វិភាគ៖ តើ​រដ្ឋាភិបាល​មាន​យន្តការ​អ្វី​ផ្សេង​ទៀត ដើម្បី​ទប់​ស្កាត់​ការ​តំឡើង​ថ្លៃ​ឈ្នួល​រថយន្ត ខណៈ​ការ​អំពាវ​នាវ​របស់​នាយករដ្ឋ​មន្ត្រី​គ្មាន​ប្រសិទ្ធភាព?

ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌឬបិណ្ឌធំខិតជិតចូលមកដល់ បញ្ហាតម្លៃឈ្នួលរថយន្តឡើងថ្លៃ តែងតែជាបញ្ហាប្រឈមមួយសម្រាប់ជាពលរដ្ឋកម្ពុជាដ៏ច្រើនដែលបានធ្វើចំណាកស្រុកពីជនបទទៅធ្វើការឬទៅរស់នៅតាមទីក្រុងនានានៅទូទាំងប្រទេសកម្ពុជានិងចំណាកស្រុកទៅកាន់ប្រទេសជិតខាងផងដែរ។

ដូចសព្វមួយដងដែរ នៅមុនការមកដល់នៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិធំៗ រដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវទៅដល់ក្រុមហ៊ុនដឹកជញ្ជូនឯកជន កុំឲ្យតំឡើងតម្លៃឈ្នួលរថយន្តរបស់ពួកគេ ខណៈដែលប្រជាពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ ធ្វើដំណើរត្រឡប់ទៅភូមិដ្ឋានស្រុកកំណើតរបស់ពួកគេវិញ។

ជាថ្មីម្ដងទៀត នៅឯពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញាថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូនឯកជន កុំឲ្យតំឡើងថ្លៃឈ្នួលរថយន្ត អំឡុងពេលភ្ជុំបិណ្ឌនាពេលខាងមុខនេះ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹងផងដែរថា ការអំពាវនាវរបស់លោក មិនត្រូវបានបណ្ដាក្រុមហ៊ុនដឹកជញ្ជូនឯកជន អនុវត្តតាមនោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ “នៅរដូវភ្ជុំឆ្នាំនេះ សូមអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយកុំឡើងថ្លៃ អំពាវនាវ ចេះតែអញ្ចឹង តែគាត់មិនស្តាប់ ហើយយើងវាអត់ឡានជិះ ចេះតែជិះទៅ”។

ប្លែកជាឆ្នាំមុនៗបន្តិច នៅប្រហែលជាងមួយសប្ដាហ៍មុនការប្រារព្ធពិធីបុណ្យភ្ជុំបិណ្យ ឬពិធីជួបជុំញាតិដ៏ធំរបស់ប្រជាជនខ្មែរនេះ រដ្ឋាភិបាលបានប្រកាសថា ក្រុមហ៊ុនដឹកជញ្ជូនចំនួន ១៤ បានប្ដេជ្ញាមិនតំឡើងថ្លៃឈ្នួលរថយន្តរបស់ពួកគេទេ បន្ទាប់ពីពួកគេបានជួបប្រជុំជាមួយរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងមកថ្មីៗនេះ។

ការប្រកាសមិនតំឡើងថ្លៃឈ្នួលរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំង ១៤នោះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅប្រកាសប្រាប់សាធារណជនបន្ត នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងមកថ្មីៗនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា វាជាការចូលរួមជួយរំលែកដល់ការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មការិនីរោងចក្រ ពេលធ្វើដំណើរទៅកាន់ស្រុកកំណើតនៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការសន្យារបស់ក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំង ១៤នោះមក វាបានបន្សល់ទុកនូវចម្ងល់មួយថា ក្រៅពីការអំពាវនាវដែលមិនមានប្រសិទ្ធភាពជាច្រើនឆ្នាំមកហើយនោះ តើរដ្ឋាភិបាលមានយន្តការអ្វីផ្សេងទៀតឬទេ ដើម្បីទប់ស្កាត់ក្រុមហ៊ុនដឹកជញ្ជូនឯកជន កុំឲ្យតំឡើងថ្លៃឈ្នួលរថយន្តរបស់ពួកគេ?

ក្រុមអ្នកតាមដានបញ្ហាសង្គមកម្ពុជា បានប្រាប់ថា ពួកគេមិនមានជំនឿថា ការអំពាវនាវរបស់រដ្ឋាភិបាលកុំឲ្យក្រុមហ៊ុនដឹកជញ្ជូនឯកជន តំឡើងថ្លៃឈ្នួលរថយន្តរបស់ពួកគេនោះ មានប្រសិទ្ធិភាពនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានប្រាប់ថា រដ្ឋាភិបាលគួរតែមានយន្តការថ្មីៗ ដែលមានប្រសិទ្ធភាព និងតាមដានការអនុវត្តជាក់ស្ដែងរបស់ក្រុមហ៊ុនដឹកជញ្ជូនឯកជន។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់ថា លោកសង្កេតឃើញថា ការអំពាវនាវរបស់រដ្ឋាភិបាលកុំឲ្យក្រុមហ៊ុនដឹកជញ្ជូនតំឡើងថ្លៃឈ្នួលរថយន្តរបស់ពួកគេនោះ មិនមានប្រសិទ្ធភាពជាយូរមកហើយ ដោយលោកថា វាឆ្លុះបញ្ចាំងឲ្យឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាអាទិទេព ដែលមនុស្សគ្រប់រូបគោរពធ្វើតាមនោះឡើយ។

ដើម្បីទប់ស្កាត់ការតំឡើងថ្លៃរថយន្តនៅរដូវបុណ្យទាននេះ លោក ព្រាប កុល ប្រាប់ថា រដ្ឋាភិបាលគួរតែបង្កើតច្បាប់មួយ ដើម្បីធានាថា តម្លៃរថយន្តឈ្នួលស្ថិតក្នុងកម្រិតមួយអាចទទួលយកបាន ហើយមិនត្រូវបានវិស័យឯកជនតំឡើងតាមចិត្តនោះឡើយ។

លោក ព្រាប កុល មានប្រសាសន៍ថា៖ “ខ្ញុំសង្កេតឃើញថា មិនមានប្រសិទ្ធភាពទេ ពីព្រោះអត់មានគោលការណ៍ច្បាប់អ្វីមួយ ដើម្បីតម្រូវឲ្យអ្នកបើកបររថយន្តតាក់ស៊ី ឬក៏ក្រុមហ៊ុនដឹកជញ្ជូននោះ គាត់គោរពតាមទេ។ ការអំពាវនាវ យើងយកអីទៅអំពាវនាវ។ វាជាការសំណូមពរ។ សំណូមពរ ទាល់តែអ្នកអំពាវនាវហ្នឹង មានឥទ្ធិពលពិសេសអ្វីមួយឲ្យគេធ្វើតាម។ បើអ្នកអំពាវនាវហ្នឹងមិនមានឥទ្ធិពលអ្វីពិសេសទេ មានន័យថា មិនមានប្រសិទ្ធភាពទេ ដោយសារអ្នករកស៊ី ក្រុមហ៊ុនដឹកជញ្ជូនផ្ដល់សេវាកម្មហ្នឹង គាត់ឲ្យតម្លៃលុយធំជាងការអំពាវនាវ។ អីចឹង អត់មានយន្តការច្បាប់ អត់មានការអនុវត្តទេ”។

លោកបន្តថា៖ “ប្រសិនបើរដ្ឋាភិបាលចង់អនុវត្ត ឬចង់ធ្វើអ្វីមួយឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលនឹងមានយន្តការច្បាប់ ហើយច្បាប់នោះ គឺអាជ្ញាធរ ក្រសួង ឬស្ថាប័នពាក់ព័ន្ធ មានភារកិច្ចចេញជាគោលនយោបាយ ហើយប្រើយន្តការច្បាប់ដើម្បីកំណត់តម្លៃទាបបំផុត និងកម្ពស់។ បើសិនយើងអំពាវនាវ ទាល់តែអ្នកអំពាវនាវហ្នឹង មានឥទ្ធិពលជាអាទិទេព មានន័យថា មានឥទ្ធិពលជាទេវតា ឬអាទិទេព ដែលប្រជាពលរដ្ឋត្រូវតែគោរព ហើយមានអំណាចបែបហ្នឹងធ្វើអាចធ្វើបាន ព្រោះសព្វថ្ងៃនេះ អំណាចទឹកលុយហ្នឹង ធំជាងអ្វីៗទាំងអស់។ ដូច្នេះ ការអំពាវនាវនេះ មិនមានប្រសិទ្ធភាពទេ”។

ទោះបីទីផ្សារសេរីបើកទូលាយដល់ការប្រកួតប្រជែងតម្លៃ និងសេវាកម្ម ប៉ុន្តែ លោក ព្រាប កុល បានប្រាប់ថា ការកំណត់តម្លៃទាបបំផុត និងខ្ពស់បំផុត ដើម្បីធានាការប្រកួតប្រជែងក្នុងតម្លៃសមរម្យមួយ។

លោកមានប្រសាសន៍បន្តថា៖ “មិនប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកទីផ្សារសេរីទេ ផ្ទុយទៅវិញ គឺតម្រូវឲ្យអ្នកប្រកួតប្រជែងហ្នឹង ប្រកួតប្រជែងក្នុងបរិមាណអតិបរមា និងអប្បបរមា។ យើងធ្វើម៉េចកុំឲ្យអ្នកបើកតាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនឯកជនហ្នឹង កំណត់តម្លៃមួយគុណនឹងបី នៅអំឡុងពេលបុណ្យទានម្ដងៗ”។

សម្រាប់នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ លោកទទួលស្គាល់ថា វាលំបាកក្នុងការការគ្រប់គ្រងតម្លៃរថយន្តឈ្នួលនៅក្នុងទីផ្សារសេរី ខណៈដែលរដ្ឋពុំមានជម្រើសសម្រាប់អ្នកធ្វើដំណើរជាពលរដ្ឋកម្ពុជានោះ។

លោក សន ជ័យ មានប្រសាសន៍ថា៖ “ដោយប្រទេសកម្ពុជាយើងប្រកាន់របបទីផ្សារសេរី អីចឹង ការតំឡើងថ្លៃរថយន្តឈ្នួលនេះ វាជារឿងមួយដែលពិបាកគ្រប់គ្រងណាស់ នៅពេលដែលរដ្ឋមិនមានអ្វីដែលជាការផ្ដល់ជម្រើសដល់អ្នកធ្វើដំណើរកម្ពុជា”។

ដោយសង្កេតឃើញដូចគ្នាទៅនឹងលោក ព្រាប កុល ថាការអំពាវនាវរបស់រដ្ឋាភិបាលហ្នឹងនៅតែមិនមានប្រសិទ្ធភាពនោះ លោក សន ជ័យ បានជំរុញឲ្យរដ្ឋាភិបាលបង្កើតក្រុមហ៊ុនដឹកជញ្ជូនរដ្ឋឬបង្កើនការវិនិយោគបន្ថែមទៅលើក្រុមហ៊ុនដឹកជញ្ជូនរបស់រដ្ឋដែលមានស្រាប់ ដើម្បីទប់ស្កាត់ការតំឡើងថ្លៃឈ្នួលរថយន្តពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនឯកជន ព្រមទាំងជំរុញការបង្កើនថវិកាជាតិផងដែរ។

លោក សន ជ័យ មានប្រសាសន៍ថា៖ “យើងមើលប្រទេសជិតខាង ដូចជាប្រទេសហ្វីលីពីន គេមានមធ្យោបាយធ្វើដំណើររបស់គេច្រើន។ មានវិស័យឯកជនហ្នឹង មានតម្លៃថោកហើយនិងតម្លៃថ្លៃ។ ហើយគេក៏មានមធ្យោបាយធ្វើដំណើររបស់រដ្ឋ នៅតែមានដំណើរការនៅឡើយ។ អីចឹងខ្ញុំថា ឥឡុវនេះបើក្រសួងសាធារណការនិងដឹកជញ្ជូន មិនអាចបង្កើតប្រព័ន្ធមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនបានទេ គួរតែពង្រឹងសេវាដែលមានស្រាប់របស់ប្រៃសនីយ៍កម្ពុជា ដែលគេបានផ្ដួចផ្ដើមសេវាដឹកជញ្ជូនហ្នឹងដែរ។ មានតែច្រកមួយហ្នឹងទេ ដើម្បីជាជម្រើស ហើយបើសិនជារដ្ឋអាចបង្កើតឬបង្កើនចំនួនដែលមានស្រាប់ហ្នឹងបាន គឺជាជម្រើសមួយសម្រាប់ប្រជាពលរដ្ឋដែរ ហើយវាអាចនឹងចូលរួមទាញតម្លៃរបស់វិស័យឯកជនដែលឡើងរៀងរាល់ឆ្នាំ”។

ទោះជាយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននិងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ចាន់ តារា បានអះអាងថា ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលមានប្រសិទ្ធភាព ដោយលោកថាក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងនោះ បានយល់ព្រមតំឡើងតម្លៃសេវាកម្មដឹកជញ្ជូនរបស់ពួកគេក្នុងកម្រិតទាប។

លោក ចាន់ តារា មានប្រសាសន៍ថា៖ “មិនអាចនិយាយថា មិនមានប្រសិទ្ធភាពទេ។ ដោយសារតែចរន្តនោះហើយបានធ្វើឲ្យការឡើងថ្លៃមាន ប៉ុន្តែកម្រិតទាប។ នៅពេលដែលយើងមិនដែលមានជួបគ្នា និយាយគ្នា ដាក់វិធានការ ប៉ុន្តែក្រោយពេលយើងបានជួបជុំគ្នាមក គាត់នៅមានឡើង ប៉ុន្តែឡើងកម្រិតទាបណាស់ លើកលែងតែបងប្អូនប្រជាពលរដ្ឋមិនមែនជាក្រុមហ៊ុន។ អ្នកមានរថយន្តមួយ ជួបបញ្ហាលំបាកដែរ ដោយសារគាត់ដឹកជញ្ជូនប្រជាពលរដ្ឋរហូតដល់ផ្ទះឯណោះ អាហ្នឹងផ្សេង យើងពិបាកនិយាយ។ បើសិនអត់មានការជួបជុំគ្នាអីចឹងទេ ពួកគាត់តំឡើងថ្លៃខ្ពស់ណាស់ ប្រហែលពីរបីដងឯណោះ”។

ជុំវិញការជំរុញឲ្យបង្កើតក្រុមហ៊ុនដឹកជញ្ជូនសាធារណៈរបស់រដ្ឋ លោក ចាន់ តារា បានបញ្ជាក់ថាវាស្ថិតនៅក្នុងគម្រោងនាពេលអនាគតរបស់រដ្ឋាភិបាល បន្ទាប់ពីការដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្តក្រុងសាធារណៈរបស់រដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោក ចាន់ តារា បន្តថា៖ “មិនមែនយើងមិនគិតទេ ព្រោះតែបានគិតហ្នឹងហើយ យើងឃើញនៅរាជធានីភ្នំពេញ បច្ចុប្បន្ន យើងមានរថយន្តដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង។ អីចឹងអនាគតមិនមែនប៉ុណ្ណឹងទេ យើងនឹងបន្ថែមខ្សែដឹកជញ្ជូនឲ្យបានច្រើន មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញទេ យើងអាចភ្ជាប់ទីក្រុងមួយទៅទីក្រុងមួយ ទីក្រុងសំខាន់ៗរយៈពេលខាងមុខ។ បច្ចុប្បន្នយើងបានប៉ុណ្ណឹង វាទៅតាមលំដាប់លំដោយ ទៅតាមការវិវត្តតាមសមត្ថភាពរបស់យើង”។

សេវាកម្មដឹកជញ្ជូនសាធារណៈរបស់រដ្ឋទៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឲ្យដំណើរការលើកដំបូងកាលពីពាក់កណ្ដាលឆ្នាំ២០១៥កន្លងមក ដែលស្ថិតក្រោមការគ្រប់គ្រងដោយស្វ័យតពីសំណាក់ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។

អគ្គនាយកប្រៃសនីយ៍កម្ពុជា លោក ឱក បូរ៉ា បានថ្លែងថាសេវាកម្មដឹកជញ្ជូនរបស់លោកហ្នឹង នៅរក្សាតម្លៃដដែលនៅអំឡុងបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ប៉ុន្តែលោកបានមើលឃើញតម្រូវការប្រើប្រាស់សេវាកម្មដឹកជញ្ជូនរដ្ឋមួយនេះមានកំណើនឡើងខ្ពស់រហូត។

ទោះជាយ៉ាងណាជាមួយរថយន្តចំនួន៣០គ្រឿងនឹងផ្ដល់សេវាកម្មដឹកជញ្ជូនទៅតាមខេត្តសំខាន់ៗនោះ លោក ឱក បូរ៉ា ប្រាប់ថាវាមិនទាន់បំពេញតាមតម្រូវការរបស់អ្នកដំណើរនោះឡើយ ហើយស្ថាប័នរបស់លោកគ្រោងបង្កើនរថយន្តដឹកជញ្ជូនចំនួន៧គ្រឿងបន្ថែមទៀតនៅឆ្នាំ២០១៧ខាងមុខ។

លោក ឱក បូរ៉ា ថ្លែងថា៖ “យើងអត់ទាន់បានរត់ទូទាំងប្រទេសទេ។ ដឹកភ្ញៀវ យើងទៅតែខេត្តសំខាន់ៗសិន។ ខាងខ្ញុំគឺនៅរក្សាតម្លៃធម្មតាម៉េច ថ្ងៃបុណ្យទានតម្លៃដដែល អត់ឡើងទេ។ ឥឡូវយើងមានកំណើនតម្រូវការច្រើន ដោយសារយើងមើលតាមបរិមាណផលិតផលរបស់យើង ចំណូលយើងកាន់ ភ្ញៀវយើងកើនហើយ”។

បើតាមលោក ឱក បូរ៉ា សេវាកម្មដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនរដ្ឋមួយនេះ បានជំរុញការប្រកួតប្រជែងកាន់តែខ្លាំងជាមួយបណ្ដាក្រុមហ៊ុនដឹកជញ្ជូនឯកជននៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន២៤ក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ