សមត្ថកិច្ចខេត្ដកំពង់ធំរងការចោទថាវាយពលរដ្ឋឲ្យរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍

សមត្ថកិច្ចចរាចរណ៍និងមន្ដ្រីប៉េអឹមប្រមាណ៩នាក់នៅស្រុកប្រាសាទបល័្លង ខេត្ដកំពង់ធំ រងការចោទថាវាយដំពលរដ្ឋម្នាក់ឲ្យរងរបួសធ្ងន់ធ្ងរ ខណៈជនរងគ្រោះបើកគោយន្ដទៅរក្សាទុកនៅគេហដ្ឋាន បន្ទាប់ពីដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ក្រៅប្រព័ន្ធច្បាប់។

លោក យិន ចំរើន នៅឃុំសាលាវិស័យ ដែលអះអាងថាឃើញហេតុការណ៍ផ្ទាល់ ប្រាប់វីអូឌីនៅព្រឹកថ្ងៃអង្គារនេះថា ប៉ូលីសចរាចរណ៍និងមន្ដ្រីប៉េអឹមចំនួន៩នាក់នៃស្រុកប្រាសាទបល្ល័ង ខេត្ដកំពង់ធំ ប្រដាប់ដោយកំាំភ្លើង២ដើម ជិះរថយន្ដទៅវាយអ្នកភូមិម្នាក់ដល់ផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរកាលពីរសៀលថ្ងៃទី១ខែតុលានេះ។

សាក្សីរូបនោះបន្ដថា សមត្ថកិច្ចបានវាយដំលើផ្ទៃមុខនិងទាត់ធាក់យ៉ាងខ្លាំង ព្រមទាំងអាមេកាំភ្លើងគម្រាមបាញ់ផងដែរ ខណៈពលរដ្ឋមកចោមរោមជួយជនរងគ្រោះដែលសមត្ថកិច្ចចោទថាមិនយកគោយន្ដទៅរក្សាទុកនៅអធិការស្រុក ក្រោយដោះស្រាយសំណងគ្រោះថ្នាក់ចរាចរណ៍ក្រៅប្រព័ន្ធច្បាប់៖ “ទិត សុធា ហ្នឹងបើកថាឡេថងដល់ផ្ទះពួកប៉ូលិស គេបើកឡានមកតាមពីក្រោយកម្លាំងមួយឡាន គេមានទាំងប៉េអឹម មានទាំងប៉ូលិស មានទាំងកាំភ្លើងទៀតហ្នឹង មកដល់ចុះពីឡានរត់វ៉ៃគ្នាម៉ង គ្នាមិនទាន់ចុះពីថាឡេថង ថាយើងហ្នឹងឈ្លើយ គេឲ្យចូលទៅកន្លែងស្រុកអត់ចូល ប៉ុន្ដែជនរងគ្រោះគាត់អត់ដឹងផងថាឡេថង យើងដោះស្រាយប្រគល់លុយជនរងគ្រោះហើយយកមកផ្ទះវិញហើយ“។

ម្ដាយជនរងគ្រោះគឺអ្នកស្រី គឹម ឆេង ឲ្យដឹងថាកូនរបស់គាត់ឈ្មោះ ទិត សុធា អាយុ១៧ឆ្នាំ រស់នៅភូមិគគី ស្រុកសាលាវិស័យ បានរងរបួសធ្ងន់ធ្ងរ និងបានបញ្ជូនទៅព្យបាលនៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃ ដែលថាមកដល់ថ្ងៃនេះមិនទាន់ជាស្បះស្បើយនៅឡើយទេ។ អ្នកស្រីថាគ្រួសារគាត់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ដើម្បីទាមទារឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់និងដោះស្រាយសំណងជំងឺចិត្ដដល់ជនរងគ្រោះ។

អ្នកស្រីបន្ដថា៖”បងអើយវាយដំគ្នាឡើងហើមកឡើងដាក់សេរ៉ូមអស់២សែនរៀល វ៉ៃនឹងដៃ ហើយនឹងដាល់កាំភ្លើងគេពីរដើមកាំភ្លើងខ្លីមិនប៉ុន្មានទេ សៀតនឹងចង្កេះចុះមកវ៉ៃតែម្ដង ខ្ញុំទៅអបកូនឱប ហើយប៉ូលិសនៅតែវ៉ៃទៀតបងប្អូនមកច្រើនជួយហើយជួយទៅប៉ូលិសទាញកាំភ្លើងច្រោកច្រាកៗគម្រាមយកតែម្ដងហើយករឈឺដើមទ្រូងឈឺចុងដង្ហើម“។

ករណីនេះអធិការនគរបាលស្រុកប្រាសាទបល្ល័ងលោក ផល ធឿន មានប្រសាសន៍ថាការកើតមានប្រទុសរាយគ្នានេះ ដោយសារពលរដ្ឋព្យាយាមបើកគោយន្ដរត់គេចខ្លួនមិនព្រមដោះស្រាយសំណងដល់ភាគីម៉ូតូភ្លាមៗករណីគ្រោះថ្នាក់ចរារចរណ៍ ប៉ុន្ដែលោកបដិសេធការប្រើហិង្សានិងប្រើអាវុធគម្រាមពលរដ្ឋ។ លោកថាសមត្ថកិច្ចគ្រាន់គ្រៀកជនរងគ្រោះដើម្បីឲ្យយកវត្ថុតាងទៅដោះស្រាយនៅអធិការស្រុក ប៉ុន្ដែមានអ្នកញុះញង់ឲ្យពលរដ្ឋមួយចំនួនតដៃជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ចការពារខ្លួន។

លោកបញ្ជាក់ថា៖ “គាត់មកច្រើនគ្នាចឹងរំដោះយកទៅវិញចឹងណា ហើយគាត់ចោទប្រកាន់ថាវ៉ៃដំ។ បើវ៉ៃនោះ មនុស្សម្នាក់ជាមួយកម្លាំងស្ទើ១០នាក់ម៉េចទៅរួចសម្លប់ស្ដូកបាត់ហើយ ប៉ុន្ដែដល់ពេលគាត់រំអួយចោទប្រកាន់ធ្ងន់ធ្ងរមកលើសមត្ថកិច្ចយើងថាវ៉ៃដំច្រំធាក់អីណាណីហូរហែរគាត់ទាញរកផ្លូវត្រូវរបស់គាត់ វាពិតមែនហើយ ប៉ុន្ដែអ្វីដែលយើងធ្វើមានការខុសឆ្គងមិនដល់ថ្នាក់ធ្ងន់ធ្ងរពេកទេ ការខុសឆ្គងហ្នឹង ប៉ុន្ដែយើងបានសម្របសម្រួលសុំទោសពៃជាមួយគាត់ចប់ហើយបាទ“។

បើតាមសាក្សីកាលពីថ្ងៃទី១ ខែតុលា អ្នកភូមិម្នាក់ឈ្មោះ ហាន ម៉ៅ បើកគោយន្ដបុកម៉ូតូមួយគ្រឿងដែលចតទុកនៅកន្លែងលេងទឹកមួយកន្លែងនៅក្នុងស្រុកប្រាសាទបល្ល័ង ខេត្ដកំពង់ធំ ប៉ុន្ដែភាគីម្ចាស់ម៉ូតូបានទទួលយកសំណង១លានរៀលក្រៅប្រព័ន្ធច្បាប់ ដែលថាក្នុងហេតុការណ៍នោះក៏មានសមត្ថកិច្ចចរាចរណ៍ផងដែរ។ សាក្សីដដែលបន្ដថា ក្រោយពីមានដំណោះស្រាយរួចហើយនោះ ឈ្មោះ ទិត សុធា ជាអ្នកភូមិជាមួយគ្នាបានបើកគោយន្ដនោះទៅរក្សាទុកនៅផ្ទះរបស់ខ្លួន ស្រាប់តែសមត្ថកិច្ចតាមវាយដល់ផ្ទះ ដោយចោទថាមិនយកភស្ដុតាងទៅដោះស្រាយនៅអធិការស្រុកទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ