ខៀវ សានសាណា ​​វេចបង្វិចតាមប្ដីទៅអូស្រ្តាលី

លោក ​​Seraj Satton និងអ្នកនាង​​ ខៀវ សានសាណា (ដោយ វង្ស សុម៉ាលីន)

បើទោះជាមានកិច្ចការមមាញឹកក្នុងស្រុកមិនអាចដកឃ្លាបាន ពិធីការិនីអ្នកនាង ខៀវ សានសាណា នៅតែសម្រេចចិត្តចាកចេញទៅអូស្រ្តាលីតាមស្វាមីទាល់តែបាននៅសប្ដាហ៍នេះ ដោយអ្នកនាងថាដំណើរចាកចេញរបស់ខ្លួនគឺតែមួយរយៈប៉ុណ្ណោះ ដើម្បីទៅក្រេបទឹកឃ្មុំផងនិងទៅសួរសុខទុក្ខម្ដាយក្មេក ដែលជាស្ត្រីមេម៉ាយនៅអូស្រ្តាលីនោះផង។

ខៀវ សានសាណា ឲ្យដឹងថានៅតែថ្ងៃសៅរ៍ទី១៥ខែតុលានេះ អ្នកនាងនិងស្វាមី នឹងរើបង្វេចចេញទៅកាន់ប្រទេសអូស្រ្តាលីជាផ្លូវការហើយ ដែលនេះគឺជាគម្រោងទី១ក្នុងរយៈពេលដែលអ្នកនាងនិងស្វាមីស្រឡាញ់គ្នាតាំងពីមុនរៀបការមិនតិចជាង៣ឆ្នាំ។ អ្នកនាងថា រូបនាងនិងលោក Seraj Satton នឹងឡើងទៅអូស្ត្រាលីពេញមួយខែ ដោយរហូតដល់ពាក់កណ្ដាលខែវិច្ឆិកាទើបត្រឡប់មកវិញ។

ដោយគម្រោងចាកចេញនិងចោលការងារនៅស្ថានីយ៍ទូរទស្សន៍ក្នុងរយៈពេលនេះ អ្នកនាងថាមិនមែនដើម្បីទៅដើររឹតចំណងស្នេហ៍តែម្យ៉ាងនោះទេ គឺទៅបង្ហាញខ្លួនឲ្យម្ដាយបានក្មេកបានឃើញ បន្ទាប់ពីអ្នកនាងនិងស្វាមីបានស្គាល់និងបានរៀបការជាមួយគ្នា។

អ្នកនាងនិយាយថា៖ «ខ្ញុំទៅអូស្រ្តាលីជាមួយគាត់ហ្នឹង គឺទៅលើកទី១ ព្រោះម៉ាក់ក្មេកខ្ញុំគាត់ចង់ស្គាល់កូនប្រសារ ទើបសម្រេចចិត្តថាចោលការងារមួយខែសិន ដើម្បីទៅលេងគាត់»។

អ្នកនាងថាម្ដាយរបស់ស្វាមី មានវ័យប្រមាណជាជាង៨០ឆ្នាំហើយ ហើយដោយអ្នកស្រីមិនអាចធ្វើដំណើរមកមើលមុខកូនប្រសារដោយផ្ទាល់ ទើបអ្នកនាងត្រូវតែឡើងទៅលេងនិងឆ្លៀតពេលនៅមើលថែផង ក្នុងរយៈពេលមួយខែដែលអ្នកនាងចេញទៅប្រទេសអូស្រ្តាលី។ អ្នកនាងថាការងារនៅទូរទស្សន៍ My TV ត្រូវបានសុំថ្នាក់លើផ្ដល់ច្បាប់រួចហើយ ដោយគ្រប់កម្មវិធីដែលអ្នកនាងចេញមុខ នឹងត្រូវដាក់ជំនួសដោយពិធីការិនីផ្សេងទាំងអស់ ក្នុងអំឡុងដែលអ្នកនាងរើបង្វេចចាកចេញពីប្រទេសកម្ពុជា។

អ្នកនាងនិយាយថា៖ «ខ្ញុំទៅអូស្រ្តាលីហ្នឹង គឺទៅមួយខែ ដល់ចឹងការងារសំខាន់ៗនិងការងារទូរទស្សន៍ ខ្ញុំត្រូវទម្លាក់ចោលទាំងអស់ គឺសុំច្បាប់អស់ហើយ!»។

អ្នកនាងថាគម្រោងទៅអូស្រ្តាលីមិនមានផែនការបន្តពេលឬបង្ហួសទៅលេងប្រទេសផ្សេងបន្ថែមនោះទេ ដោយសារតែរយៈពេលជាង៣សប្ដាហ៍នៅលើប្រទេសនេះ គឺគ្រាន់តែដើរលេងខ្លះនិងដើរសួរសុខទុក្ខបងប្អូនសាច់ញាតិរបស់ស្វាមីផងគឺមិនគ្រាន់នោះផង។

អ្នកនាងនិយាយថា៖ «ទៅស្រុកប្ដីលើកនេះ អត់មានថាបង្ហួសទៅណាទេ គឺទៅលេងម៉ាក់ក្មេកគ្រួសារគាត់និងទៅដើរលេងនៅតាអូស្រ្តាលីទេ ព្រោះពួកខ្ញុំអត់សូវមានពេល ណាមួយសុំច្បាប់តែម៉ាខែហ្នឹង ខាតការងារឡើងម៉ាគនរហើយហ្នឹង ចឹងអត់មានគម្រោងពន្យារពេលអីទៀតទេ គឺបាត់មុខតែមកខែមកវិញហើយ»។

ខៀវ សានសាណា ថាខ្លួនទើបតែបញ្ចប់កិច្ចការនិងដើរកម្សាន្តនៅខេត្តសៀមរាបប៉ុណ្ណោះមុនពេលអ្នកនាងនិងស្វាមីចាកចេញទៅប្រទេសអូស្រ្តាលី។ ក្នុងនោះ គម្រោងយកកូនយកចៅក៏មិនទាន់មានផងដែរ ដោយសារតែនៅចង់ទំនេរពោះអោយបានយូរបន្តិច។

អ្នកនាងនិយាយថា៖ «ខ្ញុំនិងគាត់សុទ្ធតែមានកូនដូចគ្នា ចឹងពួកយើងអត់ទាន់គិតរឿងចង់បានកូនទេ ព្រោះរវល់នឹងរកលុយរៀងខ្លួន ចាំមើលសិន!»។

អ្នកនាងថាបុរសអូស្រ្តាលីជាស្វាមីតាមចិត្តនាងគ្រប់រឿង ទើបរឿងកូនចៅនិងរឿងផ្សេងៗ គឺអ្នកនាងជាអ្នកសម្រេចចិត្តដោយមិនមានចម្រូងចម្រាស់។ អ្នកនាងមានគម្រោងលុកលុយការងារក្នុងក្រុមហ៊ុនអចលនទ្រព្យរបស់ស្វាមីក្រោយពេលត្រលប់មកវិញ ដោយសារតែអ្នកនាងក៏មានចំណូលចិត្តលើមុខជំនួញនេះដែរ។ អ៊ីចឹងហើយទើបអ្នកនាងចំណាយពេល១ខែ នៅលើទឹកដីអូស្រ្តាលីអោយបានស្រឡះខ្លះឲ្យហើយ ដើម្បីក្រោយពេលត្រលប់មកវិញគឺរវល់វីនឹងការងារទូរទស្សន៍ ក៏ដូចជាមុខជំនួញរបស់ខ្លួនឲ្យបានខ្លាំងក្លាតែម្ដង។

ខៀវ សានសាណា ទទួលស្គាល់ថាដំណើរទៅអូស្រ្តាលីរបស់ខ្លួន មិនខុសពីគម្រោងទៅក្រេបទឹកឃ្មុំក្រោយពេលរៀបការ ប៉ុន្តែបើត្រឹមដើរលេង អ្នកនាងនឹងទៅតែមួយអាទិត្យប៉ុណ្ណោះដោយសារតែស្ដាយការងារ។ ប៉ុន្តែមកពីអ្នកនាងចង់ទៅកំដរម្ដាយក្មេកនិងបានបង្កាត់ភាពស្និទ្ធស្នាលអោយបានយូរ ទើបសម្រេចចិត្តទៅរយៈពេល១ខែ។ អ្នកនាងថាម្ដាយក្មេកនិងសាច់ញាតិរបស់ស្វាមីទទូចអោយអ្នកនាងទៅអូស្ត្រាលីច្រើនលើកមកហើយ ទើបអ្នកនាងយល់ថាឱកាសទៅមួយខែលើកនេះគឺនឹងធ្វើអោយអ្នកនាងនិងគ្រួសារខាងប្ដីមានទំនាក់ទំនងនាងកាន់តែប្រសើរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ