មន្ត្រីរដ្ឋាភិបាលស្នើ​សុំយុត្តិធម៌ពី UN ថាដើម្បីបន្តការពារសិទ្ធិមនុស្សកុំឲ្យដូចរបបប៉ុលពត

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាស្នើសុំឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផ្តល់យុតិ្តធម៌ដល់ពលរដ្ឋនិងរដ្ឋាភិបាលដោយអះអាងថា ដើម្បីបន្តការពារសន្តិភាពនិងសិទ្ធិមនុស្សកុំឲ្យធ្លាក់ទៅដូចសម័យប៉ុលពត។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពជាចេញផ្សាយនៅថ្ងៃទី១១ខែតុលាបានឲ្យដឹងថា ក្នុងជំនួបរវាងលោក កែវ រ៉េមី ប្រធានស្ថាប័ននេះជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានជជែកផ្លាស់ប្តូរបទពិសោធន៍ពីការការពារលើកស្ទួយសិទ្ធិមនុស្ស។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងជំនួបកាលពីម្សិលមិញនោះ លោក កែវ រ៉េមី បានស្នើឲ្យតំណាងអង្គការសហប្រជាជាតិផ្តល់យុត្តិធម៌ដល់ពលរដ្ឋនិងរាជរដ្ឋាភិបាលកម្ពុជា ចំពោះស្ថានភាពសិទ្ធិមនុស្ស៖ “ស្នើសុំដល់លោកស្រី Rhona Smith ផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាចំពោះស្ថានភាពសិទ្ធិមនុស្សនិងសង្កត់ធ្ងន់ថា សន្តិសន្តិភាពជាមូលដ្ឋានគ្រិះនៃសិទ្ធិមនុស្ស ហើយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវបន្តស្ថិរភាព និរន្តភាពនៃសន្តិភាពហ្នឹង បើមិនអញ្ជឹងទេ សិទ្ធិមនុស្សនឹងសូន្យដូចក្នុងសម័យប៉ុលពតដែរ“។

ទោះយ៉ាងណា លោក កែវ រ៉េមី មិនបានបញ្ជាក់លម្អិតថាការស្នើសុំឲ្យផ្តល់យុត្តិធម៌ដល់រដ្ឋាភិបាលនោះជាយុតិ្តធម៌របៀបណានោះទេ។

របបប៉ុលពតចាប់ពីឆ្នាំ១៩៧៥ដល់១៩៧៩ជារបបមួយដែលគេចាត់ទុកថា ស្ថានភាពសិទ្ធិមនុស្សធ្លាក់ដល់ចំណុចសូន្យឬក្រោមសូន្យ ដោយសារការកាប់សម្លាប់ធ្វើទារុណកម្មមនុស្សក្រៅប្រព័ន្ធច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ