អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះ បានច្រានចោលនូវការចោទប្រកាន់ពីសំណាក់តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ដែលបានថ្លែងថាគណបក្សកាន់អំណាចជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី។
កាលពីថ្ងៃទី០៧ ខែតុលា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់ បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីនោះ។
ក្រុមអ្នកតវ៉ាដែលដឹកនាំដោយតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម បានចោទប្រកាន់គណបក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជាថា ជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក នៅកណ្ដាលរាជធានីភ្នំពេញ។
ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០៧ ខែតុលា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចោទប្រកាន់ពីសំណាក់លោក ហុង លីម ជាសម្ដីចោទប្រកាន់ដ៏ “ថោកទាប” និងគ្មានភស្តុតាង។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់ថា៖ “គណបក្សប្រជាជនកម្ពុជា ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ថ្កោលទោសការសម្លាប់បណ្ឌិត កែម ឡី និងអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចបន្តគ្រប់នីតិវិធី ដើម្បីចាប់ខ្លួនជនល្មើស និងអ្នកពាក់ព័ន្ធ”។
ទោះជាយ៉ាងណា អ្នកពាក់ព័ន្ធនឹងករណីឃាតកម្មនេះ មិនទាន់ត្រូវបានសមត្ថកិច្ចរកឃើញនៅឡើយទេ បើទោះបីជាខ្មាន់កាំភ្លើងឈ្មោះ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗក្រោយការបាញ់ប្រហារនោះក៏ដោយ៕