មនុស្ស៣នាក់កំពុងបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រកងទ័ពជើងទឹកកូរ៉េមួយគ្រឿងបានធ្លាក់ចូលសមុទ្រនៅភាគខាងកើតឆ្នេរសមុទ្ររបស់ប្រទេសនេះកាលពីយប់មិញអំឡុងសមយុទ្ធយោធារួមគ្នាមួយជាមួយកងទ័ពអាមេរិក។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងចុះផ្សាយថា ឧទ្ធម្ភាគចក្រ Lynx ត្រូវបញ្ជូនសញ្ញាមានបញ្ហានិងបានបាត់ខ្លួនពីរ៉ាដាភ្លាមៗ ក្រោយពីវាបានហោះហើរចេញពីនាវាចម្បាំងមួយគ្រឿងនៅសមុទ្រខាងកើតនៅម៉ោងប្រហែល១២យប់។
អ្នកនាំពាក្យបន្តថាឧទ្ធម្ភាគចក្រនោះបានធ្លាក់ចូលទៅក្នុងសមុទ្រ ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ៣នាក់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រនោះ។
សមយុទ្ធយោធាជើងទឹករួមគ្នាមួយកាលពីថ្ងៃម្សិលមិញនេះគឺជាការបង្ហាញកម្លាំងយោធាថ្មីបំផុតដែលជាការឆ្លើយតបទៅនឹងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៥របស់កូរ៉េខាងជើងកាលពីដើមខែកញ្ញានេះដែលជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបមួយនេះ៕












