។ ល្អបំផុតដោយសារតែនៅមុខវត្តហ្នឹង គឺជាដៃព្រែកតែម្តង យើងអាចយកទៅធ្វើជាតំបន់ ទេសចរណ៍ដូចនៅថៃ នៅតាមដៃទន្លេរបស់គេធ្វើផ្សារលើទឹក អីចឹងទៅទាក់ទាញភ្ញៀវទេសចរបានច្រើន។ កាលមកលើកមុន ខ្ញុំជិះទូកតាមទន្លេបាសាក់ គឺទេសភាពស្អាតមែនទែន ហើយបើបាត់ទៅគឺស្តាយមែនទែន»។

បើតាមគណៈកម្មការវត្ត គឺពុទ្ធបរិស័ទជាជនខ្មែរនៅជុំវិញវត្តនេះមានប្រមាណ៣០% ចំណែកជនជាតិវៀតណាមមាន៧០%។ ប៉ុន្តែពលរដ្ឋខ្មែរនៅក្បែរនោះអះអាងថា ពលរដ្ឋខ្មែរនៅទីនោះមានតែ២ឬ៣គ្រួសារតែប៉ុណ្ណោះគឺស្ទើរ១០០%ជាជនជាតិវៀតណាម។

យុវជនមួយរូបទៀតធ្វើដំណើរពីភ្នំពេញទៅដាក់បិណ្ឌនៅវត្តប៉ាក់ណាមដែរ លោក ទឹម ម៉ាឡៃ ថ្លែងថាជាលើកទី១ដែលបានមកដល់វត្តនេះ។ អ្វីដែលម៉ាឡៃចាប់អារម្មណ៍ គឺជុំវិញវត្តនេះសុទ្ធជាពលរដ្ឋវៀតណាមមិនចេះនិយាយភាសាខ្មែរ។

យុវជនវ័យជាង២០ឆ្នាំរូបនេះចង់ឲ្យអាជ្ញាធររៀបចំគោលនយោបាយសារជាថ្មី ដើម្បីឲ្យពលរដ្ឋខ្មែរទៅរស់នៅបានកាន់តែច្រើននៅជុំវិញវត្តមួយនេះ៖ «រដ្ឋាភិបាលជាចំណែកមួយថា ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យពលរដ្ឋរបស់ខ្លួនរស់នៅតាមព្រំដែន ដើម្បីធ្វើជារនាំងការពារទឹកដីរបស់ខ្លួន។ ជាចំណែកមួយពួកគាត់អាចធ្វើជាភស្តុតាងនិង ជាអ្នកនាំពាក្យពីទីកន្លែងនោះ»។

កន្លងទៅអាជ្ញាធរក៏ធ្លាប់រៀបចំចែកដីឲ្យពលរដ្ឋខ្មែរទៅរស់នៅជិតវត្តប៉ាក់ណាមដែរ តែពលរដ្ឋខ្មែរទាំងនោះរស់នៅបានមួយរយៈក៏នាំគ្នាចាកចេញវិញអស់ទៅ។

ពុទ្ធបរិស័ទមួយរូបទៀតរស់នៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានចម្ងាយ ប្រមាណ១០គីឡូម៉ែត្រពីវត្តប៉ាក់ណាម លោក យ៉ាន យន ថ្លែងថា វត្តប៉ាក់ណាមជាកន្លែងកំណើតដូនតារបស់លោក។ លោក យន ថ្លែងថា ឪពុកម្តាយនិងដូនគាត់ប្រាប់ថា បារាំងជាអ្នកជម្លៀសពលរដ្ឋខ្មែរចេញពីទីនោះ។

លោក យន មានវ័យប្រមាណ៥០ឆ្នាំជាអ្នកប្រតិបត្តិតាមព្រះពុទ្ធសាសនាឲ្យដឹងថា លោកបានកាន់បិណ្ឌនៅវត្តនេះរាល់ឆ្នាំមិនដែលខានទេ។ លោកកត់សម្គាល់ថា នៅប៉ុន្មានឆ្នាំចុងក្រោយពិសេសឆ្នាំនេះ មានពុទ្ធបរិស័ទកាន់តែច្រើនបានកាន់បិណ្ឌនៅវត្តប៉ាក់ណាមនេះ។ លោកបន្តថា៖ «យើងនឹងផ្តាំផ្ញើឲ្យកូនចៅ ក្មួយៗទាំងអស់មកនេះជារៀងរាល់ឆ្នាំ។ ឲ្យសប្បាយរីករាយ ឲ្យស្គាល់ឲ្យដឹងថាទឹកដីវត្តប៉ាក់ណាម នៅឃុំព្រែកជ្រៃនេះ ជាទឹកដីដ៏កំសត់ជាងគេ ដាច់ស្រយាលជាងគេ។ ចឹងទេយើងត្រូវតែមកទាំងអស់គ្នាជួយឧបត្ថម្ភគាំទ្រ គឺថាបន្តិចទៀតនឹងមានការរីកចម្រើនជាចក្ខុវិស័យ សម្រាប់ខ្ញុំដឹងថានឹងមានការរីកចម្រើន»។

ព្រះចៅអធិការវត្តនេះ ព្រះតេជគុណ ចាប ឡៃលៀង ព្រះជន្ម២៥វស្សា រៀបរាប់ដោយសុំមិនឲ្យថតសំឡេងថា យុវជនវៀតណាមមួយចំនួនពេលស្រវឹងស្រា តែងទៅអ៊ុកឡុកក្នុងវត្តនោះ។ ប៉ុន្តែព្រះអង្គបញ្ជាក់ថា ពលរដ្ឋវៀតណាមមួយចំនួនក៏ធ្វើបុណ្យដាក់ព្រះសង្ឃខ្លះដែរ។ ទោះយ៉ាងណា ព្រះសង្ឃដែលទើបធ្វើជាចៅអធិការវត្តបាន២ខែនោះមានថេរដីកាដោយប្រុងប្រយ័ត្នថា ព្រះអង្គក៏នៅតែមានចិត្តបារម្ភពីសុវត្ថិភាពខ្លះដែរ។

ពុទ្ធបរិស័ទដែលមកដាក់បិណ្ឌវត្តប៉ាក់ណាមដូចជាមានបំណងលើសពីពុទ្ធបរិស័ទដាក់បិណ្ឌនៅវត្តផ្សេងៗទៀតមួយចំណុច គឺពួកគាត់ក្រៅពីធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់ដូនតា គឺចង់ឲ្យពលរដ្ឋខ្មែរគ្រប់គ្នាបានដឹងថា ទឹកដីនៅកន្លែងនោះជារបស់ខ្មែរ ហើយរូមគ្នាថែរក្សាកុំឲ្យបាត់បង់។

កញ្ញា លុយ ដានី បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ពិសេសយុវជនឲ្យយកពេលទំនេររបស់ពួកគេសម្រាប់លំហែកាយ គឺគួរតែជ្រើសរើសយកតំបន់ព្រំដែន៖ “ប្រសិនជាយើងមានពេលឈប់សម្រាក សុំកុំចំណាយពេលរបស់យើងទៅលេងកន្លែងដែលគេអភិវឌ្ឍរួចហើយ ដូចជានៅកំពង់សោម សៀមរាបអីហ្នឹង គេទៅគ្រប់គ្នាហើយអត់មានអី ហើយយើងក៏ធ្លាប់ទៅដែរ យើងគួរតែចំណាយពេលមកមើលព្រំដែនរបស់យើង ជៀសជាងយើងបាត់បង់ទឹកដីហើយយើងអត់ដឹងបាត់បង់ដល់ត្រឹមណា“៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ