គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថាមានប្រជាពលរដ្ឋជាង៣លាន ៥៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល២៦ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាននិងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះរហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះបោះឆ្នោតក៏នឹងត្រូវធ្វើនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខផងដែរ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង៣លាន៥៤ម៉ឺននាក់ឬត្រូវនឹងជាង៣៦ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង៩លាន៦៦ម៉ឺននាក់នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី២៥ខែកញ្ញា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះបានកើនឡើងជាង១២ម៉ឺន៦ពាន់កាលពីថ្ងៃម្សិលមិញនេះ៕