សហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទ្រង់ទ្រាយ”តូច” ដើម្បីទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នីមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ. ប និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទនេះថា សហគមន៍របស់អ្នកស្រីធ្វើយុទ្ធនាការជាទ្រង់ទ្រាយតូច ដោយសារអ្នកខ្លះទៅលេងស្រុកកំណើតពេលភ្ជុំបិណ្ឌមិនទាន់មកវិញ។
យុទ្ធនាថ្ងៃច័ន្ទពណ៌ខ្មៅនៅសប្ដាហ៍នេះ ពួកគេបាននាំគ្នា ស្លៀកពាក់ខ្មៅ យកស្គុតមកបិតមាត់ ពួកគេថា ដើម្បីបង្ហាញពីការបិទសិទ្ធិសេរីបញ្ចេញមតិ ហើយអ្នកដែលហាននិយាយត្រូវបានគេបាញ់សម្លាញ់។
ការធ្វើយុទ្ធនាការរបស់ប្រជាសហគមន៍លើកនេះ មានសន្តិសុខប្រមាណ៥ នាក់ស្លៀកពាក់ស៊ីវិល មកឈរឃ្លាំមើលពួកគេ តែមិនមានការប៉ះទង្គិចគ្នាទេ។
ថ្ងៃចន្ទទី0៣ ខែតុលានេះ ជាសប្តាហ៍ទី២២ ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី។









