តុលាការកម្ពុជាបានកោះហៅប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី២៤ ខែតុលានេះ ជុំវិញសំណុំរឿងសូកប៉ានសាក្សី។
ក្នុងដីកាកោះចុះថ្ងៃទី៧ ខែតុលា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានបង្គាប់ឲ្យលោក ធន សារ៉ាយ ចូលទៅតុលាការនៅព្រឹកថ្ងៃទី២៤ ខែតុលា ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សី។
សូមបញ្ជាក់ថាមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីដើមខែឧសភាកន្លងមកនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។
ចំណែកមន្ត្រីរៀបចំការបោះឆ្នោត លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកនោះក៏ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី៕









