សមាជិក​សភាបក្សប្រឆាំង​នឹង​ប្រជុំ​គ្នាពីការ​វិល​ចូល​សភាវិញ

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កាលពីពេលកន្លងទៅ

សមាជិកសភាគណបក្សសង្គ្រោះជាតិបញ្ជាក់ថានៅរសៀលនេះតំណាងរាស្ត្របក្សសង្គ្រោះជាតិ នឹងប្រជុំគ្នាពីការវិលត្រលប់ចូលទៅប្រជុំសភាវិញ និងបញ្ជាក់ពីថ្ងៃដែលលោកកឹមសុខា ទៅចុះឈ្មោះបោះឆ្នោត។

កាលពីថ្ងៃទី២០ កញ្ញាកន្លងទៅ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិអះអាងថា នឹងពិចារណាចូលប្រជុំសភាពេញអង្គឡើងវិញនៅខែតុលានេះដោយថាដើម្បីបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយ និងកោះហៅរដ្ឋមន្ត្រីមួយចំនួនក្នុងការសាកសួរទាក់ទងទៅនឹងការបំពេញមុខងាររបស់ខ្លួន។

នៅព្រឹកនេះបន្ទាប់ពីចេញពីបន្ទប់ប្រជុំគណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារួចមក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញឫទ្ធិ បានថ្លែងប្រាប់អ្នកការសែតថាគណបក្សខ្លួន និងរៀបចំប្រជុំតំណាងរាស្ត្ររបស់ខ្លួនក្នុងការវិលត្រលប់ចូលប្រជុំសភាវិញ និងអំពីថ្ងៃដែលលោកកឹម សុខាទៅចុះឈ្មោះបោះឆ្នោត។

លោកមានប្រសាសន៍ថា ល្ងាចនេះសមាជិកសភាគណបក្សសង្គ្រោះជាតិ និងមានកិច្ចប្រជុំមួយ ហើយនិងប្រជុំពីការប្រជុំសភាពេញអង្គនេះយ៉ាងណាគឺនៅល្ងាចនេះ ហើយហ្នឹងបញ្ជាក់ពីឯកឧត្តមកឹម សុខាគាត់ទៅចុះឈ្មោះបោះឆ្នោតថ្ងៃណាក៏ហ្នឹងបញ្ជាក់ផងដែរនៅល្ងាចនេះ

កាលថ្ងៃទី ១៩កញ្ញា កន្លងទៅលោក ហ៊ុន សែន បានថ្លែងថា លោកនឹងមិនចរចារនោះទេ បើបក្សប្រឆាំងគំរាមបាតុកម្ម ដោយលោកបញ្ជាក់ថាកន្លែងចរចារមានតែមួយគត់គឺរដ្ឋសភា។

លោកមានប្រសាសន៍ថ្លែងថា៖ គំរាមគេធ្វើបាតុកម្មដើម្បីចរចា! អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់ ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយឲ្យស្រួល បាតុកម្ម! ចរចា! បើអញចរចា ឆ្កែសុទ្ធហាស! ប្រាប់ឲ្យហើយទៅ!…កន្លែងតែមួយគត់ គឺសភា

គួរបញ្ជាក់ថា កំដៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំង នៅពេលដែលតុលាការកាត់ទោសលោក កឹម សុខា ឲ្យជាប់ទោស៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទបដិសេធមិនចូលខ្លួនពាក់ព័ន្ធសំណុំរឿងស្នេហា។

ក្រោយពីមានការសម្រេចនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើបាតុកម្មអហិង្សា ដោយទាមទារឲ្យមានការពារសិទ្ធិសេរីភាពបញ្ចេញមតិ របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ