លោក កឹម សុខា ទៅ​ចុះឈ្មោះបោះឆ្នោតនៅការិយាល័យលិចទឹក

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោតព្រឹកថ្ងៃទី៥ តុលា (ប្រភពហ្វេសប៊ុក)

លោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដែលជាការិយាល័យលិចទឹកនៅតាមផ្លូវចូល។

លោកមានទីលំនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងមួយទៀតនៅសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ប៉ុន្តែលោកទៅចុះឈ្មោះនៅការិយាល័យដែលមិនមែនជាទីលំនៅរបស់លោកបានដោយយោងតាមច្បាប់បោះឆ្នោតគឺត្រូវមានសាក្សីជួយបញ្ជាក់។

អ្នកគាំទ្រលោក កឹម សុខា រាប់រយនាក់បានជូនដំណើរប្រធានស្តីទីគណបក្សប្រឆាំងរូបនេះទៅចុះឈ្មោះបោះឆ្នោតនៅព្រឹកថ្ងៃពុធនេះ ខណៈលោកបានស្នាក់នៅតែក្នុងទីស្នាក់បក្សជិត៥ខែក្រោយពីសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួន។

ក្រោយត្រឡប់ពីចុះឈ្មោះបោះឆ្នោតវិញ លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅទីស្នាក់ការបក្សថា លោកចង់ឲ្យបរិយាកាសនយោបាយវិលទៅរកប្រក្រតីភាពឡើងវិញ។

ខ្ញុំចង់ឲ្យមានដំណោះស្រាយនយោបាយដោយសន្តិវិធី ដោយអហិង្សា សំណោះស្រាយនយោបាយដើម្បីសម្រេចឲ្យបាននូវបរិយាកាសដែលមានភាពប្រក្រតីស្មើភាព បរិយាកាសនយោបាយដែលយើងចង់បាននោះ គឺជាបរិយាកាសដើម្បីឲ្យគ្រប់ភាគីនយោបាយទំាងអស់អាចចូលរួមបោះឆ្នោតដោយសេរី ត្រឹមត្រូវ ហើយឲ្យប្រជាពលរដ្ឋដែលម្ចាស់ឆ្នោតគឺមានសិទ្ធិធ្វើសេចក្តីសម្រេចដោយសេរីនិងត្រឹមត្រូវ ។

ការចាកចេញពីទីស្នាក់បក្សរបស់លោក កឹម សុខា គឺក្រោយពីលោក ហ៊ុន សែន បានប្រកាស “បទឈប់បាញ់” នយោបាយក្នុងអំឡុងពេលបុណ្យភ្ជុំ។

ការប្រកាសនេះធ្វើឡើងក្រោយពីសហគមន៍អន្តរជាតិចំនួន៣៦ប្រទេស មានទាំងមហាអំណាចសេដ្ឋកិច្ច និងប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍រួម ទទួចឲ្យរដ្ឋាភិបាលកម្ពុជាធានាការពារតួនាទីគណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅកម្ពុជា។

លោក កឹម សុខា អះអាងថា ការដែលលោកបន្តស្នាក់នៅតែក្នុងបក្សជាង៤ខែមកនេះគឺជាការតស៊ូបែបអហិង្សាឲ្យមានដំណោះស្រាយដោយសន្តិវិធី។

គឺដើម្បីធ្វើការតស៊ូមតិ ដើម្បីទាមទាររកដំណោះស្រាយនយោបាយ ដើម្បីវិលទៅរកភាពប្រក្រតីវិញ ដូច្នេះគ្រប់ច្រកណាក៏ដោយឲ្យតែអាចឈានទៅរកដំណោះស្រាយនយោបាយ វិលទៅរកភាពប្រក្រតីឡើងវិញ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចំាងពីឆន្ទះប្រជាពលរដ្ឋ គណបក្សសង្គ្រោះជាតិត្រូវតែធ្វើដំណើរទៅហ្នឹង

កំដៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងនៅពេលដែលតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀលពីបទបដិសេធមិនចូលខ្លួនពាក់ព័ន្ធសំណុំរឿងស្នេហា។

ក្រោយពីមានការសម្រេចនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើបាតុកម្មដោយទាមទារឲ្យមានការពារសិទ្ធិសេរីភាពបញ្ចេញមតិ របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ