លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ជិតមកដល់ថា ប្រាក់ខែគ្រូបង្រៀននឹងឡើងបានជិត១លានរៀល នៅខែមេសាឆ្នាំ២០១៧ ពោលនៅមុនបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា។
ដោយរំលឹកពីការតម្លើងប្រាក់ឈ្នួលឲ្យកម្មករដល់ជាង៦០ម៉ឺនរៀលនៅឆ្នាំ២០១៧នោះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ខែតុលានេះ លោក ហ៊ុន សែន ថ្លែងថាប្រាក់ខែគ្រូបង្រៀនវិញក៏ត្រូវតម្លើងដល់ជាង៩០ម៉ឺនរៀលនៅខែមេសាឆ្នាំ២០១៧។
លោកថា៖ “ប្រាក់ខែគ្រូបង្រៀនរបស់យើង នៅឆ្នាំនេះ [ឆ្នាំ២០១៦] មានត្រឹម ៨០ម៉ឺន៥០០រៀល។ នៅខែមករា [ឆ្នាំ២០១៧] គ្រោងនឹងឡើង៨៥ម៉ឺន ៣៥០០រៀល។ ដល់ទៅខែមេសា នឹងឡើងទៅដល់៩៥ម៉ឺន ៣៥០០រៀល។ ដូច្នេះ នៅទីជនបទមួយចំនួននឹងរៀបចំឲ្យមានប្រាក់តំបន់ ដែលមានតំបន់ខ្លះ មាន៨ម៉ឺន មាន១០ម៉ឺន និងមាន១២ម៉ឺន “។
យ៉ាងណាក៏ដោយលោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើប្រាក់ខែដែលរដ្ឋាភិបាលគ្រោងតម្លើងឲ្យដល់ជាង៩៥ម៉ឺនរៀលក្នុងមួយខែនោះ សម្រាប់គ្រូបង្រៀនកំរិតណាខ្លះនោះទេ។
ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី បានសាទរទៅនឹងការប្រកាសតម្លើងប្រាក់ខែដល់គ្រូបង្រៀននេះ ដោយថាប្រាក់ខែគ្រូបង្រៀនថ្នាក់បឋម ទាបបំផុតបច្ចុប្បន្នមានត្រឹម៤៦ម៉ឺនរៀល អនុវិទ្យាល័យ៥០ម៉ឺនរៀល និងវិទ្យាល័យជាង៨០ម៉ឺនរៀល។
បើតាមលោកស្រី អ៊ុក ឆាយាវី ទាល់តែប្រាក់ខែគ្រូបង្រៀន ១លាន៥០ម៉ឺនរៀលទើបអាចទប់ទល់នឹងទំនិញទីផ្សារបាន។
លោកស្រីថា៖ “នៅខែ៤តម្លើងដល់ជាង៩០ម៉ឺនយើងសាទរសម្រាប់លោកគ្រូអ្នកគ្រូបឋម ។ប៉ុន្តែចំពោះសមាគមយើងនៅតែប្រកាន់ជំហរចង់ឲ្យរដ្ឋាភិបាលតម្លើងប្រាក់ខែដល់លោកគ្រូអ្នកគ្រូ ឲ្យបាន១លានកន្លះ ។យើងនៅតែប្រកាន់ជំហរដដែល “។
បើតាមលោកស្រី អ៊ុក ឆាយាវី គ្រូបង្រៀននៅកម្ពុជាមានជាង១០ម៉ឺននាក់ ដោយថាពួកគេកំពុងតែប្រឈមនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែប្រាក់ខែតិច មិនអាចទប់ទល់នឹងទំនិញនៅលើទីផ្សាដែលចេះតែហក់ឡើងថ្លៃ ។
ករណីនេះ លោកស្រីថាបើគ្រូបង្រៀនមានប្រាក់ខែតិចចាយមិនគ្រប់ ធ្វើឲ្យក្រពះឃ្លាន និងថាអាចជាឧបសគ្គដល់ការពង្រឹងគុណភាពអប់រំ។
ទោះជាយ៉ាងណានៅក្នុងពិធីចែកសញ្ញាបត្រព្រឹកនេះ លោកនាយករដ្ឋមន្រ្តីបានព្យាយាមរំឭកដល់និស្សិតដែលចូលរួមនោះថា កាលពីដើមឡើយ គ្រូ បង្រៀនបានត្រឹមតែដូរអង្ករ។ ប៉ុន្តែលោកថាក្រោមការប្រឹងប្រែងរបស់រដ្ឋាភិបាល ទើបធនធានមនុស្ស មានការរីកចំរើនដូសព្វថ្ងៃនេះ៕