កាលពីសប្ដាហ៍មុន សកម្មជនចលនាប្រជាធិបតេយ្យហុងកុង យុវជន ចូហួ វ៉ុង ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន មិនឲ្យចូលក្នុងប្រទេសថៃ ហើយមានសេចក្ដីការណ៍ថា អាជ្ញាធរថៃធ្វើដូច្នេះ ដោយសារមានសម្ពាធពីរដ្ឋាភិបាលចិន។ ប៉ុន្តែ នៅថ្ងៃនេះ អ្នកកាទូតចិន ត្រូវទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្ដីចុះផ្សាយថា គឺរដ្ឋាភិបាលថៃតែម្ដងដែលបានសម្រេចចិត្តឃាត់ខ្លួនសកម្មហុងកុងរូបនេះ។
សកម្មជនចលនាប្រជាធិបតេយ្យ ចូហួ វ៉ុង អាយុ ១៩ឆ្នាំ ដែលបានជួយរៀបចំការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងកាលពីឆ្នាំ២០១៤នោះ ត្រូវបានតម្រួតថៃឃាត់ខ្លួននៅទីក្រុងបាងកក ខណៈពេលដែលយុវជនរូបនេះ ត្រូវបានអញ្ចើញឲ្យទៅថ្លែងទៅកាន់និស្សិតនៅឯសាកលវិទ្យាល័យជូឡាឡុងកន អំពី “ចលនាឆ័ត្រ” និងការបង្កើតគណបក្សនយោបាយ។
បើតាម Reuters ករណីនេះ បានបំផុសនូវចំណោទអំពីការលូកដៃរបស់ចិនចូលកិច្ចការនយោបាយទីក្រុងហុងកុង ដែលទទួលបានស្វ័យភាពពីប្រទេសក្រោមរូបមន្ត “ប្រទេសមួយ ប្រព័ន្ធពីរ” និងអំពីឥទ្ធិពលចិន ទៅលើរដ្ឋាភិបាលយោធាថៃ។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក លី ប៉ាវតុង បានថ្លែងប្រាប់ Reuters ថា ចិនប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពប្រទេសដទៃ មិនថាប្រទេសនោះធំ ឬតូចនោះឡើយ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ការបណ្ដេញសកម្មជនហុងកុងចេញពីប្រទេសថៃ គឺជារឿងរបស់ចិន មិនមែនសម្រាប់ថៃនោះឡើយ៕