អាជ្ញាធរស្រុកក្រឡាញ់ ខេត្ដសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះបានរារាំងជាថ្មីទៀតនូវក្រុមយុវជនគណបក្សប្រឆាំងចំនួន ៤០នាក់ ខណៈពេលពួកគេកំពុងផ្សព្វផ្សាយសារនៃការចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
កាលពីខែកញ្ញាកន្លងទៅនេះ អាជ្ញាធរខេត្ដសៀមរាបបានរារាំងម្ដងរួចមកហើយនូវក្រុមយុវជន៦០នាក់ដែលបានដង្ហែផ្សព្វផ្សាយសាររបស់ គ.ជ.ប ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដូចគ្នានេះដែរ ក្រោមហេតុផលថាគ្មានច្បាប់អនុញ្ញាតិ។

តំណាងក្រុមយុវជន លោក ជិន សុខងិន បានប្រាប់វីអូឌីថាកម្លាំងសមត្ថកិច្ចចម្រុះប្រហែល៣០នាក់បានរារាំងក្រុមយុវជនរបស់លោកអំឡុងពេលពួកគេដើរផ្សព្វផ្សាយសាររបស់ គ.ជ.ប ដើម្បីជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត បើទោះបីលោកបានស្នើសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានរួចហើយក្ដី។
លោកចាត់ទុកសកម្មភាពរារាំងរបស់អាជ្ញាធរនេះជាទង្វើមួយមិនចង់ឲ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត។
បើតាមលោក ជិន សុខងិន ពលរដ្ឋមួយចំនួននៅមិនទាន់យល់ដឹងពីការចុះឈ្មោះបោះឆ្នោតនៅឡើយទេ ដែលជាមូលហេតុជំរុញឲ្យក្រុមលោករៀបចំការផ្សព្វផ្សារខ្លឹមសារនៃការចុះឈ្មោះការបោះឆ្នោតនេះ។
លោកបន្ដថា៖ “រាល់លិខិតរដ្ឋបាលនេះ ខ្ញុំបានបញ្ជូនទៅដល់ពួកគាត់ ហើយពួកគាត់ បែរជាបញ្ជាឲ្យសមត្ថកិច្ចឲ្យរារាំងទៅវិញ។ សារនេះ ជាសារទាំងស្រុងរបស់ គ.ជ.ប ។ យើងធ្វើនេះស្របទៅហ្នឹងសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែរ ហើយ គ.ជ.ប ក៏ថ្លែងអំណរគុណដល់គណបក្សនយោបាយដែលបានចូលរួមឃោសានាផងដែរ ”។
ទាក់ទងនឹងករណីនេះ អភិបាលស្រុកក្រឡាញ់លោក ជឿន ជាន អះអាងថាលោកទទួលបានលិខិតស្នើសុំធ្វើយុទ្ធនាការនេះ ប៉ុន្តែ លោកបានចាត់ទុកក្បួនដង្ហែនោះខុសនីតិវិធី គ.ជ.ប ដោយសារក្រុមយុវជនមិនបានស្នើសុំការអនុញ្ញាតពីថ្នាក់ឃុំដល់ថ្នាក់ស្រុក។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្ដសៀមរាបលោក ចៅ ល័ក្ខវណ្ណា ធ្លាប់មានប្រសាសន៍ថា ការផ្សព្វផ្សាយឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតនេះ មិនតម្រូវឲ្យមានការសុំច្បាប់អនុញ្ញាតនោះទេ។ លោកបន្តថា ក្បួនដង្ហែរនេះផ្សព្វផ្សាយសារស្ដីពីការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
លោកបានទទួចឲ្យអាជ្ញាធរបើកទូលាយពីការផ្សព្វផ្សាយច្បាប់ គ.ជ.ប ដើម្បីឲ្យពលរដ្ឋយល់ដឹងពីថ្ងៃចុះឈ្មោះនិងថ្ងៃបញ្ចប់ពីការចុះបោះឆ្នោត។
គ.ជ.ប បានប្រកាសថាមានប្រជាពលរដ្ឋជិត៥លាននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល៣៨ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាននិងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃចាប់ពីដើមខែកញ្ញារហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ៕