ប្រទេសវៀតណាម បានប្រកាសចាត់ទុកក្រុមសកម្មជនមួយមានមូលដ្ឋាននៅអាមេរិក ជាអង្គការភេរវកម្ម និងបានព្រមានថា ជនជាតិវៀតណាមណាដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងក្រុមនេះ នឹងត្រូវចាត់ទុកជាជនសមគំនិត និងត្រូវផ្តន្ទាទោស។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុម Viet Tan ឬគណបក្សកំណែទម្រង់វៀតណាម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានជ្រើសរើស និងហ្វឹកហ្វឺនកម្លាំងសម្ងាត់ ឲ្យប្រើប្រាស់អាវុធ និងគ្រឿងផ្ទុះ។
វៀតណាមបានដឹងពីសកម្មភាពរបស់ក្រុម Viet Tan ដោយហៅក្រុមនេះថា “ក្រុមជ្រុលនិយម” ប៉ុន្តែ នេះគឺជាលើកដំបូងហើយដែលរដ្ឋាភិបាលក្រុងហាណូយចាត់ទុកក្រុមនេះជាអង្គការភេរវកម្ម។
ក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ក្រុម Viet Tan បានហ្វឹកហ្វឺនសមាជិកឲ្យធ្វើសកម្មភាពបះបោរនានា ការចាប់ជំរិត និងធ្វើឃាត និងរៀបចំដើម្បីឆ្មក់ចូលប្រទេសវៀតណាម ដើម្បីរៀបចំការតវ៉ា និងបង្កអំពើហិង្សា៕