ប្រធានាធិបតីកូឡុំប៊ីបន្តស្វែងរកសន្តិភាពជាមួយពួកបះបោរ​ Farc

ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានបង្កើតក្រុមការងារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឲ្យទៅពិភាក្សាផ្តាស់ប្តូរយោបល់ជាមួយក្រុមប្រឆាំង ដើម្បីឆ្ពោះទៅការចរចាសន្តិភាពជាមួយពួកក្រុមបះបោរ Farc។

ការប្រកាសរបស់លោក Santos គឺធ្វើឡើងក្រោយពេលដែលលោកបើកកិច្ចប្រជុំជាមួយមេដឹកផ្សេងៗទៀតនៅក្នុងគណបក្សរបស់លោក។

ការចរចាដោយសន្តិភាពជាមួយក្រុមបះបោរត្រូវពលរដ្ឋកូឡុំប៊ីជំទាស់តាមរយៈការបោះឆ្នោតស្ទង់មតិកាលពីថ្ងៃអាទិត្យគឺជាង៥០%បានថ្លែងថាមិនយល់ព្រម។

អតីតប្រធានាធិបតីកូឡុំប៊ី លោក Alvaro Uribe  ជំទាស់នឹងគម្រោងរដ្ឋាភិបាលបច្ចុប្បន្នក្នុងការផ្សះផ្សាជាមួយពួកបះបោរគឺមិនបានចូលរួមប្រជុំបក្សជាមួយលោក Santos ទេ តែលោកបានចាត់អ្នកតំណាង៣នាក់ឲ្យទៅចរចាជាមួយរដ្ឋាភិបាលបច្ចុប្បន្ន។

លោក Uribe បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភានិងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនិយមកណ្តាល ចង់ឲ្យមានការកាត់ទោសធ្ងន់ធ្ងរលើអ្នកបះបោរនិងបញ្ជូនទៅឃុំខ្លួនៅពន្ធនាគារ។

កិច្ចព្រមព្រៀងទំនាក់ទំនងដោយសន្តិភាពរវាងរដ្ឋាភិបាលនិងក្រុមបះបោរបានចុះហត្ថលេខាឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាជិត៤ឆ្នាំមកនេះ។ កិច្ចព្រមព្រៀងនោះបានបញ្ជាក់់ថា ពួកគេបញ្ចប់ជម្លោះដែលកើតឡើងនិងអូសបន្លាយ៥២ឆ្នាំមកនេះ។

ក្នុងដំណើរការបោះឆ្នោតស្ទង់មតិគេសង្ស័យថា ប្រជាពលរដ្ឋដែលយល់ព្រមមានចំនួនច្រើន ប៉ុន្តែដល់លទ្ធផលជាក់ស្តែងធ្វើឲ្យមានការភ្ញាក់ផ្អើល ព្រោះសំឡេង៥០,២%បានបោះឆ្នោតបដិសេធ។

សំឡេងឆ្នោតខុសគ្នា៥៤ ០០០ក្នុងចំណោមពលរដ្ឋជាង១៣លាននាក់ទៅបោះឆ្នោត។ លោក Santos ថ្លែងថា បើមិនមានផែនការបន្ទាប់ក្នុងបន្តការផ្សះផ្សារនោះ ជម្លោះមិនអាចបញ្ចប់បានឡើយ ខណៈចំនួនអ្នកស្លាប់បានកើនដល់ជាង២៦០ ០០០នាក់។

ទោះយ៉ាងណាក្រោយការប្រកាសលទ្ធផលនៃការស្ទង់មតិពលរដ្ឋមកទាំងក្រុមរដ្ឋាភិបាលរបស់លោក Santos និ ក្រុមបោះបះបោរបញ្ជាក់ថា ពួកគេនៅតែពិចារណាក្នុងការចរចាដោយសន្តិភាពក្នុងការបញ្ចប់សង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ