លោក កឹម សុខា នឹ​ងទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅសប្តាហ៍នេះ

លោក កឹម សុខា នាពេលកន្លងទៅ

លោក កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅសប្តាហ៍នេះ បើទោះជាលោកនៅជាប់បណ្តឺងពីតុលាការក៍ដោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ។

រហូតមកដល់ពេលនេះគឺមានរយៈពេលជាង៤ខែហើយដែលប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ស្នាក់នៅតែក្នុងស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ចទាក់ទងទៅនឹងសំណុំរឿងអាស្រូវស្នេហា។

តំណាងរាស្ត្របក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់វីអូឌី ថា លោក កឹម សុខា នឹងចេញទៅចុះឈ្មោះបោះឆ្នោតនៅក្នុងសប្តាហ៍នេះ តែលោកពុំបានបញ្ជាក់អំពីទីកន្លែង និងពេល វេលាឲ្យបានជាក់លាក់ឡើយទេ។

លោកមានប្រសាសន៍ថាគាត់ពុំបានបញ្ជាក់ដែរថាទៅចុះទីណានិងទៅថ្ងៃណា គ្រាន់តែលោកមានប្រសាសន៍ថានឹងអាចទៅចុះឈ្មោះ នៅសប្តាហ៍នេះ

នាយកប្រត្តិបតិអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិម៌ នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា លោក កឹម សុខា អាចមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែលោកក៍មិនច្បាស់ដែរថា លោកកឹម សុខាអាចនឹងត្រូវគេប្តឹងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដែរឬទេ ដោយសារតែច្បាប់របស់កម្ពុជាចែងហាក់ដូចជាទូលំទូលាយក្នុងការបកស្រាយ ។

លោកមានប្រសាសន៍ថា ធម្មតាគណៈបក្សនយោបាយគេនឹងប្តឹងនៅពេលបិទបញ្ជីដំបូង អញ្ចឹងចាំមើលការបកស្រាយអំពីលក្ខណ្ឌនៃអ្នកចុះឈ្មោះបោះឆ្នោតនៅក្នុងពន្ធនាគារអត់ទាន់មានការបកស្រាយច្បាស់លាស់ទេ ប៉ុន្តែស្តង់ដា ដែលគែគេអនុវត្តន៍កន្លងមកទាល់តែអ្នកនោះគេកាត់ទោសជាប់ពន្ធនាគារជាស្ថាពរ មានន័យថាទាល់តែកាត់ទោសពីតុលាការកំពូល ហើយជាស្ថាពរទៀត ប៉ុន្តែឥឡូវក្នុងច្បាប់ខ្មែរយើង យើងប្រើពាក្យស្ថានភាពក្នុងពន្ធាគារ វាមិនដឹងថាទាល់តែកាត់ទោសជាស្ថាពរហើយ ហើយទាល់តែនៅក្នុងពន្ធនាគារ ទៀត ឬមិនដឹងយ៉ាងម៉េចទេពាក្យខ្មែរ មិនដឹងច្បាប់គេទុកឲ្យបកស្រាយនឹងអាបង្កបញ្ហាដែរ

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បាននៅឡើយទេដោយទូរសព្ធលោកចូលតែពុំមានអ្នកទទួល។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅគ.ជ.ប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួនថា ពលរដ្ឋគ្រប់រូបរាប់ទាំងលោក កឹម សុខា ផងដែរដែលមានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់ គឺអាចចុះឈ្មោះបោះឆ្នោតបាន តែថាត្រូវទៅបង្ហាញមុខដោយផ្ទាល់នៅចំពោះមុខភ្នាក់ងារចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ