សង្គមស៊ីវិលថ្កោលទោសអាជ្ញាធររដ្ឋាភិបាលករណីវាយអ្នកការពារសិទ្ធិមនុស្ស

អង្គការសមាគមចំនួន៦០បានប្រកាសថ្កោលទោសអាជ្ញាធររដ្ឋាភិបាលដែលបានប្រើអំពើហិង្សាវាយតប់មន្ត្រីអ្នកការពារសិទ្ធិមនុស្សនិងសកម្មជនដទៃទៀតនៅពេលពួកគេចូលរួមដើហែក្បួនដោយសន្តិវិធីប្រារព្វទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ។

កាលពីថ្ងៃទី១០ខែតុលាម្សិលមិញ សកម្មជនដីធ្លីនិងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណជា៧០០នាក់ ពួកគេបានចូលរួមប្រារព្វទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិដែលធ្វើឡើងនៅអតីតតំបន់បណ្តេញចេញមួយជិតមន្ទីររដ្ឋសភា។

ប៉ុន្តែអ្នកចូលរួមទាំងនោះមួយចំនួនបានរងរបួសបែកក្បាលនិងខ្លះទៀតរងរបួសលើផ្ទៃមុខ ក្នុងនោះមានមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូដ៏លិចថ្លោម្នាក់គឺលោក អំ សំអាត ផងដែរ ក្រោយពីអាជ្ញាខណ្ឌដូនពេញចូលទៅបំបែកនិងប្រើហិង្សាលើក្រុមអ្នកតវ៉ា។

សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១០ខែតុលា មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា CCHR សមាគមមន្ត្រីរាជការកម្ពុជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា CHRAC និងអង្គការឃ្លាំមើលការបោះឆ្នោត COMFRELជាដើម បានលើកឡើងថា ការវាយប្រហារនេះជាឧទាហរណ៍មួយទៀតបង្ហាញថាជាការកើនឡើងនៃការរឹតត្បិតបរិយាកាសនៃការប្រើប្រាស់សេរីភាពជាមូលដ្ឋានដោយសន្តិវិធីនៅក្នុងប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងទៀតថា ការហាមឃាត់នេះ ជារូបភាបមួយទៀតបញ្ជាក់ថា រដ្ឋាភិបាល បានព្យាយាមបំបិទសំឡេង អ្នករិះគន់គោលនយោបាយរដ្ឋាភិបាល និងថាចំណាត់ការនេះ ជាការរឹតត្បិតសិទ្ធិសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។

អង្គការសមាគមទាំងនោះ បានថ្កោលទោសថា ចំណាត់ការនោះ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងទាមទារឲ្យអាជ្ញាធរនាំយកបុគ្គលដែលបានប្រើអំពើហិង្សាទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់។

ជាងនេះទៅទៀតក្រុមអង្គអង្គការសមាគមដែលចេញសេក្តីថ្លែងការណ៍នោះ ក៏បានទទួចឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០នេះ លើកឡើងពីបញ្ហាការបន្តប្រើប្រាស់អំពើហិង្សាជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនេះ ទៅជជែកជាមួយរដ្ឋាភិបាលឲ្យធានាពីសេរីភាពបញ្ចេញមតិនិងសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធី។

 

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាណាដា បានច្រានចោលនូវការចោទថាក្រុមសន្តិសុខបានប្រើហិង្សាទៅលើមន្ត្រីការពារសិទ្ធិមនុស្សនិងក្រុមអ្នកប្រារព្វពិធីនេះ មន្ត្រីសាលារាជធានីភ្នំពេញរូបនោះ បានទម្លាក់កំហុសទៅលើមន្ត្រីសង្គមស៊ីវិលថា ព្រឹត្តិការដែលកើតឡើងកាលពីម្សិលមិញ ដោយសារតែអ្នកប្រារព្វពិធីមិនគោរពតាមស្មារតីនៃកិច្ចប្រជុំបានឯកភាពគ្នារួចហើយ។

លោកថា៖ «វាមិនមែនជាហិង្សាទេ អានេះវាជាការប៉ះទង្គិចដោយចៃដន់ បើសិនជាបងប្អូនសង្គមស៊ីវិលធ្វើទៅតាមការណែនាំ នូវអ្វីដែលបានឯកភាពគ្នាក្នុងអង្គប្រជុំ កាលពីសប្តាហ៍មុននឹងមិនអាចកើតមាន ករណីនេះកើតមានឡើងទេ»។

អ្នកឯកទេសនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថាបើពិនិត្យពីហេតុការណ៍ដែលបានកើតឡើងលោកថា រដ្ឋាភិបាលហាក់អសមត្ថភាពក្នុងការបំពេញតួនាទីរបស់ខ្លួនធានាដល់សិទ្ធិបញ្ចេញមតិ របស់ពលរដ្ឋដែលមានចែងនៅក្នុងច្បាប់។

បើតាមលោក ចាន់ វិបុល នៅពេលដែលរដ្ឋគ្មានលទ្ធភាពបង្កភាពងាយស្រួលដល់ការប្រើប្រាស់សិទ្ធិដែលមានចែងនៅក្នុងច្បាប់ ហើយបែរជាទៅបង្ក្រាបឬទៅរារាំងលោកថា ជាចំណាត់ការរំលោភសិទ្ធិមនុស្ស។

លោកថា៖ «ភាពឆកល្វែងនៃការបំពេញមុខងាររបស់រដ្ឋដែលរដ្ឋមានតួនាទី៣គឺគោរពនិងការពារបំពេញសិទ្ធិ របស់ប្រជាពលរដ្ឋ អញ្ចឹងមានន័យថា រដ្ឋបានរំលោភទៅលើមុខងារ របស់ខ្លួនហើយ ការរំលោភមុខងារ របស់ខ្លួននេះ គឺមិនបានគោរពទៅនឹងលក្ខណការពារសិទ្ធិមនុស្សទេ។ ពីព្រោះមុខងារ របស់រដ្ឋគឺត្រូវបំពេញ និងការពារសិទ្ធិមនុស្ស អញ្ចឹងបើយើងមើលក្របខ័ណ្ឌនៃសិទ្ធិមនុស្សនេះ មានន័យថា រដ្ឋាភិបាល លោកបានបំពានទៅលើការប្រើប្រាស់សិទ្ធិ របស់ប្រជាពលរដ្ឋហើយ ដែលសិទ្ធិនេះទទួលការពាដោយច្បាប់»។

លោកបណ្ឌិត ចាត់ វិបុល ផ្តល់ជាអនុសាសន៍ថា ដើម្បីរដ្ឋាភិបាលបំពេញតួនាទីបំរើពលរដ្ឋបានពេញលេញ លោកថា មានតែតំណាងរាស្ត្ររបស់គណបក្សទាំងពីរ ដែលមានអាសនៈក្នុងសភា ត្រូវរួមគ្នាពិនិត្យមើល ការអនុវត្តច្បាប់ឡើងវិញ ដើម្បីធានាថាបញ្ហាដែលកើតឡើងត្រូវបានយកទៅដោះស្រាយដោយតម្លាភាព។

ទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍រួមបានដកស្រង់សម្តីនាយិការងផ្នែកតស៊ូមតិនៃអង្គការលីកាដូ លោកស្រី ណាលី ពីឡូក មកចុះផ្សាយថា ករណីនេះអាចជាការពិបាកសម្រាប់តុលាការក្នុងការចាប់សន្តិសុខដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើសកម្មជនដីធ្លីនិងមន្ត្រីការពារសិទ្ធិមនុស្សមកផ្តន្ទាទោស ដោយថាករណីនេះជាលក្ខណៈប្រព័ន្ធដែលកើតមានឡើងដដែលៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ