ស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល បានប្រកាសថា ពុំមានពលរដ្ឋកម្ពុជាណាម្នាក់នៅទីនោះ រងគ្រោះដោយសារព្យុះទីហ្វុង Chaba ដ៏ខ្លាំងក្លាយមួយ ដែលបានវាយប្រហារតំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសនេះ កាលពីថ្ងៃទី០៥ ខែតុលាកន្លងមកថ្មីៗនេះនោះទេ។
សារព័ត៌មាន BBC កាលពីថ្ងៃទី០៦ ខែតុលាកន្លងមកនេះ បានផ្សាយថា មនុស្សយ៉ាងតិច ៦នាក់ បានស្លាប់ បន្ទាប់ពីព្យុះទីហ្វុង Chaba បានបោកបក់ទៅលើប្រទេសកូរ៉េខាងត្បូង។ BBC បានបន្តថា ទីក្រុងប៊ូសាន និងអ៊ុលសាន ស្ថិតនៅភាគខាងត្បូងប្រទេសនេះ បានទទួលរងគ្រោះធ្ងន់ធ្ងរបំផុត ខណៈប្រព័ន្ធដឹកជញ្ជូន សាលារៀន រោងចក្រឧស្សាហកម្ម និងកំពង់ផែសំខាន់ៗរបស់ប្រទេសនេះ បានផ្អាកដំណើរការរបស់ពួកគេ។
ខណៈដែលមានប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងនោះ អគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថា ពុំមានពលរដ្ឋកម្ពុជាណាម្នាក់ដែលកំពុងរស់នៅលើទឹកដីនោះ បានរងគ្រោះដោយសារព្យុះទីហ្វុងនេះនោះឡើយ។
លោក ឡុង ឌីម៉ង់ បានបន្តថា ព្យុះទីហ្វុង Chaba បានសម្លាប់ពលរដ្ឋកូរ៉េខាងត្បូង ៧នាក់ និង ៣នាក់ទៀតកំពុងបាត់ខ្លួន ហើយវាបានបំផ្លិចបំផ្លាញផ្ទះសម្បែង ៥០០ខ្នង ហាងលក់ទំនិញ ១៥០កន្លែង និងរថយន្តជាង ១ពាន់គ្រឿង៕